(ក្រចេះ)៖ រដ្ឋបាលខេត្តក្រចេះ បានស្នើដល់អាជ្ញាធរពាក់ព័ន្ធ មន្ទីរជំនាញ និងអង្គការមិនមែនរដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍ ត្រូវបង្កើនថវិកាវិនិយោគ លើវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ។ ការស្នើនេះ ធ្វើឡើងក្នុងកិច្ចប្រជុំក្រុមការងារបច្ចេកទេសថ្នាក់ខេត្ត លើវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ ហៅកាត់ PWG លើកទី១៤ នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣។

តាមរបាយការណ៍ ត្រឹមត្រីមាសទី៣នេះ មានអត្រាគ្របដណ្តប់ទឹកស្អាត ៨៤% អត្រាគ្របដណ្តប់ផ្នែកអនាម័យ ៧៣% បានបង្ហាញ ពីអត្រាមួយខ្ពស់គួរឲ្យគត់សម្គាល់ ប៉ុន្តែនៅមានកម្រិតទាបនៅឡើយ បើធៀបជាមួយផែនការ សកម្មភាពខេត្ត ជំហានទី២ ដែលត្រូវសម្រេចឲ្យបានត្រឹមដាច់ឆ្នាំ២០២៣ ៩០% ទាំង២វិស័យនឹងបន្តសម្រេចឲ្យបាននូវសូចនាករ នៃផែនការយុទ្ធសាស្ត្រជាតិរបស់រាជរដ្ឋាភិបាល នៅឆ្នាំ២០២៥ ថែមទៀត។

លោក គង់ គឹមនី អភិបាលរងខេត្ដ បានគូសបញ្ជាក់ថា ផែនការយុទ្ធសាស្ត្រជាតិឆ្នាំ២០២៥ បានបញ្ជាក់យ៉ាងច្បាស់ថា ប្រជាពលរដ្ឋគ្រប់រូបនៅក្នុងសហគមន៍ ត្រូវទទួលបានសេវាផ្គត់ផ្គង់ទឹកស្អាត និងអនាម័យគ្រប់គ្រាន់ព្រមទាំងរស់នៅក្នុងបរិស្ថានដែលមានអនាម័យប្រកប ដោយនិរន្តរភាព។

លោកថា ច្បាស់ណាស់ ក្នុងរយៈពេលដ៍ខ្លីខាងមុខនេះ ឬត្រឹមដាច់ឆ្នាំ២០២៣ យើងមិនអាចសម្រេចបានឡើយនូវ ផែនការសកម្មភាពខេត្តជំហានទី២នេះ ប៉ុន្តែមិនមែនមានន័យថា ពិបាកសម្រេចបានគោលដៅ ហើយត្រូវបោះបង់ចោលនោះទេ ផ្ទុយមកវិញយើងជាក្រុមការងារបច្ចេកទេសលើវិស័យទាំងពីរនេះ ត្រូវត្រួតពិនិត្យកែលម្អឡើងវិញ នូវយន្តការនានាដែលជាឧបសគ្គរាំងស្ទះ ដំណើការការងាររបស់យើងនាពេលបច្ចុប្បន្ននេះ ។

លោកអភិបាលរងខេត្ត បន្តទៀតថា ដោយមើលឃើញកាលានុវត្តន៍ភាពមួយចំនួន ដែលអាចពន្លឿនការសម្រេចបាន នូវផែនការយុទ្ធសាស្ត្រឆ្នាំ២០២៥ រដ្ឋបាលខេត្តក្រចេះស្នើសុំដល់រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ មន្ទីរអភិវឌ្ឍន៍ជនបទ អង្កការមិនមែនរដ្ឋាភិបាល និង ដៃគូអភិវឌ្ឍន៍ ត្រូវបង្កើនថវិកាវិនិយោគ លើវិស័យទាំងពីរនេះទ្វេដង ឬលើសពីនេះ-ពង្រឹងការអភិវឌ្ឍសមត្ថភាព និងធនធានមនុស្សក្នុងស្ថាប័នឲ្យរឹងមាំ រួមមានមន្ត្រីទទួលបន្ទុកលើការងារនេះ-បង្កលក្ខណៈងាយស្រួល លើកទឹកចិត្ត និងជំរុញឲ្យវិស័យឯកជន ចូលរួមចំណែកក្នុងផ្តល់សេវាទាំងពីរនេះ ដោយផ្អែកលើគោលការណ៍ណែនាំរបស់នាយកដ្ឋានជំនាញ ដើម្បីជាត្រីវិស័យក្នុងការពន្លឿន វិស័យទាំងពីរនេះ ឲ្យមានសន្ទុះខ្លាំងជាងមុន -បង្កើតយន្តការតាមដាន ត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ ក្នុងទម្រង់តែមួយសម្រាប់វិស័យទាំងពីរនេះ -ផ្តល់ការលើកទឹកចិត្តក្នុងរូបភាព ជាប័ណ្ណសរសើរ វត្ថុអនុស្សាវរីយ៍ ថវិកា រង្វាន់ ឬ អ្វីផ្សេងទៀត ដែលអាចផ្តល់កម្លាំងចិត្តដល់អ្នកអនុវត្តផ្ទាល់លើការងារនេះ៕