(ភ្នំពេញ)៖ លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្រ្កោះជាតិ នៅថ្ងៃនេះ បានច្រានចោលនូវការអះអាងទាំងឡាយដែលថា គណបក្សសង្រ្គោះជាតិ បង្កើតរដ្ឋាភិបាលស្រមោល ដើម្បីតាមដានសកម្មភាពរាជរដ្ឋាភិបាល ឬដើម្បីត្រៀមខ្លួនសម្រាប់ការឈ្នះឆ្នោត។
ការប្រកាសគោលជំហរគណបក្សសង្រ្គោះជាតិជាថ្មី ដោយមន្រ្តីជាន់ខ្ពស់គណបក្សប្រឆាំងរូបនេះ បានធ្វើឡើងបន្ទាប់ពី លោក សុន ឆ័យ តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ លើកឡើងនៅក្នុងសន្និសីទកាសែតមួយដោយអះអាងថា គណៈកម្មការជំនាញទាំង១០របស់គណបក្សសង្រ្គោះជាតិ ប្រៀបដូចជា រដ្ឋាភិបាលស្រមោល ដែលនឹងត្រៀមខ្លួនដើម្បីក្លាយជាគណៈរដ្ឋមន្រ្តីមួយ នៅពេលគណបក្សសង្រ្គោះជាតិឈ្នះឆ្នោត។
ហាក់ច្រានចោលចំពោះសម្តី លោក សុន ឆ័យ, លោក យឹម សុវណ្ណ បានពន្យល់ថា គណៈកម្មការជំនាញចំនួន១០ ដែលត្រូវបានរៀបចំរចនាសម្ព័ន្ធ ដឹកនាំនាថ្មីៗនេះ គ្រាន់តែជារចនាសម្ព័ន្ធផ្ទៃក្នុងក្នុងគណៈកម្មាធិការនាយក របស់គណបក្សសង្រ្គោះជាតិតែប៉ុណ្ណោះ ដែលត្រូវបានបង្កើតឡើងដើម្បីផ្តល់យោបល់ ឬអនុសាសន៍ដល់គណៈកម្មការរដ្ឋសភា ដែលដឹកនាំដោយគណបក្សសង្រ្គោះជាតិ ក៏ដូចជាផ្តល់យោបល់ដល់ថ្នាក់ដឹកនាំគណបក្សសង្រ្គោះជាតិ។
លោក យឹម សុវណ្ណ បានថ្លែងថា «នេះជារចនាសម្ព័ន្ធគណបក្ស ដែលបង្កើតឡើងដើម្បីបណ្តុំធនធានមនុស្សនៅក្នុងគណៈកម្មាធិការនាយក របស់គណបក្ស ស្រាវជ្រាវកិច្ចការសំខាន់ៗ ដើម្បីជួយផ្តល់គំនិតក្នុងន័យស្ថាបនាជូនដល់គណៈកម្មការរដ្ឋសភា ដែលដឹកនាំដោយគណបក្សសង្រ្គោះជាតិ ដូច្នេះមិនមែនជា រដ្ឋាភិបាលស្រមោល ឬមួយក៏ទៅតតាំងជាមួយរដ្ឋមន្រ្តី របស់គណបក្សប្រជាជនឬរដ្ឋមន្រ្តីនៅក្នុងជួរដ្ឋាភិបាលនោះទេ យើងមិនទាន់ឈានដល់ការ យកប្រព័ន្ធតាមបែបអង់គ្លេស ឬតាមបែបប្រព័ន្ធប្រទេសអូស្រ្តាលីនោះទេ»។
សូមបញ្ជាក់ថា ក្នុងសន្និសីទសារព័ត៌មាន នៅស្នាក់ការកណ្តាលគណបក្ស នាព្រឹកថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៦ បន្ទាប់ពីបោះឆ្នោតជ្រើសរើសអ្នកដឹកនាំ គណៈកម្មការជំនាញថ្មីទាំង១០នោះ លោក សុន ឆ័យ បានអះអាងយ៉ាងដូច្នេះថា គណបក្សសង្រ្គោះចង់ឱ្យគណៈកម្មការនោះ ក្លាយជារដ្ឋាភិបាលស្រមោល ដែលជារចនាសម្ព័ន្ធគណៈរដ្ឋមន្រ្តី នៅពេលគណបក្សសង្រ្គោះជាតិឈ្នះឆ្នោត។
លោកថា «យើងចង់បង្កើតឱ្យទៅជារដ្ឋាភិបាលស្រមោលមួយ រដ្ឋាភិបាលស្រមោលនោះ ត្រូវទទួលរងនូវការចោទប្រកាន់ ដោយមិនសមហេតុផល ព្រោះរដ្ឋាភិបាលស្រមោលត្រូវបានរៀបចំ អនុវត្តជាទូទៅ នៅក្នុងប្រទេសដែលកាន់លទ្ធិប្រជាធិបតេយ្យ បែបសភានិយមដូចប្រទេសកម្ពុជាយើង»។
លោកបន្តថា «គេហៅរដ្ឋាភិបាលត្រៀម បើចាញ់ឆ្នោតយើងនៅតែត្រៀមអញ្ចឹងទៅ ដូចដែលសម្តេចនាយករដ្ឋមន្រ្តី គាត់ហៅ នាយករដ្ឋមន្រ្តី ឧទាហរណ៍អញ្ចឹង ប៉ុន្តែបើយើងឈ្នះ អ្នកដែលត្រៀមនោះនឹងក្លាយជារដ្ឋមន្រ្តី យើងមិនអាចបំពេញភារកិច្ច ជូនជាតិឱ្យមានប្រសិទ្ធភាព ដោយយើងមិនគិតគូរពីពេលឥឡូវទេ»។
មន្រ្តីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា លោក ផៃ ស៊ីផាន បានចំអកឱ្យគណបក្សសង្រ្គោះជាតិ ដោយចាត់ទុកថា ការបង្កើតរដ្ឋាភិបាលស្រមោលនេះ គឺជាការស្រមើលស្រមៃរបស់គណបក្សប្រឆាំង និងមេដឹកនាំគណបក្សប្រឆាំង ហើយខុសនឹងច្បាប់បទបញ្ជាផ្ទៃក្នុងនៃរដ្ឋសភា។ លោកថា «គ្រាន់តែជាការ ឃោសនា ដើម្បីឱ្យអ្នកព័ត៌មានក៏ដូចជាសាធារណជន ចាប់អារម្មណ៍ទៅលើខ្លួនប៉ុណ្ណោះ។ វាដូចជាគ្មានសារសំខាន់សម្រាប់ជាតិទេ»។ លោកបានបន្ថែមថា «ការបង្កើតហ្នឹង គឺខុសទៅនឹងបទបញ្ជាផ្ទៃក្នុងនៃរដ្ឋសភា»៕