(ព្រះវិហារ)៖ លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា មេបញ្ជាការតំបន់ប្រតិបត្រិការសឹករងព្រះវិហារ នៅព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣ បានធ្វើការប្រជុំជួរទ័ព ប្រកាសអាសន្នត្រួតពិនិត្យកម្លាំង និងសម្ភារ សម្រាប់ត្រៀមអន្តរាគមន៍ជួយសង្រ្គោះប្រជាពលរដ្ឋ ពេលមានគ្រោះធម្មជាតិកើតឡើងជាយថាហេតុ ពិសេជំនន់ទឹកភ្លៀង។

នៅក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា បានថ្លែងថា «ក្នុងនាមយើងជាកងទ័ព គឺមានភារកិច្ចការពារជាតិ និងប្រជាជន ដូច្នេះត្រូវខិតខំធ្វើយ៉ាងណាជួយសង្គ្រោះប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា ក្នុងករណីដែលពួកគាត់ជួបគ្រោះមហន្តរាយជាយថាហេតុផ្សេងៗ ដូចជា ខ្យល់ព្យុះ ខ្យល់កន្ត្រាក់ និងទឹកជំនន់ជាដើម»

លោកឧត្តមសេនីយ៍ទោមេបញ្ជាការ បានថ្លែងទៀតថា រយៈពេលពេលប៉ុន្មានថ្លៃនេះ គឺទឹកភ្លៀងបានបន្តធ្លាក់នៅតាមតំបន់មួយចំនួនក្នុងភូមិសាស្ត្រខេត្តព្រហវិហារ ដែលជាហេតុធ្វើឱ្យស្ថានភាពទឹកដងស្ទឹងសែន និងតំបន់ខ្លះទៀត មានការហក់ឡើងគួរឱ្យកត់សម្គាល់ ដូច្នេះក្នុងនាមយើងជាកងកម្លាំងត្រូវតែត្រៀមខ្លួន ត្រៀមសម្ភារ មធ្យោបាយ ដើម្បីអន្តរាគមន៍ជួយដល់ប្រជាពលរដ្ឋ នៅពេលមានគ្រោះទឹកជំនន់កើតឡើងភ្លាមៗ ក្នុងភូមិសាស្ត្រខេត្តព្រះវិហារ និងតំបន់មួយចំនួនទៀត៕