(ភ្នំពេញ)៖ កញ្ញា ទូច សុជាតិតា ដែលជាអតីតអ្នកស្រាវជ្រាវមកពីសហរដ្ឋអាមេរិក យល់ឃើញថា មានតែការសិក្សាទេ ដែលជួយអភិវឌ្ឍន៍ខ្លួនយើងម្នាក់ៗ ដើម្បីក្លាយជាធនធានមនុស្សសម្រាប់សង្គមជាតិ។

អតីតកុមារី ដែលកើតនៅខេត្តបាត់ដំបងរូបនេះ ធ្លាប់ជាប់អាហារូបករណ៍ «Fulbright» ទៅស្រាវជ្រាវ នៅសហរដ្ឋអាមេរិក នៅឆ្នាំ២០១៩ និងឆ្នាំ២០២០ នៅសាកលវិទ្យាល័យ American University និងសាកលវិទ្យាល័យ Tufts University ដែលប្រធានបទស្រាវជ្រាវគឺ «investing in women: trade and investments between US and Cambodia»

សុជាតិតា គឺជាអ្នកដែលខិតខំ និងស្រលាញ់ការសិក្សាជាពន់ពេក ហើយកញ្ញា បានដាក់ និងជាប់អាហារូបករណ៍ជំនាញគោលនយោបាយសាធារណៈ (Public Policy)។ នេះជាអាហារូបករណ៍ របស់រដ្ឋាភិបាលនូវេសេឡង់ ដែលកញ្ញាសិក្សាចាប់ពីឆ្នាំ២០០៨ ដល់ឆ្នាំ២០១០ នៅសាកលវិទ្យាល័យ Victoria University of Wellington មុននឹងកញ្ញា បន្តការសិក្សាថ្នាក់បណ្ឌិតជំនាញគ្រប់គ្រងធុរកិច្ច នៅរាជបណ្ឌិត្យសភាកម្ពុជា នៅឆ្នាំ២០២២ ដល់បច្ចុប្បន្ន។

បច្ចុប្បន្ន កញ្ញា ទូច សុជាតិតា គឺជានាយិកានៃ Woomentum ប្រចាំតំបន់អាស៉ីអាគ្នេយ៍ (កម្ពុជា មីយ៉ាន់ម៉ា ម៉ាឡេស៉ី ឥណ្ឌូនេស៉ី), នាយិការង CamChin Lawfirm, និងជាទីប្រឹក្សានាយកប្រតិបត្តិ Metophum Khmer Spirit (MKS) រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក។

មានហេតុផលចំនួន៣ ដែលធ្វើឲ្យកញ្ញា សុជាតិតា សិក្សាមិនឈប់នោះ រួមមាន៖

* ទី១៖ កម្ពុជាគឺជាសមាជិករបស់កិច្ចព្រមព្រៀង ស្តីពីភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP)៖ កិច្ចព្រមព្រៀងនេះ មានប្រទេសសមាជិកចំនួន ១៥ គឺសមាជិកអាស៊ានចំនួន ១០ និងប្រទេសធំៗទៀត រួមមាន ចិន ជប៉ុន កូរ៉េខាងត្បូង អូស្ត្រាលី និងនូវែលសេឡង់។ ប្រទេសទាំង ១៥ បានគ្របដណ្តប់តំបន់អាស៉ីប៉ាស៉ីហ្វិកទាំងមូល មានទីផ្សារ ១ ភាគ ៣ នៃទីផ្សារពិភពលោក និងប្រជាជនសរុបស្មើនឹង ១ ភាគ ៣ នៃប្រជាជនពិភពលោក។ ប្រសិនបើ ប្រទេសជាសមាជិកទាំង១៥ អនុវត្តនូវកិច្ចព្រមព្រៀងនេះពេញលេញនោះ នឹងបង្កើនទំហំពាណិជ្ជកម្មប្រមាណ ៤០ ប៊ីលានដុល្លារ ហើយនឹងជួយកម្ពស់ការរស់នៅប្រជាជន ២៧លាននាក់ បន្ថែមទៀត។

* ទី២៖ ការសម្រេចចក្ខុវិស័យ របស់រាជរដ្ឋាភិបាលកម្ពុជា ក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងមានចំណូលកម្រិតខ្ពស់ នៅឆ្នាំ២០៥០៖ បើតាមផែនការយុទ្ធសាស្ត្រ របស់រាជរដ្ឋាភិបាលកម្ពុជា បានកំណត់ចក្ខុវិស័យក្នុងការប្រែក្លាយកម្ពុជា ឲ្យក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងមានចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៥០ ខណៈដែលបច្ចុប្បន្នប្រទេសកម្ពុជា ត្រូវបានធនាគារពិភពលោក ចាត់ថ្នាក់កម្ពុជា ជាប្រទេសដែលប្រែមុខមាត់ពីប្រទេសមានចំណូលមធ្យមកម្រិតទាប ក្នុងឆ្នាំ២០១៦ មកជាប្រទេសមានកំណើនសេដ្ឋកិច្ចឈានមុខក្នុងការកាត់បន្ថយភាពក្រីក្រក្នុងឆ្នាំ២០២៣។

* និងទី៣៖ តុលាការពាណិជ្ជកម្មរបស់កម្ពុជា នឹងត្រូវបានបង្កើតឡើង៖ កាលពីចុងឆ្នាំ២០២២កន្លងទៅ ក្រសួងយុត្តិធម៌រំពឹងថា តុលាការពាណិជ្ជកម្មនឹងអាចបង្កើតឡើងនៅឆ្នាំ ២០២៣នេះ។ ការបង្កើតតុលាការឯកទេសមួយនេះ ក៏ដើម្បីបង្កើនជំនឿទុកចិត្ដ ពីអ្នកវិនិយោគ តាមរយៈបង្កើនគុណភាពនៃសេវា ក្នុងការដោះស្រាយសំណុំរឿងក្ដី ទៅតាមជំនាញនីមួយៗ ដែលចូលរួមកាត់បន្ថយការកកស្ទះសំណុំរឿងតុលាការ តាមរយៈដំណើរការនីតិវិធីបានលឿនជាងមុន។

ទូច សុជាតិតា បានបញ្ជាក់យ៉ាងដូច្នេះថា «កម្ពុជាយើងទាមទារឲ្យមានអ្នកចេះច្រើនទៀត ហើយខ្ញុំក៏ចង់ក្លាយជាផ្នែកមួយ ដែលជួយរាជរដ្ឋាភិបាលយើង ឲ្យសម្រេចបាននូវគោលដៅអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម»