(កាណាដា)៖ ប៉ូលិសកាណាដា បានបាញ់សម្លាប់បុរសម្នាក់ ក្រោយពីដឹងថារូបគេជាជនសង្ស័យមកពីបណ្តាញភេរវកររដ្ឋអ៊ីស្លាម ISIS ហើយជនរូបនេះក៏ធ្លាប់ត្រូវបានប៉ូលិសធ្វើការតាមដាន និងចាប់ខ្លួនម្តងរួចមកហើយដែរ កាលពីឆ្នាំ ២០១៥។ នេះបើតាមការចេញផ្សាយនៅមុននេះបន្តិច ដោយសារព័ត៌មាន Channel News Asia នារសៀលថ្ងៃព្រហស្បតិ៍ ទី១១ ខែសីហា ឆ្នាំ២០១៦។
កងកម្លាំងប្រមាញ់ពិសេសរបស់កាណាដា (RCMP) បានចេញសេចក្តីថ្លែងការណ៍មួយ ដោយបញ្ជាក់ពីរឿងនេះថា ជនសង្ស័យខាងលើនេះ ត្រូវបានប៉ូលិសតាមដានមួយរយៈមកហើយ រួចប៉ូលិសក៏បានទទួលបញ្ជាឲ្យបាញ់សម្លាប់ ជនឈ្មោះ Aaron Driver នេះចោលតែម្តង ដើម្បីរក្សាសន្តិសុខជាសាធារណ មុននឹងអ្វីដែលអាក្រក់កើតមានឡើង។
ប្រភពពីទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ដែលសុំមិនបញ្ចេញឈ្មោះ មិនបានបញ្ជាក់អ្វីនោះឡើយទៅកាន់អ្នកសារព័ត៌មាន ប៉ុន្តែ Reuters បានចេញផ្សាយថាជនសង្ស័យ Aaron Driver ធ្លាប់ត្រូវបានចាប់ខ្លួនម្តងរួចមកហើយកាលពីឆ្នាំ ២០១៥ ដើម្បីសួរនាំនិងព្រមាន ខណៈដែល Aaron បានសម្តែងការគាំទ្រក្រុម ISIS ជាសាធារណ ជាពិសេសនៅក្នុង បណ្តាញទំនាក់ទំនងសង្គមរបស់លោកតែម្តង៕