(ត្បូងឃ្មុំ)៖ លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ បានចុះជួបសំណេះសំណាលសាកសួរសុខទុក្ខជាមួយអាជីវកលក់ដូរផ្សារអូររាំងឪ និងបន្តចុះពិនិត្យទីតាំងអាជីវកម្ម សិប្បកម្ម ក្រុមហ៊ុន សហគ្រាស ដែលបានដាក់បញ្ចូល ដើម្បីត្រៀមដាក់បញ្ចូលបន្ថែមជាសមាជិកភូមិមួយផលិតផលមួយក្នុងខេត្តត្បូងឃ្មុំ។

សកម្មភាពនេះធ្វើឡើងនាថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣។ លោក ជាម ច័ន្ទសោភ័ណ បន្តដំណើរចុះពិនិត្យទីតាំងសមាជិកភូមិមួយផលិតផលមួយនៅក្នុងស្រុកអូររាំងឪ មានចំនួន៣ទីតាំង រួមមាន រោងម៉ាស៊ីនកិនស្រូវ ប៊ូ សុខា, សិប្បកម្មផលិតសៀងឆ្ងាញ់ រដ្ឋា ប៊ុណ្ណា និងសិប្បកម្មផលិតត្រសក់ចាវឆ្ងាញ់ និងនៅក្រុងសួងចំនួន១ទីតាំង នៅហាងនំ ឆាយ ហុង។

លោកអភិបាលខេត្តបានបញ្ជាក់ទៅកាន់ម្ចាស់អាជីវកម្ម សិប្បកម្ម សហគ្រាសថា អ្នកផលិតក្នុងស្រុកត្រូវជឿជាក់ថាផលិតផលរបស់ខ្លួនមានគុណភាព និងមានស្តង់ដាត្រឹមត្រូវ តាមការកំណត់របស់ភូមិ១ផលិតផល១ ពិសេសត្រូវធានាថាផលិតផលរបស់ខ្លួនទាំងអស់ជាផលិតផលក្នុងស្រុក មិនមែនជាផលិតផលនាំចូលពីខាងក្រៅ ហើយបានជំរុញឱ្យចុះបញ្ជីម៉ាកផលិតផលរបស់ខ្លួនផងដែរ។

លោកបានផ្ដាំផ្ញើដល់សមាជិកក្រុមការងារភូមិមួយផលិតផលមួយ ពិសេសអ្នកផលិត ទាំងអ្នកបានចុះបញ្ជីរួច និងអ្នកកំពុងដាក់ពាក្យស្នើសុំចុះបញ្ជី ត្រូវបន្តចូលរួមសហការគ្នាឱ្យបានល្អ ដើម្បីធ្វើយ៉ាងណាជំរុញគុណភាព និងទីផ្សារផលិតខ្មែរឱ្យកាន់តែប្រសើរឡើង។

លោក ជាម ច័ន្ទសោភ័ណ ក៏បានជំរុញដល់សមាជិកក្រុមការងារភូមិមួយផលិតផលមួយ អាជីវករ ផលិតករ ពាណិជ្ជករ សមាគមន៍អាជីវករ និងសាធារជនទូទៅទូទាំងខេត្តត្បូងឃ្មុំ សូមចូលរួមវេទិកាផ្គូរផ្គងរវាងអ្នកលក់ និងអ្នកទិញ និងការតាំងបង្ហាញផលិតផលក្នុងស្រុកឱ្យបានច្រើនកុះករ។

សូមជម្រាបថា ដើម្បីលើកស្ទួយគាំទ្រផលិតផលក្នុងខេត្តឱ្យបានផុសផុល រដ្ឋបាលខេត្តត្បូងឃ្មុំបានរៀបចំវេទិកាផ្គូរផ្គងរវាងអ្នកលក់ និងអ្នកទិញ និងការតាំងបង្ហាញផលិតផលក្នុងស្រុក ក្រោមគម្រោងការទទួលបានទីផ្សារសម្រាប់អ្នកផលិត និងសហគ្រាសធុនតូច និងមធ្យម (ភូមិ១ផលិតផល១) ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៣ នៅមាត់ទន្លេសិប្បនិម្មិតទីរួមខេត្ត។ ផលិតផលដែលត្រូវដាក់តាំងបង្ហាញមានដូចជា ចម្លាក់ សម្លៀកបំពាក់ សិល្បៈ ចំណីអាហារ ភេសជ្ជៈ កសិកម្ម (វត្ថុធាតុដើម) សិប្បកម្ម និងរបស់ប្រើប្រាស់ប្រចាំថ្ងៃជាច្រើនទៀត៕