(វាសូវី)៖ អ្នកជំនាញប៉ូឡូញបញ្ជាក់ថា មីស៉ីលដែលសម្លាប់មនុស្ស ២នាក់នៅឯដេប៉ូស្តុកគ្រាប់ធញ្ញជាតិមួយកន្លែង នៃភាគខាងត្បូងប្រទេសប៉ូឡូញ កាលពីខែវិច្ឆិកា ឆ្នាំមុន ត្រូវបានបាញ់ដោយអ៊ុយក្រែន នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន AFP ដកស្រង់ពីប្រព័ន្ធផ្សព្វផ្សាយប៉ូឡូញ នៅថ្ងៃអង្គារ ទី២៦ ខែកញ្ញា ឆ្នាំ២០២៣។

ប្រភពដែលដឹងអំពីការស៊ើបអង្កេត បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន Rzeczpospolita ថាប៉ូឡូញបានរកឃើញហើយថា មីស៉ីលដែលធ្លាក់ក្នុងភូមិផ្សេវ៉ូឌូវ (Przewodow) គឺជាមីស៉ីលការពារដែនអាកាស S 300 5-W-55 ដែលបាញ់ចេញពីទឹកដីអ៊ុយក្រែន។ គ្រាប់រ៉ុក្កែតនេះរត់ក្នុងចម្ងាយពី ៧៥គីឡូម៉ែត្រទៅ ៩០គីឡូម៉ែត្រ ដូចនេះគ្មានមីស៉ីលណារបស់រុស្ស៉ី អាចមកដល់គោលដៅភូមិ Przewodow នេះបានទេ។

Rzeczpospolita ក៏បានដកស្រង់សម្តីរបស់អ្នកនាំពាក្យរបស់ការិយាល័យរដ្ឋអាជ្ញាប៉ូឡូញ លោក លូកាស់ ឡេបហ្ស៉ីនស្គី (Lukasz Lapczynski) ដែលនិយាយថា រដ្ឋអាជ្ញាទទួលបានយោបល់ពីអ្នកជំនាញហើយ ប៉ុន្តែមិនអាចបញ្ចេញខ្លឹមសារព្រោះវាជាការសម្ងាត់។

គួរបញ្ជាក់ថា កន្លងមកអ៊ុយក្រែននិយាយថា គ្មានមីស៉ីលមួយគ្រាប់ណាធ្លាក់ក្នុងទឹកដីប៉ូឡូញទេ។ ការផ្ទុះមីស៉ីលក្នុងទឹកដីប៉ូឡូញ ដែលជាសមាជិកណាតូ ជំរុញឲ្យមានការភ័យខ្លាចថាសង្គ្រាមនៅអ៊ុយក្រែន អាចឈានទៅរកជម្លោះកាន់តែធំ៕

រូបភាពពី CNN