(ភ្នំពេញ)៖ ជាអនុប្រធានក្រុមការងារថ្នាក់កណ្តាល ចុះជួយស្រុកស្រីសន្ធរ ខេត្តកំពង់ចាម និងជាទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន គឺលោកឧកញ៉ា ឡូវ ហ៊ឹង បានទទូចឲ្យសកម្មជន គណបក្សប្រជាជនកម្ពុជា (CPP) ក៏ដូចជាអាជ្ញាធរទាំងអស់ ត្រូវបង្កើនការយកចិត្ត ទុកដាក់លើប្រជាពលរដ្ឋ កាន់ខ្លាំងថែមទៀត ពិសេសប្រជាពលរដ្ឋដែលមានជីវភាពក្រីក្រ ព្រមទាំងអំពាវនាវឱ្យពួកគាត់មិនត្រូវជឿការ ញុះញង់បោកប្រាស់ពីអ្នកដែល ដើរកុហកភូតភរ គ្មានការទទួលខុសត្រូវ ដាច់ខាត។
ការអំពាវនាវដ៏មុតមាំខាងលើនេះ ត្រូវបានធ្វើឡើងក្នុងពិធីជួបសំណេះសំណាលជាមួយមេភូមិ មេឃុំ ក្រុមប្រឹក្សាឃុំ និងក្នុងពិធីប្រកាស ទទួលស្គាល់សមាជិក CPP ថ្មី ចំនួន៥០រូបមកពីគណបក្សផ្សេងៗ នៅឃុំទងត្រឡាច ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៦។
អាជ្ញាធរមូលដ្ឋានភូមិ-ឃុំ បានលើកឡើងអំពីស្ថានភាពទូទៅ ដែលទាក់ទិនទៅនឹងជីវភាពរស់នៅ របស់ប្រជាពលរដ្ឋដូចជា ការងារបង្ក បង្កើនផលកសិកម្ម បញ្ហាសន្តិសុខស្បៀង និងការអនុវត្តគោលនយោបាយ ភូមិ-ឃុំមានសុវត្ថិភាព និងលទ្ធផលការងារកសាងពង្រីក សមាជិកបក្ស ដែលជាកម្លាំងស្នូលបង្គោលនៅក្នុងការងារនយោបាយ សតិអារម្មណ៍ និងជាកម្លាំងចលករយ៉ាងសំខាន់ក្នុងកិច្ចការស្តារ និងអភិវឌ្ឍន៍ភូមិឃុំ។
លោកបានថ្លែងថា «ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្តេចតេជោ ហ៊ុន សែន បានពង្រឹងសាមគ្គីគ្នាលើមាគ៌ានៃការ អភិវឌ្ឍន៍ ដើម្បីឈានទៅសម្រេចបាននូវសមិទ្ធិផល ជាច្រើនទៀត ដូចជា មណ្ឌលសុខភាព ប្រព័ន្ធធារាសាស្រ្ត ទំនប់ទឹក ប្រឡាយទឹក អគ្គិសនី ទឹកស្អាត ប្រព័ន្ធគមនាគមន៍ផ្លូងកៅស៊ូ ផ្លូវលំនៅតាមជនបទ ស្ពាន សាលារៀន ព្រះវិហារ ឧបដ្ឋានសាលា កុដិ របង ក្លោងទ្វារ ដែលជាការបង្កើតបាននូវសន្ទុះរីកចម្រើន ដែលធានាបាននូវការអភិវឌ្ឍន៍ប្រកបដោយ ចីរភាព កាត់បន្ថយភាពក្រីក្ររបស់ប្រជាជនដើម្បី ការស្តារនិងស្ថាបនាប្រទេស ប្រកបដោយវឌ្ឍនភាព»។
លោកឧកញ៉ា ឡូវ ហ៊ឹង បានដាក់អនុសាសន៍យ៉ាងហ្មត់ចត់មួយចំនួ ដល់ក្រុមប្រឹក្សាឃុំ និងសមាជិកថ្មី រួមមាន៖ ត្រូវយកចិត្តទុកដាក់ ទៅលើប្រជាពលរដ្ឋក្រីក្រ, ត្រូវចុះជួយដល់គ្រួសារក្រីក្រ ដែលមានភាពលំបាក, ជួយដោះស្រាយការលំបាករបស់ពួកគាត់ដែលជួប គ្រោះថ្នាក់ត្រូវការសង្រ្គោះបន្ទាន់ ឬស្រ្តីឆ្លងទន្លេ, ត្រូវមានទំនាក់ទំនងល្អជាមួយវត្តអារាម, ត្រូវលះបង់អាប្បកិរិយាឆ្មើងឆ្មៃលះបង់ ការប្រកាន់ឫកពារជាអ្នកធំ ដែលជាមូលហេតុធ្វើឲ្យប្រជាជនការអាក់អន់ចិត្ត។ ឆ្លើយតបនឹងការណែនាំខាងលើ តំណាងសមាជិកថ្មី បានប្ដេជ្ញាថា នឹងខិតខំអនុវត្តតាមអនុសាសន៍ដ៏ល្អៗនេះ ព្រមទាំងបានអំពាវនាវទៅប្រជាពលរដ្ឋ មិនត្រូវជឿការឃោសនាអាក្រក់ ភូតភរ កុហក សន្យាខ្យល់ ពុំដែលទទួលខុសត្រូវអំពីការសាងសង់ស្ពាន សាលារៀន ឬមន្ទីរពេទ្យ បានត្រឹមតែដើរបោកប្រាស់ឱ្យមានការឈ្លោះ បែកបាក់គ្នា រហូតដល់បាត់បងទ្រព្យសម្បត្តិជាដើម។
លើសពីនេះ លោកឧកញ៉ា ឡូវ ហ៊ឹង បានរៀបចំពិសារបាយសាមគ្គី ជាមួយសមាជិកថ្មីចំនួន៥០រូប, បានឧបត្ថម្ភថវិកាដល់គ្រួសារ អ្នកស្លាប់ចំនួន១៤នាក់, ឧបត្ថម្ភថវិកាដល់ក្រុមប្រឹក្សាឃុំទងត្រឡាច ចំនួន១០លានរៀល និង១លានរៀលទៀត ដល់ឃុំព្រះប្រសប់ នៃស្រុកខ្សាច់កណ្តាល ខេត្តកណ្ដាល៕