(ពោធិ៍សាត់)៖ លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ ទុកពេល ១សប្តាហ៍ ឱ្យមន្ទីរធនធានទឹក និងឧតុនិយមខេត្ត សហការជាមួយអាជ្ញាធរមូលដ្ឋាន បើកផ្លូវទឹកដើម្បីបញ្ចៀសការលិចលង់លំនៅឋាន និងផលដំណាំ ស្របទៅតាមសំណូមពរ របស់ប្រជាពលរដ្ឋ ក្នុងភូមិតាលោ ឃុំតាលោ ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់។
លោក ខូយ រីដា បានដាក់ផែនការបែបនេះ បាធ្វើឡើងនៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣ ក្នុងឱកាសចុះទៅពិនិត្យស្ថានភាពជាក់ស្តែង បន្ទាប់ពីមានសំណូមពរ របស់ប្រជាពលរដ្ឋជិត៣០គ្រួសារ នៅក្នុងភូមិតាលោ ឃុំតាលោ ស្រុកតាលោសែនជ័យ ពាក់ព័ន្ធទៅនឹងការលិចលង់លំនៅឋាន និងផ្ទៃដីកសិកម្មប្រមាណ៥០ហិកតា មិនអាចបង្កបង្កើនផលអស់រយៈពេលជាង៣ឆ្នាំ ដោយសារការស្ថាបនាប្រឡាយស្ទាក់ផ្លូវទឹក។
លោកអភិបាលខេត្តពោធិ៍សាត់ បានបន្តថា ដោយពិនិត្យស្ថានភាពជាក់ស្តែង ឃើញថាផ្លូវទឹកតូច ទើបធ្វើឱ្យមានលិចលង់លំនៅឋាន និងដីស្រែចំការរបស់ប្រជាពលរដ្ឋ ហេតុនេះក្នុងនាមរដ្ឋបាលខេត្ត សូមឱ្យមន្ទីរធនធានទឹក និងឧតុនិយមខេត្ត រួមជាមួយអាជ្ញាធរ ស្រុក ឃុំ ប្រើប្រាស់គ្រប់មធ្យោបាយ ដោយធ្វើយ៉ាងណា បើកផ្លូវទឹកឱ្យបានជ្រៅ និងធំទូលាយ ដើម្បីបញ្ចៀសនូវការលិចលង់ ដោយទុកពេលមួយសប្តាហ៍ ឱ្យបានរួចរាល់ជាស្ថាពរ។
ជាការពិតណាស់ថា កាលណារដ្ឋបាលថ្នាក់ខេត្ត ស្រុក ឃុំ ដោះស្រាយទៅតាមសំណូមពរបានទាន់ពេលវេលានោះ ប្រជាពលរដ្ឋពិតជាសប្បាយចិត្ត ចំពោះចំណាត់ការដ៏មានប្រសិទ្ធិភាព និងភាពឈ្លាសវៃ របស់អាជ្ញាធរតែបើមិនដូចនោះទេ ពួកគាត់មិនសប្បាយចិត្តនោះឡើយ។ ចំពោះប្រឡាយមួយខ្សែ ដែលប្រជាពលរដ្ឋអះអាងថា បានស្ទាក់ផ្លូវទឹកនោះ សូមឱ្យមន្ទីរជំនាញ ធ្វើការសិក្សាឡើងវិញ កុំឱ្យមានបញ្ហាកើតឡើងទៅថ្ងៃខាងមុខទៀត ត្រូវធ្វើឱ្យចប់ និងទទួលបានលទ្ធផលទាំងអស់គ្នា។
តាមរយៈនេះ លោក ខូយ រីដា អភិបាលខេត្ត ក៏បានសំណូមពរដល់ប្រជាពលរដ្ឋ ដែលមានការប៉ះពាល់ដីរបស់ខ្លួន មេត្តាចូលរួមសហការបរិច្ចាគ ដើម្បីឱ្យក្រុមការងារអនុវត្តទៅកាន់ឆាប់រហ័ស និងទាន់ពេលវេលា។ លោកសង្ឃឹម និងមានទំនុកចិត្ត ចំពោះមន្ទីរធនធានទឹក និងឧតុនិយមខេត្ត រដ្ឋបាលស្រុកតាលោសែនជ័យ អាជ្ញាធរឃុំ និងប្រជាពលរដ្ឋ ពិតជាចូលរួមសហការ ក្នុងការបើកផ្លូវទឹក ក្នុងគោលបំណងបម្រើផលប្រយោជន៍រួមទាំងអស់គ្នា។
ប្រជាពលរដ្ឋដែលរងការលិចលង់ដោយសារស្ទះផ្លូវទឹក បានសាទរចំពោះចំណាត់ការ របស់លោកអភិបាលខេត្ត ដែលបានចុះមកដោះស្រាយបើកផ្លូវទឹកនេះឡើងវិញ បន្ទាប់ពីជួបការលំបាកអស់រយៈពេល៣ឆ្នាំ ដោយសារការលិចលង់ មិនអាចបង្កបង្កើនផលនោះឡើយ៕