(ភ្នំពេញ)៖ លោកវរសេនីយ៍ត្រី ឯក សេរីវុធ អធិការរងនគរបាលយុត្តិធម៌ ខណ្ឌជ្រោយចង្វារ បានប្រាប់ភ្នាក់ងារ Fresh Newsថា កម្លាំងនគរបាលខណ្ឌរបស់លោក សហការជាមួយកម្លាំងនគរបាលប៉ុស្ដិ៍ជ្រោយចង្វារ បានបង្ក្រាបជាក់ស្ដែង នូវករណីរក្សាទុក និងប្រើប្រាស់គ្រឿងញៀន ដោយឃាត់ខ្លួនជនសង្ស័យ ជាបន្តបន្ទាប់ចំនួន៤នាក់បន្ថែម ទៀតហើយដកហូតបានថ្នាំញៀន២កញ្ចប់ និងម៉ូតូ២គ្រឿង។
លោក ឯក សេរីវុធ បានបញ្ជាក់ថា «កម្លាំងរបស់យើងបានបង្ក្រាប និងឃាត់ខ្លួនជនប្រើប្រាស់គ្រឿងញៀននេះនៅយប់ថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៦ នៅតាមបណ្តោយផ្លូវជាតិលេខ៦ ទល់មុខវត្តកៀនឃ្លាំង ស្ថិតក្នុងភូមិកៀនឃ្លាំង សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ។
លោក ឯក សេរីវុធ បានបញ្ជាក់ទៀតថា ជនញៀនថ្នាំត្រូវឃាត់ខ្លួនទី១-ឈ្មោះម៉ូង មឿន ភេទប្រុស អាយុ២៤ឆ្នាំ មានមុខរបរកម្មករសំណង់ ទី២-ឈ្មោះ ទិត្យ ឡុន ភេទប្រុស អា យុ៣០ឆ្នាំ ទី៣-ឈ្មោះ ហើង នី ភេទប្រុស អាយុ២៦ឆ្នាំ មានមុខរបរបុគ្គលិកក្រុមហ៊ុន គូបូតា ជនត្រូវជាប់សង្ស័យពាក់ព័ន្ធករណី ប្រើប្រាស់គ្រឿងញៀនទាំង៣នាក់ ស្នាក់នៅ ការដ្ឋានសំណង់ភូមិកៀនឃ្លាំង សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ និងទី៤-ឈ្មោះសាន់ វិជ្ជា ភេទប្រុស អាយុ២៥ឆ្នាំ មានមុខរបរមិនពិតប្រាកដស្នាក់នៅតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ីក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។ លោក ឯក សេរីវុធ បានបន្ថែមថា កម្លាំងនៃអធិការដ្ឋាននគរបាល ខណ្ឌជ្រោយចង្វារ ជានិច្ចជាកាលតែងតែដាក់គោល ដៅជាប្រចាំឈរជើងយាមល្បាត ពួនស្ទាក់ដោយសហការនិងកម្លាំងសមត្ថកិច្ច តាមមូលដ្ឋានប៉ុស្ដិ៍នីមួយៗ ដើម្បីបង្ការទប់ស្កាត់រាល់បទល្មើសក្នុងភូមិសាស្ត្រ ខណ្ឌរបស់ខ្លួនដោយខិតខំប្រឹងប្រែង «អនុវត្តន៍តាមបទបញ្ជាពីនាយឧត្តមសេនីយ៍ ជួន សុវណ្ណ អគ្គស្នងការរងនិង ជាស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីពង្រឹងលើបញ្ហាសន្តិសុខ ភូមិ-សង្កាត់ មានសុវត្ថិភាព»។
ជាក់ស្តែងនៅយប់មិញនេះ កម្លាំងនគរបាលយើងបាន បន្តល្បាតទើបប្រទះឃើញ បក្ខពួកមួយក្រុមជិះម៉ូតូ២គ្រឿង មានគ្នា៤នាក់ ដោយគួរសង្ស័យក៏ឃាត់សួរនាំ ដើម្បីត្រួតពិនិត្យជាបន្តបន្ទាប់ បានរកឃើញក្រាមពណ៌ថ្លា ជាប្រភេទម៉ាទឹកកកចំនួន ២កញ្ចប់ដែលក្រុមទាំងនេះ បានរក្សាទុកជាប់ខ្លួនត្រៀមយកទៅប្រើប្រាស់រួមគ្នា ទើបឈានដល់ការបង្ក្រាប និងឃាត់ខ្លួនតែម្ដង និងដកហូតមធ្យោបាយធ្វើដំណើរ មានម៉ូតូចំនួន២គ្រឿងផងដែរ។
បច្ចុប្បន្នជនសង្ស័យពាក់ព័ន្ធករណីប្រើប្រាស់ នូវសារធាតុញៀនទាំង៤នាក់ រួមជាមួយវត្ថុតាង ត្រូវបានបញ្ជូនទៅសាកសួរបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ ដើម្បីកសាងសំណុំរឿងបញ្ជូន ទៅកាន់អយ្យការសាលាដំបូង រាជធានីភ្នំពេញ ចាត់ការតាមនិតិវិធីច្បាប់៕