(ភ្នំពេញ)៖ វីដេអូប្រើប្រាស់អំពើហិង្សាមួយ ត្រូវបានគេចែកចាយនៅតាមបណ្ដាញសង្គម Facebook កាលពីសប្ដាហ៍កន្លងទៅនេះ ដោយបង្ហាញថា នារីម្នាក់ត្រូវបាននារីមួយក្រុមព្រួតគ្នាវាយបណ្ដាលឲ្យរងរបួស ក្នុងផ្ទះសំណាក់មួយកន្លែង ដែលមានទីតាំងស្ថិតនៅខណ្ឌមានជ័យ រាជធានីភ្នំពេញ។

បន្ទាប់ពីទទួលបានវីដេអូនេះ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាកម្លាំងជំនាញស្រាវជ្រាវជាបន្ទាន់។ ក្រោយទទួលបញ្ជា កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដឹកនាំដោយលោកវរសេនីយ៍ឯក ប៊ុន សត្យា ស្នងការរងទទួលផែន និងលោកឧត្តមសេនីយ៍ត្រី លី ប៊ុនអេង ស្នងការរងទទួលដឹកនាំការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល ក៏បានធ្វើការស្រាវជ្រាវជាបន្ដបន្ទាប់។

រហូតនៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៣ បានឈានដល់ការឃាត់ខ្លួនជនសង្ស័យម្នាក់ នៅចំណុចមុខផ្សារព្រែកតូច ឃុំព្រែកតាគង់ ស្រុកស្អាង ខេត្តកណ្តាល ពាក់ព័ន្ធប្រព្រឹត្តបទល្មើស ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស (ព្រួតគ្នាយកដៃ និងជើង វាយ និងទាត់ធាក់លើជនរងគ្រោះបណ្តាលឲ្យរងរបួសឈឺចុកចាប់ពេញដងខ្លួន និងក្នុងពោះ) ប្រព្រឹត្តនៅចំណុចផ្ទះសំណាក់លេខ៣៤២ ផ្លូវលេខ២៧១ ភូមិ៥ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣ បញ្ជូនមកការិយាល័យដើំម្បីសាកសួរចាត់ការតាមនីតិវិធី។

របាយការណ៍របស់ស្នង​ការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ស្ដ្រីដៃដល់ដែលសមត្ថកិច្ចចាប់ខ្លួនឈ្មោះ គ្រុយ ស្រីលាភ អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅផ្ទះជួល ផ្លូវបេតុង ភូមិត្នោតជ្រុំ សង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ចំណែកជនរងគ្រោះឈ្មោះ យ៉េន សុនីតា អាយុ១៤ឆ្នាំ មានអាសយដ្ឋានបច្ចុប្បន្នស្នាក់នៅផ្ទះជួល សង្កាត់ផ្សារដេប៉ូ១ ខណ្ឌទួលគោក រាជធានីភ្នំពេញ មុខរបរនៅផ្ទះ ស្លាកស្នាមរងរបួស បណ្តាលឲ្យរបួសជាំភ្នែកស្តាំ , ជាំត្រចៀកឆ្វេង , ចុកពោះខាងឆ្វេង និងចុកពោះ។

សមត្ថកិច្ចបានរៀបរាប់ថា កាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣ មានករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ព្រួតគ្នាយកដៃ និងជើង វាយ និងទាត់ធាក់លើជនរងគ្រោះបណ្តាលឲ្យរងរបួសឈឺចុកចាប់ពេញដងខ្លួន និងក្នុងពោះ ប្រព្រឹត្តនៅចំណុចផ្ទះសំណាក់លេខ៣៤២ ផ្លូវលេខ២៧១ ភូមិ៥ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ បង្កឡើងដោយជនសង្ស័យចំនួន៤នាក់ មានឈ្មោះ គ្រុយ ស្រីលាភ, ឈ្មោះ ស្រីលី ,ឈ្មោះ ស្រីរ៉ា និងឈ្មោះ ស្រីយូ។

នៅថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៣ ជនរងគ្រោះឈ្មោះ យ៉េន សុនីតា និងមិត្តភ័ក្រចំនួន៧នាក់ បាននាំគ្នាទៅជួលបន្ទប់ផ្ទះសំណាក់កន្លែងកើតហេតុ ចំនួន២មានបន្ទប់លេខ២០៤, លេខ២០៥ ជាន់ទី២ស្នាក់នៅរួមគ្នា រហូតដល់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣ ជនរងគ្រោះ និងជនសង្ស័យក៏បានជួលបន្ទប់ចំនួន២បន្ទប់ទៀត មានបន្ទប់លេខ២១១ និងបន្ទប់២០៨ សរុបចំនួន៤បន្ទប់ បន្ទាប់មកជនរងគ្រោះបានចុះទៅទិញស្រាបៀរ ចំនួន៦កំប៉ុងមកនាំគ្នាផឹកស៊ី។

ពេលនោះជនរងគ្រោះបាននិយាយហើយនិយាយទៀត ថាឈ្មោះ ស្រីលី លួចស្បែកជើងរបស់ខ្លួន តែមិនមានអ្នកណាឆ្លើយតបអ្វីឡើយ រហូតដល់ផឹកស្រាបៀរអស់ ក៏នាំគ្នាទៅដេកតាមបន្ទប់រៀងៗខ្លួនទៅ ដោយជនរងគ្រោះទៅដេកនៅបន្ទប់លេខ២០៥ ជាមួយឈ្មោះ ស្រីយូ រហូតដល់វេលាម៉ោង៦៖០០នាទី ជនរងគ្រោះបានចេញពីបន្ទប់ទៅគោះទ្វារបន្ទប់លេខ២០៤ ដែលឈ្មោះ ស្រីលី , ឈ្មោះ ស្រីរ៉ា កំពុងដេក ហើយអ្នកទាំងពីរនាក់បានទៅហៅឈ្មោះ គ្រុយ ស្រីលាភ ដែលកំពុងដេកនៅបន្ទប់លេខ២១១ ហើយអ្នកទាំងបីនាក់ឈ្មោះ ស្រីលី, ឈ្មោះ ស្រីរ៉ា និងឈ្មោះ គ្រុយ ស្រីលាភ បាននាំគ្នាទៅជួបជនរងគ្រោះដែលកំពុងដេកជាមួយឈ្មោះ ស្រីយូ នៅបន្ទប់លេខ២០៥។

ពេលទៅដល់បន្ទប់លេខ២០៥ ឈ្មោះ ស្រីលី បានសួរទៅជនរងគ្រោះថា «ហេតុអ្វីបានជាចោទថាអញលួចស្បែកជើង» ហើយជនរងគ្រោះនៅតែនិយាយថា ឈ្មោះ ស្រីលី ជាអ្នកលួចស្បែកជើងរបស់ខ្លួនដដែល ពេលនោះឈ្មោះ ស្រីលី, ឈ្មោះ ស្រីរ៉ា និងឈ្មោះ គ្រុយ ស្រីលាភ ក៏បានស្ទុះចូលទៅយកដៃ ជើង វាយទាត់ធាក់ទៅលើជនរងគ្រោះចំក្បាល ត្រចៀកខាងឆ្វេង ទាត់ធាក់ចំពោះ និងផ្ទៃមុខ ហើយស្រែកថា «ហេតុអីបានជាចោទថា អញលួចស្បែកជើងរបស់ង៉ែង» ចំណែកស្រីយូ បានយកទូរសព្ទ័មកថតពីសកម្មភាពដែលឈ្មោះ ស្រីលី , ឈ្មោះ ស្រីរ៉ា និងឈ្មោះ គ្រុយ ស្រីលាភ ព្រួតគ្នាវាយទៅលើជនរងគ្រោះ។

បន្ទាប់ពីធ្វើសកម្មភាពព្រួតគ្នាយកដៃ ជើង វាយទាត់ធាក់លើជនរងគ្រោះរួចហើយ ក៏នាំគ្នាចូលទៅដេកតាមបន្ទប់វិញទៅ។ ចំណែកឈ្មោះ ពេជ្រ មិនបានដឹងរឿងអ្វីឡើយ និងមិនបានចូលរួមធ្វើសកម្មភាពខាងលើទេ។ បច្ចុប្បន្នជនសង្ស័យខាងលើ ការិយាល័យកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី៕