(សៀងហៃ)៖ ប្រទេសចិនបានអះអាងថា ផ្កាយរណបថ្មីដែលខ្លួនទើបនឹងបានបាញ់បង្ហោះនោះ នឹងជួយការពារ ផលប្រយោជន៍ផ្នែកនាវាចរ នៅតំបន់សមុទ្រចិនខាងត្បូង ខណៈស្ថានការណ៍ទូទៅត្រូវបានគេមើលឃើញថាកំពុងតែ ស្ថិតក្នុងភាពក្តៅគគុកនៅឡើយ។ នេះបើតាមការចេញផ្សាយនៅមុននេះបន្តិច ដោយសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១១ ខែសីហា ឆ្នាំ២០១៦។
ប្រទេសចិនបានបាញ់បង្ហោះ Gaofen 3 កាលពីថ្ងៃពុធ ដើម្បីតាមដានស្ថានការណ៍នៅតំបន់ដែនសមុទ្រដែលខ្លួន គ្រប់គ្រងពីលើផ្ទៃអាកាស។ Gaofen 3 មានសមត្ថភាពថតយករូបភាព ពីទីអវកាស ដែលមានទំហំ Resolution រហូតដល់ទៅមួយម៉ែត្រ ហើយអាចបំពេញប្រតិបត្តិការនៅគ្រប់រដូវ និងស្ថានភាពអាកាសធាតុទាំងអស់។ នេះបើតាម ការលើកឡើងរបស់ រដ្ឋបាល វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងឧស្សាហកម្ម របស់ក្រសួងការពារជាតិចិន។
អ្នកដឹកនាំកម្មវិធីខាងលើគឺលោក Xu Fuxiang បានបញ្ជាក់យ៉ាងដូច្នេះថា «ផ្កាយរណប Gaofen 3 នឹងដើរតួយ៉ាង សំខាន់នៅក្នុងការតាមដាន បរិស្ថាននាវាចរ ប្រជុំកោះនិងថ្មប៉រប្រះទឹក និងនាវាព្រមទាំងអណ្តូងប្រេងនានា។ ផ្កាយរណប Gaofen 3 ពិតជាមានអត្ថប្រយោជន៍ខ្លាំងណាស់ ក្នុងការការពារសិទ្ធិ និងផលប្រយោជន៍នាវាចរ របស់ប្រទេសចិន ជាពិសេសនៅតំបន់សមុទ្រចិនខាងត្បូង»។
គួរបញ្ជាក់ថាចំណាត់ការថ្មីបន្ថែមទៀតរបស់ចិននេះ គឺបានកើតឡើងបន្ទាប់ពីការល្បាតនាវា និងយន្តហោះ ចម្បាំងនៅសមុទ្រចិនខាងត្បូង ដែលបានប្រព្រឹត្តទៅជាបន្តបន្ទាប់ក្រោយពីតុលាការអន្តរជាទីក្រុងឡាអេ បានសម្រេច ឲ្យហ្វីលីពីនឈ្នះក្តី លើបណ្តឹងពាក់ព័ន្ធសមុទ្រចិនខាងត្បូង កាលពីថ្ងៃទី១២ ខែកក្កដា ប៉ុន្តែទីក្រុងប៉េកាំងមិនបាន ទទួលស្គាល់នោះឡើយ ដោយអះអាងថាជាការចូលរួមដោយឯកតោភាគី របស់ទីក្រុងម៉ានីល៕