(កែប)៖ នាថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣នេះ លោកស្រី មាន សំអាន ប្រធានគណៈកម្មការទី៨ នៃព្រឹទ្ធសភា អមដំណើរដោយប្រតិភូ​ ជាសមាជិកព្រឹទ្ធសភា រួមជាមួយលោក ងិន ងិនដា អភិបាលរងខេត្ត តំណាងលោកបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប​ និងមន្រ្តីពាក់ព័ន្ធ បានអញ្ជើញចុះសាកសួរសុខទុក្ខ និងនាំយកអំណោយ ផ្តល់ជូនកុមារកំព្រា ក្នុងមណ្ឌលកុមារកំព្រាខេត្តកែប។

លោក ងិន ងិនដា បានលើកឡើងថា រាជរដ្ឋាភិបាល បានយកចិត្តទុកដាក់ខ្ពស់ និងគិតគូរពីសុខទុក្ខកុមារកំព្រាគ្រប់កន្លែង តាមរយៈរដ្ឋបាលខេត្ត។​ កន្លងទៅក្មួយៗនៅទីនេះ បានទទួលការទំនុកបំរុងជាហូរហែ ដោយមានការចូលរួមបន្ថែម ដោយសប្បុរសជនគ្រប់ទិសទី ធ្វើយ៉ាងណាធានាបានការហូបចុក ស្លៀកពាក់គ្រប់គ្រាន់ ជាមួយការលើកទឹកចិត្តឲ្យកូនក្មួយបន្តសិក្សារៀនសូត្រដូចកុមារដទៃទៀតដែរ និងឈានទៅបន្តការសិក្សានៅបណ្តាសាកលវិទ្យាល័យ និងឆ្ពោះទៅយកជំនាញសម្រាប់កសាងអនាគត។

នាឱកាសចុះសួរសុខទុក្ខនោះ លោកស្រី មាន សំអាន បានផ្តាំផ្ញើដល់កុមារទាំងអស់ ដែលកំពុងស្នាក់នៅមណ្ឌលនេះ ត្រូវចេះស្រឡាញ់គ្នាឲ្យដូចបងប្អូន និងខិតខំរៀនសូត្រ ដើម្បីក្លាយជាទំពាំងស្នងឬស្សី ត្រូវដើរតាមផ្លូវល្អ ជៀសឲ្យឆ្ងាយពីគ្រឿងញៀន និងអំពើអប្បាយមុខផ្សេងៗ ដែលសង្គមស្អប់ខ្ពើម។ លោកស្រីផ្តល់ក្តីសង្ឃឹមថា ទៅថ្ងៃខាងមុខ ក្មួយៗពិតជាក្លាយខ្លួនជាមនុស្សល្អ និងមានប្រយោជន៍សម្រាប់អនាគតរបស់ខ្លួន និងសង្គមជាតិ ជាពិសេសត្រូវថែទាំសុខភាពឱ្យបានល្អ ដោយធ្វើអនាម័យជាប់ជាប្រចាំ និងអនុវត្តនូវវិធាន ៣កុំ ៣ការពារ ឲ្យបានគ្រប់ពេល។

ក្នុងឱកាសចុះសួរសុខទុក្ខដល់កុមារកំព្រានាពេលនេះ លោកស្រី មាន សំអាន បាននាំមកជាមួយនូវអំណោយផ្តល់ជូនកុមារ ២៧នាក់ ដោយក្នុងម្នាក់ទទួលបាន ការបូបស្ពាយ១, សៀវភៅ ១០ក្បាល, ប៊ិច២ដើម, ទឹកដោះគោ ២កំប៉ុង, ទឹកក្រូច និងទឹកផ្លែឈើ៣កំប៉ុង, សាប៊ូ១ដុំ, ច្រាសដុសធ្មេញ និងថ្នាំដុសធ្មេញ ០១, កន្សែងពោះគោ ០១, នំ ៧កញ្ចប់តូច, ស្បែកជើង១គូ, ថវិកាឧបត្ថម្ភ ចំនួន ២០,០០០រៀល និងជូនមណ្ឌលកុមារ ខេត្តកែប នូវថវិកា ១,០០០,០០០រៀល អ្នកមើលថែកុមារ (ម៉ែដោះ) ៤នាក់ ក្នុងម្នាក់ៗទទួលបាន ១០០,០០០រៀល ផងដែរ៕