(ភ្នំពេញ)៖ លោក Atsushi Ueno អគ្គរាជទូតជប៉ុន ប្រចាំនៅកម្ពុជា បានថ្លែងថា ភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយរវាងកម្ពុជា និងជប៉ុន មិនមែនត្រឹមបញ្ជាក់ពីទំនាក់ទំនងប្រទេសទាំងពីរ ក្នុងលក្ខណៈទ្វេភាគីប៉ុណ្ណោះទេ ប៉ុន្តែ វាជាទំនាក់ទំនងដែលប្រទេសទាំងពីរអាចធ្វើការជាមួយគ្នា​​ក្នុងនាមជាដៃគូ ដើម្បីដោះស្រាយបញ្ហាតំបន់ និងអន្តរជាតិ។

គួរឱ្យដឹងថា នៅក្នុងជំនួបរវាងសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោក គីស៊ីដា ហ្វូមិអុ កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២ មេដឹកនាំកម្ពុជា និងជប៉ុន បានឯកភាពគ្នាធ្វើឱ្យទំនាក់ទំនងទ្វេភាគីពី «ដៃគូយុទ្ធសាស្ត្រ» ឡើងទៅជា «ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ»។

នៅក្នុងកិច្ចពិភាក្សាតុមូលស្តីពី «ទំនាក់ទំនងកម្ពុជា-ជប៉ុន» នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣នេះ អគ្គរាជទូតជប៉ុន បានថ្លែងយ៉ាងដូច្នេះថា៖ «ភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ មិនមែនត្រឹមតែជាទំនាក់ទំនងរវាងជប៉ុន និងកម្ពុជា ក្នុងបរិបទទ្វេភាគីប៉ុណ្ណោះទេ ប៉ុន្តែវាជាទំនាក់ទំនងដែលភាគីទាំងពីរអាចធ្វើការរួមគ្នា ក្នុងនាមជាដៃគូ ដើម្បីលើកឡើងពីបញ្ហាប្រឈមតំបន់ និងអន្តរជាតិរួមគ្នា»

ជាមួយគ្នានេះ ឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា ក៏បានលើកឡើងជាច្រើនពាក់ព័ន្ធនឹងទំនាក់ទំនងទ្វេភាគី កិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខ កសិកម្ម អប់រំ សុខាភិបាល ទេសចរណ៍ ការអភិរក្សទីតាំង ឧទ្យានជាតិប្រវត្តិសាស្ត្រកម្ពុជា ជាពិសេសភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយជាមួយកម្ពុជា ដែលទើបតែដំឡើងនៅពេលថ្មីៗនេះ។

ថ្លែងនៅចំពោះមុខក្រុមអ្នកសារព័ត៌មានកម្ពុជា ជាច្រើនស្ថាប័ន លោក Atsushi Ueno បានគូសបញ្ជាក់ថា ក្រោមភាពជាដៃគូរវាងជប៉ុន និងកម្ពុជា គឺភាគីទាំងបានធ្វើការរួមគ្នា ក្នុងការបណ្តុះបណ្តាលបោសសម្អាតមីន ដល់អ្នកជំនាញមកពីអ៊ុយក្រែន, អ៉ីរ៉ាក់ កូឡំប៊ី ព្រមទាំងបណ្តាប្រទេសមួយចំនួនទៀត។

អគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា ក៏បានបង្ហាញក្តីសង្ឃឹមថា កម្ពុជា និងជប៉ុន មានសក្តានុពលក្នុងការសហការគ្នា ក្នុងវិស័យកសាងសន្តិភាពជាច្រើនទៀត ដើម្បីជាប្រយោជន៍នៅក្នុងតំបន់ និងអន្តរជាតិ។ មិនតែប៉ុណ្ណោះ ឯកអគ្គរាជទូតជប៉ុន បានប្រកាសគាំទ្រការអភិវឌ្ឍរបស់កម្ពុជា ទាំងផ្នែកសេដ្ឋកិច្ច និងសង្គម ដើម្បីធានាភាពភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ។

លោក Atsushi Ueno ក៏បានអះអាងថា តាមរយៈភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ ជប៉ុននឹងជួយធ្វើឱ្យប្រជាជនកម្ពុជា ទទួលបានជីវិតរស់នៅយ៉ាងល្អប្រសើរ ដោយឆ្លើយតបនឹងបរិបទ តម្រូវការជាក់ស្តែងរបស់កម្ពុជា។

ឯកអគ្គរាជទូតជប៉ុន ក៏បានលើកឡើងពីថា កាលពីក្នុងជំនួបទ្វេភាគីរវាងសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោក ហ្វូមីអូ គីស៊ីដា នាយករដ្ឋមន្ត្រីជប៉ុន នៅកិច្ចប្រជុំកំពូលអាស៊ាន នៅទីក្រុងហ្សាការតាថ្មីៗនេះ ថ្នាក់ដឹកនាំទាំងពីរ ក៏បានប្ដេជ្ញារួមគ្នាលើការជំរុញកិច្ចសហប្រតិបត្តិការកម្ពុជា-ជប៉ុន ឱ្យកាន់តែជិតស្និទ្ធថែមទៀត ក្នុងភាពជាដៃគូគាំទ្រគ្នាទៅវិញទៅមក។

បន្ថែមពីនេះ លោក Atsushi Ueno បានឱ្យដឹងថា នៅខែធ្នូ ឆ្នាំ២០២៣ ខាងមុខនេះ ប្រទេសជប៉ុន នឹងរៀបចំកិច្ចប្រជុំអាស៊ាន-ជប៉ុន ដែលជាខួបទី១៥ នៃចំណងមិត្តភាពជប៉ុន និងអាស៊ាន បន្ថែមខួបទី៧០ឆ្នាំ នៃចំណងទំនាក់ទំនងការទូតកម្ពុជា-ជប៉ុន។ ស្ថានទូតជប៉ុន ប្រចាំកម្ពុជា នឹងព្យាយាមឱ្យអស់ពីលទ្ធភាពដើម្បីឱ្យដំណើរទស្សនកិច្ចរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ធ្វើដំណើរទស្សនកិច្ចលើទឹកដីជប៉ុន ឱ្យទទួលបានផ្លែផ្កា៕