(ក្រចេះ)៖ កម្លាំងផ្នែករដ្ឋបាលជលផលព្រែកប្រសព្វ រួមសហការជាមួយក្រុមប្រឹក្សាឃុំចំបក់ និងឃុំឫស្សីកែវ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាល សហគមន៍នេសាទ និងប្រជាការពារភូមិ នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣នេះ បានចុះបង្ក្រាបបទល្មើសជលផល នៅតាមកន្លែងទំនាបស្រែលិចទឹក បឹងក្បាលខ្មោច ក្នុងភូមិចំបក់១-ចំបក់២ ឃុំចំបក់ និងភូមិស្វាយជុំ ឃុំប្ញស្សីកែវ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ។

យោងតាមរបាយការណ៍ខណ្ឌរដ្ឋបាលជលផលក្រចេះ បានបញ្ជាក់ឲ្យដឹងថា កម្លាំងសមត្ថកិច្ចចុះបង្រ្កាបរឹបអូស បានឧបករណ៍នេសាទដូចខាងក្រោម៖
១៖ បានរុះរើនិងបំផ្លាញចោលឧបករណ៍នេសាទល្មើសច្បាប់រួមមាន៖ របាំងស្បៃមុងចំនួន២២ខ្សែ ប្រវែង២៥០០ម៉ែត្រ, លូស្បៃមុងចំនួន២៦មាត់លូ, បង្គោលចម្រឹងប្ញស្សីចំនួន២៨០ដើម និងបានចាក់លែងត្រីចម្រុះទម្ងន់ប្រមាណ៤៥០គីឡូក្រាម ចូលក្នុងដែនទឹកធម្មជាតិវិញ។

លោក ម៉ុក ពន្លក នាយខណ្ឌរដ្ឋបាលជលផលក្រចេះ សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ និងអ្នកនេសាទទាំងអស់ សូមមេត្តាកុំប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ ដូចជា ស្បៃមុង សាច់អួនក្រឡាញឹក ជាដើម និងឧបករណ៍នេសាទឆក់ត្រី ដាក់ថ្នាំបំពុលតាមបឹង ព្រែក អូរ សូមបញ្ឈប់ជាបន្ទាន់ហើយចូលរួមសហការជាមួយសមត្ថកិច្ចជំនាញ និងអាជ្ញាធរមូលដ្ឋាន និងកម្លាំងពាក់ព័ន្ធដើម្បីបង្រ្កាប និងទប់ស្កាតបទល្មើសជលផល ឲ្យមានប្រសិទ្ធភាព។

លោកបញ្ជាក់ទៀតថា ប្រសិនបើបងប្អូនអ្នកនេសាទ នៅតែឆ្លៀតលួចប្រព្រឹត្តនេសាទខុសច្បាប់ ដែលច្បាប់បានហាមឃាត់ដូចជា ឧបករណ៍ឆក់ត្រី, ប្រើប្រាស់របាំងស្បៃមុង ,សាច់អួនក្រឡាញឹក, ឬដាក់ថ្នាំបំពុលតាមព្រែក អូរ នោះ នៅថ្ងៃណាមួយ បងប្អូននិងត្រូវសមត្ថកិច្ច ឬអាជ្ញាធរមូលដ្ឋាន ឃាត់ខ្លួនកសាងសំណុំរឿងទៅតុលាការ ដើម្បីផ្ដន្ទាទោសតាមច្បាប់ ហើយបទល្មើសឆក់ត្រី ត្រូវជាប់ពន្ធនាគារពី៣ឆ្នាំទៅ៥ឆ្នាំ៕