(ភ្នំពេញ)៖ កម្មករ-កម្មការិនីរោងចក្រកាត់ដេរយីហោ «សាមិន» ស្ថិតនៅអាគារលេខ៣៥ ក្នុងសួនឧស្សាហកម្មកាណាឌីយ៉ា ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ បានប្រមូលផ្ដុំគ្នាធ្វើកូដកម្មបិទ ផ្លូវចូលទៅកាន់រោងចក្រ និងស្រែកតាមមេក្រូ ធ្វើការតវ៉ាទាមទារសុំឲ្យថៅកែជនជាតិកូរ៉េបើកប្រាក់ខែឲ្យពួកគេ។ ការតវ៉ានេះបានធ្វើឡើងរយៈពេល២ថ្ងៃមកហើយ តែដោយសារតែគ្មានដំណោះស្រាយ ទើបពេលនេះក្រុមកម្មករនាំគ្នាសម្រេចបិទផ្លូវតែម្តង ក្នុងបំណងពន្លឿននូវការដោះស្រាយពីថៅកែ។
ការតវ៉ារហូតមានការបិទផ្លូវនេះ បានធ្វើឡើងនៅវេលាម៉ោង៩និង៣០នាទី ព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៦នៅមុខរោងចក្រតែម្តង។ កម្មករបាននិយាយថា ពួកគេបានចូលបម្រើការងារនៅក្នុងរោងចក្រកាត់ដេរមួយនោះមានគ្នាជាង៤០០នាក់ គ្រប់គ្រងដោយថៅកែជនជាតិកូរ៉េ ហើយបានផ្ទុះការតវ៉ារយៈពេល២ថ្ងៃមកហើយ គឺតាំងពីថ្ងៃទី១០ ខែសីហា ប៉ុន្តែខាងថៅកែរោងចក្រមិនមានដំណោះស្រាយនោះឡើយ។ បើតាមក្រុមកម្មករ មូលហេតុដែលនាំឲ្យមានការតវ៉ាបែបនេះ ក៏ព្រោះតែថៅកែមិនព្រមបើកប្រាក់ឈ្នួលជូនពួកគេ ហើយនៅ ពេលធ្វើកូដកម្មនេះ ថៅកែក៏មិនបានអើពើចេញមុខមកដោះស្រាយនោះទេ។ ពួកគេថា «ថៅកែបានធ្វើព្រងើយកន្តើយ មិនដឹងមិនឮអ្វីទាំងអស់ទើបនៅព្រឹកថ្ងៃទី១១ ខែសីហា ពួកយើងបាននាំបិទផ្លូវចូលរោងចក្រតែម្តង»។
យ៉ាងណាក៏ដោយ ការប្រមូលផ្តុំការតវ៉ានេះ មិនបណ្តាលឲ្យមានអំពើហិង្សាកើតឡើងនោះឡើយ តែសម្រាប់ដំណោះស្រាយនោះ ក៏មិនទាន់ដឹងផងដែរ៕