(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣នេះ លោក កើត រិទ្ធ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ និងជាប្រធានក្រុមប្រឹក្សាភិបាលបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធី «បើកវគ្គបណ្តុះបណ្តាលសម្រាប់មន្រ្ដីជាប់កិច្ចសន្យាផ្នែកបច្ចេកទេស ជំនាន់ទី១» សរុបចំនួន៣៤រូប ក្នុងនោះ៣០រូប ទើបតែបានប្រឡងជាប់ជាស្ថាពរ និង៤រូបទៀត គឺជាមន្ត្រីជាប់កិច្ចសន្យាដែលកំពុងបម្រើការងារ នៅក្រសួងយុត្តិធម៌។

ពិធីនេះ ក៏មានការអញ្ជើញចូលរួមពីលោក លោកស្រី ជាថ្នាក់ដឹកនាំ នៃក្រសួងយុត្តិធម៌ និងនៃបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជាផងដែរ។

កម្មវិធីបណ្តុះបណ្តាលនេះត្រូវបានរៀបចំឡើង ក្នុងគោលបំណងពង្រឹងសមត្ថភាព និងចំណេះដឹង របស់មន្រ្តីកិច្ចសន្យាផ្នែកបច្ចេកទេស ដើម្បីត្រៀមលក្ខណៈទៅបំពេញការងាររបស់ខ្លួននៅក្រសួងយុត្តិធម៌ ដោយផ្ដោតការបណ្ដុះបណ្ដាលលើ៖ ១៖ រចនាសម្ព័ន្ធនៃអង្គភាពចំណុះរបស់ក្រសួងយុត្តិធម៌, ២៖ ការងាររដ្ឋបាលទូទៅ និងកិច្ចការបច្ចេកទេស នៃអគ្គនាយកដ្ឋានកិច្ចការរដ្ឋប្បវេណី, អគ្គនាយកដ្ឋានកិច្ចការអយ្យការ និងព្រហ្មទណ្ឌ, និងអគ្គនាយកដ្ឋានកិច្ចការអន្តរជាតិ និងអភិវឌ្ឍន៍វិស័យយុត្តិធម៌, ៣៖ ការរៀបចំលិខិតរដ្ឋបាល និងលិខិតបទដ្ឋានគតិយុត្ត និង៤៖ រចនាសម្ព័ន្ធ និងមុខងាររបស់តុលាការ។

កម្មវិធីបណ្តុះបណ្តាលសម្រាប់មន្រ្ដីជាប់កិច្ចសន្យាផ្នែកបច្ចេកទេស ជំនាន់ទី១នេះ មានរយៈពេល៤សប្ដាហ៍ និងជាកម្មវិធីបណ្តុះបណ្តាលលើកដំបូងរបស់សាលាច្បាប់ នៃបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា សម្រាប់មន្រ្ដីជាប់កិច្ចសន្យាផ្នែកបច្ចេកទេសរបស់ក្រសួងយុត្តិធម៌ ដែលបានប្រឡងជាប់ជាស្ថាពរកាលពីថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៣កន្លងទៅនេះ៕