(រតនគិរី)៖ ដោយមានការណែនាំពីលោកឧត្តមសេនីយ៍ទោ អ៊ុង សុភាព ស្នងការនគរបាលខេត្តរតនគិរី និងលោកឧត្តមសេនីយ៍ត្រី វ៉ាន់ សង្វាត ស្នងការរងទទួលផែនការងារប្រឆាំងបទល្មើសគ្រឿងញៀន ក្នុងការអនុវត្តផែនការ យុទ្ធនាការប្រយុទ្ធប្រឆាំងបទល្មើសគ្រឿងញៀន ប្រចាំឆ្នាំរយៈពេល៣ថ្ងៃ (២៣-២៥) កម្លាំងនគរបាលជំនាញចុះបង្ក្រាបករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀន នៅស្រុកបរកែវ និងស្រុកអូរយ៉ាវ ឃាត់ខ្លួនជនសង្ស័យចំនួន១២នាក់ និងដកហូតសម្ភារមួយចំនួន។

លោកឧត្តមសេនីយ៍ត្រី ចៅ នាង ស្នងការរង និងជានាំពាក្យ នៃស្នងការដ្ឋាននគរបាលខេត្តរតនគិរី បានប្រាប់ភ្នាក់ងារ Fresh News នៅរសៀលថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣ថា កាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៣ សមត្ថកិច្ចជំនាញផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋានស្រុកបរកែវ បានចុះបង្ក្រាបករណីរក្សាទុកជួញដូរ និងប្រើប្រាស់នូវសារធាតុញៀនខុសច្បាប់ចំនួន១ករណី និងបានឃាត់ខ្លួនជនសង្ស័យចំនួន៧នាក់ នៅចំណុចចំការកៅស៊ូរដ្ឋស្ថិតក្នុងភូមិ១ ឃុំឡាមិញ ស្រុកបរកែវ។

បច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាងខាងលើ ត្រូវបានឃាត់ និងរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកបរកែវដើម្បីបន្តនីតិវិធី និងកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តរតនគិរីចាត់ការតាមច្បាប់។

លោកឧត្តមសេនីយ៍ត្រី ចៅ នាង បន្តថា លុះដល់ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣ កម្លាំងផ្នែកគ្រឿងញៀន នៃអធិការដ្ឋានស្រុកអូរយ៉ាដាវបានចុះបង្ក្រាបជាក់ស្តែង នៅចំណុចខ្ទមចំការ១កន្លែងស្ថិតក្នុងភូមិតេន ឃុំយ៉ាទុង ស្រុកអូរយ៉ាដាវ ឃាត់ខ្លួនជនសង្ស័យចំនួន៤មុខសញ្ញា (ស្រី១នាក់) និងដកហូតម្សៅក្រាមសថ្លាសង្ស័យជាសារធាតុញៀនចំនួន២ថង់តូច។

បច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាងបានឃាត់ និងរក្សាទុកនៅអធិការដ្ឋានស្រុកអូរយ៉ាដាវ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តរតនគិរីចាត់ការតាមច្បាប់៕