(ភ្នំពេញ)៖ មន្ត្រីអាជ្ញាធរខណ្ឌច្បារអំពៅ នៅព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៦ នេះ បានដឹកនាំកំលាំងចំរុះមួយក្រុមចុះទៅឃាត់សកម្មភាព ដឹកដីចាក់លប់រំលោភយកដីបឹងត្រា ដែលមានទីតាំងស្ថិត នៅក្នុងសង្កាត់ព្រែកថ្មី ជាបណ្ដោះអាសន្នសិន ដើម្បីត្រួតពិនិត្យមើលលិខិតស្នាម មុននឹងអនុញាតអោយចាក់ដីបន្តទៀត។
លោក រស់ សុភ័ក្ដ អភិបាលរងខណ្ឌច្បារអំពៅ ដែលបានដឹកនាំកំលាំងចំរុះ ចុះទៅឃាត់សកម្មភាពចាក់ដី របស់ក្រុមហ៊ុនផានអុីមិច ខាងលើនេះ បានប្រាប់អ្នកកាសែតអោយដឹងថា ការចុះមកហាមឃាត់នេះ គឺដើម្បីត្រួតពិនិត្យមើលច្បាប់ទំលាប់ និងផ្ទៀងផ្ទាត់មើលថាតើ ការចាក់ដីនេះក្រុមហ៊ុនចាក់នៅលើដី ដែលក្រុមហ៊ុនបានទិញស្របច្បាប់ ឬចាក់ប៉ះពាល់ទៅលើ ដីអ្នកដ៏ទៃឬ ប៉ះទៅលើដីបឹងសាធារណៈ(បឹងត្រា) ព្រោះមានប្រជាពលរដ្ឋបានប្ដឹង ចោទប្រកាន់ក្រុមហ៊ុននេះ ថាចាក់ដីរំលោភយកដីបឹង និងចាក់លប់បិទផ្លូវទឹកហូចូល បឹងធម្មជាតិដែល អ្នកស្រុកទុកប្រើប្រាស់ ជាសម្បត្តិរួមជាដើម។
សូមបញ្ជាក់ថាអ្នកស្រុកភាគច្រើន អោយតែឮថាក្រុមហ៊ុនផាន អុីមិច ទៅទិញដី ទៅធ្វើការអភិវឌ្ឍនៅកន្លែង ណាគឺប្រជាជននៅតំបន់នោះ មានការព្រួយបារម្ភពីរឿងប៉ះពាល់ ទៅលើដីធ្លី ការរស់នៅ និងការប្រកបរបរទទួលទានរបស់ពួកគាត់។
ដូច្នេះហើយពេលឃើញ ក្រុមហ៊ុនផានអុីមិចប្រើប្រាស់គ្រឿងចក្រ និងរថយន្តដឹកអាចម៏ដីយក ទៅចាក់នៅទីតាំងខាងលើពួកគាត់ក៏ប្ដឹង ទៅអាជ្ញាធរអោយចុះធ្វើការ ត្រួតពិនិត្យភ្លាមៗផងដែរ ព្រោះខ្លាចចាក់
រំលោភបំពានយកដី ពួកគាត់ឬរំលោភយកដី បឹងសាធារណៈ ដែលអ្នកភូមិប្រើប្រាស់រួមជាដើម។ ក្នុងនោះដូចករណីចាក់ដី ខាងលើគឺជាក់ស្ដែង បានចាក់ដីបិទផ្លូវមុខទឹកហូ ចូលបឹងធម្មជាតិទៀតផង។
កាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៦ កន្លងទៅនេះ នៅក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាព ខណ្ឌច្បារអំពៅ លោកអ៊ាង សុីផាន អភិបាលខណ្ឌបានថ្លែងនៅក្នុងអង្គប្រជុំថាគ្រាន់តែ នៅក្នុងទឹកដី ខណ្ឌច្បារអំពៅមួយ ក្រុមហ៊ុនផានអុីមិចរបស់លោកជំទាវស៊ុយ សុផាន គឺមានបណ្ដឹងរបស់ប្រជាពលរដ្ឋប្ដឹងពាក់ព័ន្ធ ជំលោះដីធ្លីទាំងចាស់ ទាំងថ្មីចំនួន១១១ករណីឯណោះ៕