(ភ្នំពេញ)៖ តំណាងគណបក្សប្រជាជនកម្ពុជា រាជធានីភ្នំពេញ តាមរយៈសារវីដេអូ បានប្រកាសគាំទ្រ សាទរ និងវាយតម្លៃខ្ពស់ពីភាពជោគជ័យរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ចំពោះជោគជ័យដ៏ធំធេងជូនជាតិក្នុងឱកាសចូលរួម «មហាសន្និបាតអង្គការសហប្រជាជាតិ លើកទី៧៨» នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣។

តំណាងគណបក្សប្រជាជនកម្ពុជា រាជធានីភ្នំពេញ បានគូសបញ្ជាក់ថា តាមរយៈកិច្ចប្រជុំនេះសម្តេចធិបតី ហ៊ុន ម៉ាណែត បានបង្ហាញឱ្យអន្តរជាតិបានដឹងអំពីវឌ្ឍនភាពសង្គម និងសេដ្ឋកិច្ចរបស់កម្ពុជា និងបង្ហាញនូវជំហរដ៏មោះមុតចំពោះបណ្តាប្រទេសជាសមាជិកអង្គការសហប្រជាជាតិ ថាកម្ពុជាពិតជារដ្ឋឯករាជ្យ មានអធិបតេយ្យភាពពិតប្រាកដ។

តំណាងគណបក្សប្រជាជនកម្ពុជា រាជធានីភ្នំពេញ បានបន្ថែមថា សម្តេចធិបតី ហ៊ុន ម៉ាណែត បានទទួលជោគជ័យដោយបង្ហាញឱ្យសហរដ្ឋអាមេរិក យល់ពីកម្ពុជា និងបានផ្តល់ជំនួយមកកម្ពុជាវិញ ប្រមាណ១៨លានដុល្លារ ក្នុង១ឆ្នាំតាមរយៈ USAID ដែលកន្លងមកអាមេរិកជឿតាមពួកប្រឆាំងមួយក្តាប់តូចឱ្យផ្អាកជំនួយនេះ។

អំឡុងបេសកកម្មក្រៅប្រទេសនេះ សម្តេចធិបតី បានមានជំនួប និងកម្មវិធីសំខាន់ៗមួយចំនួន ដែលសម្រេចជាផ្លែផ្កាគួរឱ្យកត់សម្គាល់ ដែលក្លាយជាប្រធានបទសម្រាប់ប្រព័ន្ធផ្សព្វផ្សាយជាតិ និងអន្តរជាតិផងដែរ៕