(ភ្នំពេញ)៖ ក្នុងជំនួបពិភាក្សាការងារ និងសម្ដែងការគួរសម ដែលធ្វើឡើងនៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣ រវាងលោករដ្ឋមន្ដ្រីសុខាភិបាល លោសាស្ដ្រាចារ្យ ឈាង រ៉ា និងអគ្គរដ្ឋទូតសាធារណរដ្ឋតួកគីប្រចាំកម្ពុជា លោកស្រី អ៊ូឃូ ខូចាអេសហ៊្វេ (Ulku Kocaefe) ភាគីទាំងពីរ បានប្ដេជ្ញារួមគ្នាពង្រីកកិច្ចសហប្រតិបតិ្ដការលើវិស័យសុខាភិបាលឱ្យកាន់តែទូលំទូលាយ។ជំនួបនេះបានប្រព្រឹត្ដទៅនៅទីស្ដីការក្រសួង។

លោកសាស្ត្រាចារ្យរដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់រដ្ឋាភិបាលសាធារណរដ្ឋតួកគី តាមរយៈស្ថានទូតសាធារណរដ្ឋតួកគីប្រចាំកម្ពុជា ដែលកន្លងមកតែងតែមានទំនាក់ទំនងការទូតដ៏ល្អ និង បានចូលរួមចំណែកក្នុងការធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធថែទាំសុខភាពនៅកម្ពុជា។

ជាកិច្ចឆ្លើយតប លោកស្រីឯកអគ្គរដ្ឋទូត បានថ្លែងអបអរសាទរ និងជូនពរ លោកសាស្ត្រាចារ្យរដ្ឋមន្ត្រី ក្នុងឱកាសដែល ទទួលបានការទុកចិត្តពីរាជរដ្ឋាភិបាលអាណត្តិទី៧ តែងតាំងជារដ្ឋមន្ត្រីក្រសួង សុខាភិបាល។

លោកស្រីអគ្គរដ្ឋទូត ស្នើសុំការគាំទ្រពីក្រសួងសុខាភិបាល ក្នុងការរៀបចំកិច្ចព្រមព្រៀងស្តីអំពីកិច្ចសហប្រតិបត្តិការវិស័យសុខាភិបាលនៃប្រទេសទាំងពីរ និងជម្រាបជូនថា ក្រសួងសុខាភិបាលតួកគី ស្នើសុំរៀបចំឱ្យមានកិច្ចសហប្រតិបត្តិការជាមួយក្រសួងសុខាភិបាលកម្ពុជា ក្នុងការបណ្តុះបណ្តាលធនធានមនុស្ស សុខភាពសាធារណៈ ការគ្រប់គ្រងមន្ទីរពេទ្យ និងការស្រាវជ្រាវជាដើម។

លោកសាស្ត្រាចារ្យរដ្ឋមន្ត្រី បានស្វាគមន៍ និងថ្លែងអំណរគុណចំពោះសំណើសុំកិច្ចសហប្រតិបត្តិការ ព្រមទាំងស្នើឱ្យមន្ត្រីជំនាញបច្ចេកទេសរបស់ក្រសួងសុខាភិបាលនៃប្រទេសទាំងពីរ ពិភាក្សាគ្នាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការនេះឱ្យបានឆាប់រហ័ស។

លោកស្រីឯកអគ្គរដ្ឋទូត បានសន្យាពង្រឹងកិច្ចសហប្រតិបត្តិការ គាំទ្រផែនការអាទិភាពរបស់ក្រសួងសុខាភិបាល ព្រមទាំងជួយពង្រីកវិសាលភាពនៃកិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា-តួកគី លើវិស័យសុខាភិបាល តាមរយៈកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយក្រុមការងារបច្ចេកទេសរបស់ក្រសួងសុខាភិបាល។

លោកសាស្ត្រាចារ្យរដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់រដ្ឋាភិបាល និងប្រជាជននៃសាធារណរដ្ឋតួកគី ជាពិសេស លោកស្រីឯកអគ្គរដ្ឋទូត ដែលបានបញ្ជាក់ជំហរគាំទ្ររួមចំណែកជាមួយនឹងកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងសុខាភិបាលកម្ពុជា ក្នុងការលើកកម្ពស់សុខុមាលភាពរបស់ប្រជាជនកម្ពុជា ដើម្បីឈានទៅសម្រេចបាននូវការគ្របដណ្តប់សុខភាពជាសកល ស្របតាមផែនការយុទ្ធសាស្រ្តបញ្ចកោណ នៃរាជរដ្ឋាភិបាលអណត្តិទី៧ ក្រោមការដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា៕