(ភ្នំពេញ)៖ កម្លាំងនគរបាលនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ សហការជាមួយកម្លាំង នគរបាលរាជធានីភ្នំពេញ ក្រោមការសម្របសម្រួល ពីតំណាងអយ្យការផងនោះ នៅព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៦នេះ បានបន្ត យុទ្ធនាការចុះទៅត្រួតពិនិត្យ និងធ្វើការឃាត់ខ្លួនជនជាតិវៀតណាម ដែលកំពុងរស់នៅ និងធ្វើការខុសច្បាប់នៅក្នុងរោងសិប្បកម្មកែច្នៃ ឈើមួយកន្លែង ស្ថិតនៅភូមិក្រសាំងជ្រុំសង្កាត់គោករការ ខណ្ឌព្រែកព្នៅ។
លោកឧត្តមសេនីយ៍ទោ អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី បានថ្លែងថា ជាលទ្ធផលកម្លាំងប្រតិបត្តិការចំរុះ បានធ្វើការឃាត់ ជនជាតិវៀតណាមចំនួន៥នាក់ ពីបទលួចឆ្លងដែនស្នាក់នៅ និងគ្មានលិខិតឆ្លងដែន។ លោកឧត្តមសេនីយ៍បានបន្តថា សម្រាប់បុរសជនជាតិទាំង៥នាក់ ត្រូវបានបញ្ជូនភ្លាមៗទៅកាន់នាយកដ្ឋានរបស់លោក ដើម្បីបន្តសួរនាំ និងចាត់ការតាមនីតិវិធី។
បើតាមលោក អ៊ុក ហៃសីឡា ក្រោមការដឹកនាំបញ្ជាផ្ទាល់ពីនាយឧត្តមសេនីយ៍ សុខ ផល អគ្គនាយកដ្ឋានអន្តោប្រវេសន៍កម្លាំង នគរបាលរបស់លោក នឹងបន្តយុទ្ធនាការចុះត្រួតពិនិត្យការស្នាក់នៅ និងការធ្វើការរបស់ជនបរទេសជាប្រចាំ ពោលមិនឲ្យបន្តលួចលាក់ រស់នៅ និងធ្វើការដោយខុសច្បាប់នៃព្រះរាជាណាចក្រកម្ពុជានោះឡើយ៕