(ពោធិ៍សាត់)៖ លោក ខូយ រីដា អភិបាលខេត្ដពោធិ៍សាត់ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត នាថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣ បានដឹកនាំកម្លាំងចម្រុះ ចុះត្រួតបង្ក្រាបបទល្មើសនេសាទ ចាប់ពីចំណុចភូមិសាស្ត្រស្រុកក្រគរ ស្រុកកណ្ដៀង រហូតដល់ព្រំប្រទល់ស្រុកបាកាន នៃខេត្ដពោធិ៍សាត់។

លោកវរសេនីយ៍ឯក សៀន វិរៈ នាយការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ បានឱ្យដឹងថា ក្នុងកិច្ចសហប្រតិបត្តិការនោះ កម្លាំងសមត្ថកិច្ចចម្រុះ បានរុះរើ និងបំផ្លាញចោល របាំងស្បៃមុងបាន០៧ខ្សែ ប្រវែង១៧៥០ម៉ែត្រ លូកងស្បៃមុង ចំនួន០៨មាត់ បង្គោលចំនួន២៥០ដើម និងបានចាក់លែងកូនត្រី ៤០គីឡូក្រាម ចូលក្នុងទឹកទន្លេសាបវិញ។ 

ក្នុងប្រតិបត្តិការនោះ លោកអភិបាលខេត្ដពោធិ៍សាត់ ក៏បានដាស់តឿនដល់មន្ត្រីជំនាញ៖

ទី១៖ គណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកទាំង៣ ជាមួយមន្ទីរកសិកម្ម ត្រូវបន្តអប់រំ ផ្សព្វផ្សាយដល់ប្រជាពលរដ្ឋឱ្យបានខ្លាំងក្លាជាងមុនបន្ថែមទៀត និងឱ្យដូចជាភ្លៀងរលឹម។

ទី២៖ រាល់ឧបករណ៍ស្បៃមុង មិនអនុញ្ញាតជាដាច់ខាត និងបន្តផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ ឱ្យប្រើប្រាស់ឧបករណ៍ស្របច្បាប់វិញ (ក្រឡា៣ហ៊ុន)។

ជាមួយគ្នានោះ លោក ខូយ រីដា បានសង្កត់ធ្ងន់ថា៖ «ប្រសិនបើស្រុកណា មានបទល្មើសច្រើន គឺត្រូវប្រើប្រាស់មធ្យោបាយសរុប កម្លាំងសរុប ដើម្បីបង្ក្រាបរួមគ្នា ធ្វើយ៉ាងណាឱ្យមានប្រសិទ្ធភាព»៕