(ភ្នំពេញ)៖ នៅក្នុងកំឡុងរយៈពេល៣ថ្ងៃនេះពោលចាប់ពីថ្ងៃទី៩-១១ ខែសីហា ឆ្នាំ២០១៦នេះ កម្លាំងនគរបាលនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវីធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ សហការជាមួយស្នងការ ដ្ឋាននគរបាលខេត្តកោះកុង និងខេត្តកំពង់ស្ពឺ បានធ្វើការចុះត្រួតពិនិត្យ ជនបររទេសដែលលួចឆ្លងដែន និងកំពុងស្នាក់នៅ គ្មានលិខិតឆ្លងដែន និងធ្វើការខុសច្បាប់ នៅកម្ពុជាដែលជាលទ្ធផល ឃាត់ខ្លួនជនជាតិវៀតណាម ចំនួន ១៧នាក់។
លោកឧត្តមសេនីយ៍ទោ អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវីធី បានប្រាប់អង្គភាព Fresh News នៅរសៀលថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៦នេះថា «៣ថ្ងៃនេះយើងបានធ្វើការ ឃាត់ខ្លួនជាតិវៀតណាមចំនួន ១៧នាក់ ដែលបាន និងកំពុងធ្វើការ ស្នាក់នៅតាមសិប្បកម្មឈើ ការដ្ឋានសំណង់ និងប្រកបរបរផ្សេងៗ»។
លោកឧត្តមសេនីយ៍ បានបន្តទៀតថា សម្រាប់បុរសជនជាតិវៀតណាមទាំង១៧នាក់នេះ ក្នុងនោះនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធីឃាត់បានចំនួន ០៨នាក់ ស្នងការដ្ឋាននរបាលខេត្តកោះកុង ចំនួន០៨នាក់ និងខេត្តកំពង់ស្ពឺចំនួនម្នាក់។ សម្រាប់ជនជាតិវៀតណាមទាំងអស់នេះ ត្រូវបានបញ្ជូនទៅអគ្គនាយកដ្ឋាន អន្តោប្រវេសន៍ ដើម្បីអនុវត្តតាមនីតិវិធី និងបណ្តេញចេញពីកម្ពុជា៕