(ភ្នំពេញ)៖ ស្រ្តីជនរងគ្រោះជាកូនបំណុលម្នាក់ ត្រូវបុរសជាម្ចាស់លុយមកទារលុយនៅផ្ទះ ហើយអត់លុយសង ក៏បង្កជាហិង្សាដោយយកកាំបិតកាប់បណ្តាលឲ្យរងរបួសធ្ងន់។ ហេតុការណ៍នេះ បង្កការភ្ញាក់ផ្អើល ហើយសមត្ថកិច្ច អន្តរាគមន៍ចុះទៅឃាត់ជនសង្ស័យ បានយកមកសាកសួរនាំ កាលវេលាម៉ោង ៧៖៣០នាទីព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣ នៅចំណុចផ្ទះលេខ៥៧ ផ្លូវ ៣៥១ ភូមិដើមស្លែង សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ។

លោក គាន់ ឌីណា អធិការរងទទួលផែនព្រហ្មទណ្ឌខណ្ឌច្បារអំពៅ បានឲ្យដឹងថា ជនសង្ស័យឈ្មោះ ភឿន ច័ន្ទ អាយុ២៣ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅភូមិអូរអណ្តូង សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ។ ដោយឡែកជនរងគ្រោះឈ្មោះ ផាន់ មករា អាយុ២៥ឆ្នាំ មុខរបរនៅផ្ទះស្នាក់នៅផ្ទះកើតហេតុ។

លោកអធិការរងបន្តទៀតថា ជនសង្ស័យទៅផ្ទះជនរងគ្រោះ ដើម្បីទារប្រាក់ជំពាក់ ៧៥០០ដុល្លារ។ ពេលនោះជនសង្ស័យសួរថា ប្រាក់ជំពាក់អញថ្ងៃណាសង? ជនរងគ្រោះឆ្លើយថា អត់មានប្រាក់សងទេ ចង់ធ្វើអីធ្វើទៅ។
ក្រោយមកក៏ទាស់សម្តីគ្នាកាន់តែខ្លាំង ក៏ជនសង្ស័យយកកាបិតប៉័ងតោកាប់ជនរងគ្រោះចំក្បាល១កន្លែង ប្រអប់ដៃស្តាំ១កន្លែង ម្រាមដៃឆ្វេង ចិញ្ចើមឆ្វេង ១កន្លែង និងកែងដៃឆ្វេង១កន្លែង។

ក្រោយមានហេតុការណ៍នេះ សមត្ថកិច្ចបានចុះជួយអន្តរាគមន៍ ដោយឃាត់ខ្លួនជនសង្ស័យ រួមនិងវត្ថុតាងកាំបិតប៉័ងតោ០១ រួចបញ្ជូនមកអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ដើម្បីសាកសួរ។ ចំណែកជនរងគ្រោះ ត្រូវបានក្រុមគ្រួសារនាំទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកច្បារអំពៅ៕