(កណ្ដាល)៖ ស្ថិតនៅក្នុងកិច្ចប្រជុំផ្សព្វផ្សាយគោលការណ៍ណែនាំស្តីពីស្ថានភាព បញ្ចប់ការបន្ទោបង់ពាសវាលពាសកាលកម្រិតខ្ពស់ (ODF+) នៅស្រុកខ្សាច់កណ្ដាល នាថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣ លោក នុត ពុធដារ៉ា អភិបាលរងខត្ត និងជាប្រធាន PWG ខេត្តកណ្តាល បានថ្លែងថា នៅត្រឹមឆ្នាំ២០២៥ ខាងមុខ មន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ក៏ដូចរដ្ឋបាលខេត្តកណ្តាល ចង់សម្រេចឱ្យបានចក្ខុវិស័យ នៃផែនការយុទ្ធសាស្រ្តជាតិ ស្តីពីការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ ជូនប្រជាជននៅជនបទ ឱ្យមានសេវាផ្គត់ផ្គង់ទឹកស្អាត និងអនាម័យប្រកបដោយសមធម៌ និងមាននិរន្តរភាព ដើម្បីលើកស្ទួយសុខភាព ជីវភាពប្រជាពលរដ្ឋ ឱ្យកាន់តែល្អប្រសើរបន្ថែមទៀត។ 

លោកថា ខេត្តកណ្ដាលបានធ្វើឱ្យមានការអភិវឌ្ឍលើគ្រប់វិស័យ ក្នុងនោះ វិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ មានការរីកចម្រើនគួរឱ្យកត់សម្គាល់ ជាក់ស្តែង គ្រួសារមានទឹកស្អាតប្រើប្រាស់ មាន ៩០% រីឯខ្នងផ្ទះបានប្រើប្រាស់បង្គន់អនាម័យ មាន ១០០% ដែលនាំឱ្យខេត្តកណ្តាលទទួលបានជ័យលាភីជាខេត្តបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល(ODF) នៅឆ្នាំ២០២២។ 

លោកស្រី ជី ថាវី ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកណ្ដាល បានថ្លែងថា ខេត្តកណ្តាលបានទទួលបានជ័យលាភីជាខេត្ត ODF រួចហើយតាំងពីឆ្នាំ២០២២ ហើយផែនការធ្វើឱ្យប្រជាជននៅជនបទមានសេវាផ្គត់ផ្គង់ទឹកស្អាត និងអនាម័យប្រកបដោយសមធម៌ និងមាននិរន្តរភាព ជាចក្ខុវិស័យនៃផែនការយុទ្ធសាស្រ្តជាតិស្តីពីការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ គឺជាគោលបំណងដែលមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ក៏ដូចរដ្ឋបាលខេត្តកណ្តាល ចង់សម្រេចឱ្យបាននៅត្រឹមឆ្នាំ ២០២៥ ដើម្បីលើកស្ទួយសុខភាព ជីវភាពប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរបន្ថែមទៀត។

លោកស្រីអះអាងថា ជំនឿជឿជាក់ថាការជំរុញឱ្យសម្រេចបាន ODF+ នេះ គឺពិតជាអាចធ្វើទៅបាន ហើយធ្វើបានយ៉ាងលឿន ថែមទៀតផង ព្រោះបើយោងលើសូចនាករ ដូចដែលតំណាងមន្ទីរអភិវឌ្ឍន៍ជនបទ បានលើកឡើង នាពេលមុននេះ គឺខេត្តកណ្តាលហាក់ដូចជាមានស្ទើរគ្រប់លក្ខខណ្ឌស្រេចទៅហើយ។ ប៉ុន្តែទោះយ៉ាងណាយើងមិនត្រូវមោទនភាព ដោយបោះបង់ការព្យាយាម បោះបង់ការអប់រំផ្សព្វផ្សាយ និងការជំរុញបន្ថែមលើការងារអនាម័យ បរិស្ថាន ការសាងសង់បង្គន់ផ្ទាល់ខ្លួន ក៏ដូចជាការសាងសង់បង្គន់ប្រកបដោយបរិយាប័ន្ននៅតាមស្ថាប័ន និងអង្គភាពផ្តល់សេវាផងដែរ។ ដូច្នេះយើងត្រូវរួមសាមគ្គីគ្នា សហការគ្នា ប្តេជ្ញាធ្វើឱ្យស្ថានការណ៍ប្រែប្រួលពីខេត្ត ODF ទី៣ ទៅជាខេត្តសម្រេចបាន ODF+ ទី១ នៅកម្ពុជា៕