(ភ្នំពេញ)៖ ក្លិបអ្នកកាសែតកម្ពុជា (ក.អ.ក) ដោយមានកិច្ចសហការជាមួយស្ថានទូតជប៉ុន ប្រចាំនៅកម្ពុជា នឹងរៀបចំកិច្ចពិភាក្សាតុមូលស្តីពី «ទំនាក់ទំនងកម្ពុជា-ជប៉ុន» នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣ ស្អែកនេះ។

កិច្ចពិភាក្សាតុមូលនេះនឹងធ្វើឡើងនៅសណ្ឋាគារ សាន់ & មូន រីវើសាយ (SUN & MOON Riverside Hotel ) ស្ថិតនៅមាត់ទន្លេ កែងស្ពាន ព្រះមុនីវង្ស មហាវិថីព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

កិច្ចពិភាក្សាតុមូលស្តីពី «ទំនាក់ទំនងកម្ពុជា-ជប៉ុន» នេះ ដើម្បីផ្ដល់ឱកាសដល់អ្នកសារព័ត៌មានបានស្វែងយល់ដឹងបន្ថែមទៀត អំពីតួនាទីរបស់ប្រទេសជប៉ុន សម្រាប់ការអភិវឌ្ឍនៅកម្ពុជា ដោយផ្តើមចេញពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរក្នុងរយៈពេល ៧០ឆ្នាំកន្លងមកនេះ។

ឯកអគ្គរាជទូតជប៉ុន ប្រចាំនៅកម្ពុជានឹងធ្វើជាវាគ្មិនកិត្តិយសក្នុងកិច្ចពិភាក្សានេះ ដោយផ្តើមពីការធ្វើបទបង្ហាញអំពីគោលនយោបាយ នៃទំនាក់ទំនងការទូត និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ការផ្តល់ជំនួយអភិវឌ្ឍ រួមទាំងលទ្ធភាពនៃគម្រោងផ្តល់ជំនួយផ្សេងៗទៀតដល់កម្ពុជា។

កិច្ចពិភាក្សានេះ គឺជាឱកាសដែលអ្នកសារព័ត៌មានអាចលើកជាសំណួរពាក់ពន្ធ័នឹងទំនាក់ទំនង កម្ពុជា-ជប៉ុន ទាក់ទងនឹងជំនួយ ឬក៏សំណួរផ្សេងៗទៀតសម្រាប់យកទៅផ្សព្វផ្សាយជាព័ត៌មាន៕