(ភ្នំពេញ)៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣នេះ បានចេញសេចក្តីជូនដំណឹងពាក់ព័ន្ធករណីនៃការសាងសង់សំណង់ប្រាសាទ នៅវត្តភូម៉ានហ្វា ក្នុងខេត្តបុរីរម្យ ប្រទេសថៃ។

ចំពោះករណីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានយកចិត្តទុកដាក់យ៉ាងខ្លាំងលើសកម្មភាពនៃការសាងសង់នេះ ដោយបានចាត់ក្រុមការងារជំនាញតាមដានជាប្រចាំតាំងពីដើមរៀងមក ពោលគឺចាប់តាំងពីករណីនេះបានផ្ទុះឡើងនាអំឡុងឆ្នាំ២០២១មកម្ល៉េះ។

តាមរយៈសេចក្តីជូនដំណឹងក្រសួងវប្បធម៌ បានគូសបញ្ជាក់ថា៖ «ចំណាត់ការកន្លងមកដែលក្រសួងបានធ្វើ គឺផ្ដោតលើសកម្មភាពទំនាក់ទំនងការទូតរវាងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងភាគីថៃ (ស្ថានទូតថៃប្រចាំនៅកម្ពុជា និងក្រសួងវប្បធម៌ថៃ) ដោយបានបញ្ជូនអ្នកសិក្សាស្រាវជ្រាវ ដើម្បីចុះទៅពិនិត្យទីតាំងសាងសង់ផ្ទាល់ ប៉ុន្តែស្ថានភាពនៅពេលដែលអ្នកជំនាញចុះទៅបានពិនិត្យឃើញថាសំណង់នៅមិនទាន់មានការសង់បន្ថែមនៅឡើយ»

ក្រសួងវប្បធម៌ បានបន្ថែមថា ករណីនៃការបញ្ជូនអ្នកជំនាញចុះត្រួតពិនិត្យ និងចរចា គឺយើងមានជំហរច្បាស់លាស់ ក្នុងការទប់ស្កាត់នូវរាល់ទង្វើទាំងឡាយណាដែលបានចម្លងអត្តសញ្ញាណជាតិរបស់យើងភាពការទូត ការងារផ្ទៀងផ្ទាត់បែបបច្ចេកទេស ការងារចុះពិនិត្យទីតាំងផ្ទាល់ និងការងារផ្លូវច្បាប់ជាតិ និងអន្តរជាតិក្នុងករណីដែលត្រូវប្រកាន់យក។

ចំពោះករណីនេះ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ តាមរយៈសេចក្តីជូនដំណឹងបានអះអាងថា កិច្ចការនេះក្រុមការងារក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅតែបន្តនីតិវិធីដោះស្រាយតាមជំនាញ និងការទូត។

ឆ្លៀតឱកាសនេះ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈក៏សូមថ្លែងអំណរគុណចំពោះទឹកចិត្តស្រឡាញ់ ការគាំទ្រមោះមុតរបស់បងប្អូន និង
ការចូលរួមផ្ដល់ព័ត៌មានគ្រប់ជ្រុងជ្រោយដែលជាជំនួយដ៏សំខាន់សម្រាប់កិច្ចការអភិរក្សបេតិកភណ្ឌដ៏ថ្លៃថ្លារបស់យើង៕