(ត្បូងឃ្មុំ)៖ នាថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣នេះ លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ អញ្ជើញជួបសំណេះសំណាលសាកសួរសុខទុក្ខ ជាមួយបងប្អូនអាជីវកលក់ដូរផ្សារអូររាំងឪ និងបន្តចុះពិនិត្យទីតាំងអាជីវកម្ម សិប្បកម្ម ក្រុមហ៊ុន សហគ្រាស ដែលបានដាក់បញ្ចូល និងត្រៀមដាក់បញ្ចូលបន្ថែមជាសមាជិកភូមិមួយផលិតផលមួយ ក្នុងខេត្តត្បូងឃ្មុំ។

ក្នុងឳកាសជួបសំណេះសំណាលសួរសុខទុក្ខ ជាមួយបងប្អូនអាជីវកលក់ដូរក្នុងផ្សារអូររាំងឪ ក្នុងទីរួមស្រុកអូររាំងឪ លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ បានដោះស្រាយបញ្ហាប្រឈមចាំបាច់មួយចំនួនផងដែរ។ ជាការឆ្លើយតបបងប្អូនអាជីវករបានសម្ដែងនូវការត្រេកអរ និងអរគុណចំពោះការយកចិត្តទុកដាក់ខ្ពស់របស់ថ្នាក់ដឹកនាំខេត្ត ពិសេសឯកឧត្តមបណ្ឌិត អភិបាលខេត្ត ក្រោមការទទួលស្វាគមន៍យ៉ាងរាក់ទាក់ស្និតស្នាលជាទីបំផុត។

តមក លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ បន្តដំណើរចុះពិនិត្យទីតាំងសមាជិកភូមិមួយផលិតផលមួយ នៅក្នុងស្រុកអូររាំងឪ មានចំនួន៣ទីតាំងរួមមាន រោងម៉ាស៊ីនកិនស្រូវ ប៊ូ សុខា, សិប្បកម្មផលិតសៀងឆ្ងាញ់ រដ្ឋា ប៊ុណ្ណា និងសិប្បកម្មផលិតត្រសក់ចាវឆ្ងាញ់ និងនៅក្រុងសួងចំនួន១ទីតាំង នៅហាងនំ ឆាយ ហុង ។

ស្ថិតក្នុងឳកាសនោះ លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត បានបញ្ជាក់ទៅកាន់ម្ចាស់អាជីវកម្ម សិប្បកម្ម សហគ្រាសថា អ្នកផលិតក្នុងស្រុក ត្រូវជឿជាក់ថា ផលិតផលរបស់ខ្លួនមានគុណភាព និងមានស្តង់ដារត្រឹមត្រូវ តាមការកំណត់របស់ភូមិ១ផលិតផល១ ពិសេសត្រូវធានាថា ផលិតផលរបស់ខ្លួនទាំងអស់ ជាផលិតផលក្នុងស្រុក មិនមែនជាផលិតផលនាំចូលពីខាងក្រៅ ហើយបានជំរុញឱ្យចុះបញ្ជីម៉ាកផលិតផលរបស់ខ្លួនផងដែរ។

លោកបណ្ឌិត បានផ្ដាំផ្ញើដល់សមាជិកក្រុមការងារភូមិមួយផលិតផលមួយ ពិសេសអ្នកផលិត ទាំងអ្នកបានចុះបញ្ជីរួច និងអ្នកកំពុងដាក់ពាក្យស្នើសុំចុះបញ្ជី ត្រូវបន្តចូលរួមសហការគ្នាឱ្យបានល្អ ដើម្បីធ្វើយ៉ាងណាជំរុញគុណភាព និងទីផ្សារផលិតខ្មែរឱ្យកាន់តែប្រសើរឡើង។

ជាចុងក្រោយ លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ ក៏បានជំរុញដល់សមាជិកក្រុមការងារភូមិមួយផលិតផលមួយ អាជីវករ ផលិតករ ពាណិជ្ជករ សមាគមន៍អាជីវករ និងសាធារៈជនទូទៅ ទូទាំងខេត្តត្បូងឃ្មុំ សូមអញ្ជើញចូលរួមវេទិកាផ្គូរផ្គងរវាងអ្នកលក់ និងអ្នកទិញ និងការតាំងបង្ហាញផលិតផលក្នុងស្រុក អោយបានច្រើនកុះករ។

សូមជម្រាបថា៖ ដើម្បីលើកស្ទួយគាំទ្រផលិតផលក្នុងខេត្តឲ្យបានផុសផុល រដ្ឋបាលខេត្តត្បូងឃ្មុំ បានរៀបចំវេទិកាផ្គូរផ្គងរវាងអ្នកលក់ និងអ្នកទិញ និងការតាំងបង្ហាញផលិតផលក្នុងស្រុក ក្រោមគម្រោងការទទួលបានទីផ្សារសម្រាប់អ្នកផលិត និងសហគ្រាសធុនតូច និងមធ្យម (ភូមិ១ផលិតផល១) ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៣ នៅមាត់ទន្លេសិប្បនិម្មិត ទីរួមខេត្ត។ ផលិតផលដែលត្រូវដាក់តាំងបង្ហាញមានដូចជា ចម្លាក់ សំលៀកបំពាក់ សិល្បៈ ចំណីអាហារ ភេសជ្ជៈ កសិកម្ម (វត្ថុធាតុដើម) សិប្បកម្ម និងរបស់ប្រើប្រាស់ប្រចាំថ្ងៃជាច្រើនទៀត៕