(ភ្នំពេញ)៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣ បានចេញសេចក្ដីបំភ្លឺមួយដើម្បីបញ្ចប់ការយល់ច្រឡំគ្នា និងបង្កជាអំពើហិង្សារវាងអ្នកជួយជនរងគ្រោះ ក្នុងហេតុការណ៍គ្រោះថ្នាក់ ចរាចរណ៍នៅខណ្ឌច្បារអំពៅ និងសន្ដិសុខម្នាក់ ដែលយាមមន្ទីរសម្រាកពហុព្យាបាលណាត្រា នៅសង្កាត់បឹងទំពន់ទី២ ខណ្ឌមានជ័យ កាលពីយប់ឈានចូលថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៣។

ក្រោយទទួលបានបញ្ជាឲ្យស្រាវជ្រាវពី លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ, លោកវរសេនីយ៍ឯក អ៊ុក បូនីន អធិការនគរបាលខណ្ឌមានជ័យ បានឲ្យដឹងថា ក្រោយពីកើតហេតុការណ៍អំពើហិង្សាខាងលើនោះ ភ្លាមកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងទំពន់ទី២ ក៏បានចុះទៅដល់កន្លែងកើតហេតុ បានជួបជាមួយជនរងគ្រោះឈ្មោះ ឡាំ ចាន់ថា ភេទប្រុស អាយុ៣៥ឆ្នាំ ដែលជាអ្នកជួយ ជនរងគ្រោះករណីគ្រោះថ្នាក់ចរាចរណ៍ និងថែមទាំងបានធ្វើដំណើរតាមរថយន្តសង្រ្គោះ មកដល់មន្ទីរសម្រាកពហុព្យាបាលណាត្រា ដោយបានអះអាងថា ជាសាច់ញាតិជនរងគ្រោះ ព្រមទាំងកាន់ទូរស័ព្ទដៃជនរងគ្រោះផងដែរ។

ខណនោះមន្រ្តីប៉ុស្តិ៍សាកសួររឿងរ៉ាវហេតុការណ៍ខាងលើ ទើបដឹងថា ករណីហិង្សានេះផ្តើមចេញពីឈ្មោះ មាស រតនៈ ភេទប្រុស អាយុ២៤ឆ្នាំ ជាសន្តិសុខមន្ទីរសម្រាកពហុព្យាបាលណាត្រា បានយល់ច្រឡំទៅលើបុរសឈ្មោះ ឡាំ ចាន់ថា ខណៈឈ្មោះ មាស រតនៈ បានសុំទូរស័ព្ទដៃរបស់ជនរងគ្រោះ ដើម្បីទំនាក់ទំនងសាច់ញាតិជនរងគ្រោះ ប៉ុន្តែបុរសឈ្មោះ ឡាំ ចាន់ថា មានបំណងចង់គេចវេស។ សន្តិសុខឈ្មោះ មាស រតនៈ មានការសង្ស័យឈ្មោះ ឡាំ ចាន់ថា ជាជនបន្លំចង់លួចទូរស័ព្ទដៃជនរងគ្រោះ នៅពេលនោះក៏មានការប្រតាយប្រតប់គ្នានៅលើកំណាត់ផ្លូវ៣៧១ នាំឲ្យបុរសឈ្មោះ ឡាំ ចាន់ថា រងរបួសលើផ្ទៃមុខតែម្តង។

បន្ទាប់មកបុរសឈ្មោះ ឡាំ ចាន់ថា ក៏បានដាក់ពាក្យប្តឹងទៅលើឈ្មោះ មាស រតនៈ ប៉ុន្តែក្រោយមកនៅពេលដែលមន្រ្តីប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងទំពន់ទី២ កោះហៅអ្នកទាំងពីរនាក់ចូលខ្លួនមកបំភ្លឺ។ បុរសឈ្មោះ មាស រតនៈ ជាសន្តិសុខមន្ទីរសម្រាកពហុព្យាបាលណាត្រា បានឆ្លើយទទួលកំហុស ពិតជាមានការយល់ច្រឡំ និងសុំទោសចំពោះបុរសឈ្មោះ ឡាំ ចាន់ថា ហើយអ្នកទាំងពីរក៏បានសម្របសម្រួលយោគយល់គ្នា ដោយឈ្មោះ ឡាំ ចាន់ថា បានសម្រេចដកពាក្យបណ្តឹងពីប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងទំពន់ទី២ មិនប្តឹងទៅលើឈ្មោះ មាស រតនៈ នោះទៀតទេ ជាមួយនឹងការទទួលយកសំណង៣៥០ដុល្លារ ដើម្បីព្យាបាលមុខរបួស។

សូមបញ្ជាក់ថា នៅថ្ងៃទី២៣ ខែកញ្ញា ២០២៣ ម៉ោង ២១៖៥០នាទី នៅចំណុចផ្លូវចូលបូរីប៉េងហួត (ខាងកើត) លើផ្លូវជាតិលេខ១ ភូមិក្តីតាកុយ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាង រថយន្ត និងម៉ូតូ ដោយបើកបរម៉ូតូរងរបួសស្រាល បញ្ជូនទៅព្យាបាលនៅមន្ទីរសម្រាកព្យាបាលណាត្រា នៅសង្កាត់បឹងទំពន់ទី២ ខណ្ឌមានជ័យ។ រថយន្ត និងម៉ូតូរងការខូចខាតស្រាល ផ្អែកតាមច្បាប់ចរាចរណ៍ផ្លូវគោក និងការវាស់វែងពិនិត្យកន្លែងកើតហេតុរបស់មន្រ្តីនគរបាលចរាចរណ៍សន្និដ្ឋានបានថា អ្នកបើកបររថយន្តបើកបត់ឆ្វេងឆ្លងផ្លូវ មិនគោរពសិទ្ធិយានផ្លូវត្រង់៕