(ហ្សាការតា, ឥណ្ឌូណេស៊ី)៖ នៅព្រឹកថ្ងៃចន្ទ ទី២៥ ខែកញ្ញា ឆ្នាំ២០២៣ លោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន រួមជាមួយគណៈកម្មាធិការនៃតំណាងអចិន្រៃ្តយ៍ប្រចាំអាស៊ាន (CPR) បានជិះសាកល្បងរថភ្លើងល្បឿនលឿន ពីទីក្រុងហ្សាការតា-បានឌុង ដែលរៀបចំដោយស្ថានបេសកកម្មនៃសាធារណរដ្ឋឥណ្ឌូណេស៊ីប្រចាំអាស៊ាន និងស្ថានបេសកកម្មនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំអាស៊ាន។

គោលបំណងនៃការជិះសាកល្បងនេះ គឺដើម្បីពិនិត្យមើលរថភ្លើងល្បឿនលឿនដំបូងគេនៅក្នុងប្រទេសឥណ្ឌូណេស៊ី ហើយក៏ទីមួយ នៅក្នុងអាស៊ានដែរ។

នៅរសៀលថ្ងៃចន្ទ លោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានអញ្ជើញបំពេញទស្សនកិច្ចការងារនៅមជ្ឈមណ្ឌលសម្របសម្រួលអាស៊ានសម្រាប់ជំនួយមនុស្សធម៌ ស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយ (AHA Centre) ។ ឯកឧត្តមអគ្គលេខាធិការអាស៊ាន បានគូសបញ្ជាក់ថា នៅក្នុងតួនាទីជា អ្នកសម្របសម្រួលជំនួយមនុស្សធម៌អាស៊ាន (SG-AHAC) ឯកឧត្តម ប្តេជ្ញាធ្វើការយ៉ាងជិតស្និទ្ធជាមួយ AHA Centre។

ដោយឡែកនៅល្ងាចថ្ងៃចន្ទ ដដែលនេះ លោកបណ្ឌិត កៅ គឹមហួន ក៏ទទួលជួបគណៈប្រតិភូពីមជ្ឈមណ្ឌលសម្រាប់ការសិក្សាចិនទំនើប នៃក្រសួងកិច្ចការខាងក្រៅរបស់ឥណ្ឌា។ ក្នុងឱកាសនោះ ភាគីទាំងពីរបានផ្លាស់ប្តូរទស្សនៈស្តីពីការវិវត្តន៍ថ្មីៗ នៅក្នុងអាស៊ាន និងឥណ្ឌា រួមទាំងសមិទ្ធផលនានា ក្រោមការធ្វើជាប្រធានអាស៊ានរបស់ឥណ្ឌូណេស៊ី ក៏ដូចជា ទំនាក់ទំនងខាងក្រៅរបស់អាស៊ាន៕