(សេអ៊ូល)៖ លោក នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ បានដឹកនាំគណៈប្រតិភូរដ្ឋបាលរាជធានីភ្នំពេញ ជាមួយនឹងរដ្ឋបាលខេត្តចំនួនពីរទៀតរបស់កម្ពុជា ចូលរួមនៅក្នុងជំនួបកំពូលទីក្រុងពិភពលោក (World Cities Summit) ឆ្នាំ២០២៣ នៅរដ្ឋធានីសេអ៊ូល សាធារណរដ្ឋកូរ៉េ នៅថ្ងៃចន្ទ ទី២៥ ខែកញ្ញា ឆ្នាំ២០២៣ នេះ។

ពិធីបើកជំនួបកំពូលនេះធ្វើឡើងក្រោមអធិបតីភាព លោក ដេស្មុន លី (Desmond Lee) រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជាតិសិង្ហបុរី និងលោក អូ សេហ៊ូន (Oh Se-hoon) អភិបាលរដ្ឋធានីសេអ៊ូល សាធារណរដ្ឋកូរ៉េ ដោយមានការអញ្ជើញចូលរួមពីតំណាងទីក្រុងចំនួនជាង ៦០ មកពីប្រមាណ ៣០ ប្រទេសជុំវិញពិភពលោក។ ជំនួបកំពូលនៅឆ្នាំនេះ ដែលមានរដ្ឋធានីសេអ៊ូលធ្វើជាម្ចាស់ផ្ទះ បានធ្វើឡើងក្រោមប្រធានបទ «ទីក្រុងដែលគួរឱ្យរស់នៅ និងមានចីរភាព ៖ ការបង្កើតអនាគតប្រកបដោយបរិយាប័ន្ន និងមានភាពធន់»។

នៅក្នុងឱកាសនៃកិច្ចពិភាក្សារវាងបណ្តាអភិបាលទីក្រុង លោកអភិបាលរង នួន ផារ័ត្ន បានលើកឡើងអំពីកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋបាលរាជធានីភ្នំពេញក្នុងការលើកកម្ពស់បរិស្ថានរស់នៅក្នុងទីក្រុង ដោយពង្រឹងនូវភាពធន់ និងការគិតគូរដល់បរិយាប័ន្នសម្រាប់ប្រជាពលរដ្ឋ។

លោកបានបន្តថា កិច្ចខិតខំប្រឹងប្រែងនេះធ្វើឡើង ដោយអនុវត្ត និងស្របទៅតាមយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលនៅក្នុងចំណោមកម្មវិធីគោលនយោបាយអាទិភាពទាំង ៦ មានកម្មវិធីគោលនយោបាយដែលពាក់ព័ន្ធដោយផ្ទាល់ទៅនឹងជនដែលមានជីវភាពលំបាក និងក្រុមជនងាយរងគ្រោះក្នុងគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ នៅក្នុងគ្រាមានវិបត្តិសេដ្ឋកិច្ច និងគ្រាមានគ្រោះអាសន្ន។

សូមជម្រាបផងដែរថា ជំនួបកំពូលទីក្រុងពិភពលោក (World Cities Summit) ជាវេទិកាដ៏សំខាន់មួយ ដែលតែងត្រូវបានរៀបចំឡើងមួយឆ្នាំម្តង ក្នុងគោលបំណងអនុញ្ញាតឱ្យបណ្តាអភិបាលទីក្រុងនៅជុំវិញពិភពលោក អាចមកជួបជុំគ្នា ដើម្បីពិភាក្សាអំពីបញ្ហាប្រឈម ការចែករំលែកបទពិសោធន៍ល្អៗ និងជោគជ័យដល់គ្នាទៅវិញទៅមក ក៏ដូចជាការស្វែងរកដៃគូសហការ ដើម្បីជំរុញការអភិវឌ្ឍទីក្រុងប្រកបដោយចីរភាព និងមានការគិតគូរច្បាស់លាស់។