(ភ្នំពេញ)៖ មិត្តអ្នកអានពីខេត្តកំពង់ធំ ទំនងជាអ្នកធ្វើការនៅក្នុងមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តផង បានសរសេរលិខិតមួយច្បាប់ផ្ញើ មកអោយ Fresh News ជួយផ្សាយឡង់សេពីរឿង មិនប្រក្រតីមួយចំនួន របស់លោកប្រធានមន្ទីរដើម្បី បានជ្រាបដល់ថ្នាក់លើ ជាពិសេសលោករដ្ឋមន្ត្រីអូន ព័ន្ធមុនីរ័ត្ន តែម្ដង ដើម្បីលោកជួយត្រួតពិនិត្យ និងជួយមានវិធានការលប់បំបាត់ផង។
ខ្លឹមសារនៅក្នុងលិខិត របស់មិត្តអ្នកអានបានរៀបរាប់ថា លោក សុខ សុផល ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកំពង់ធំ តាំងពីបានឡើងកាន់តំណែង ជាប្រធានមន្ទីរនៅឆ្នាំ ២០០៩ តាមការធ្វើលិខិតស្នើសុំតែងតាំង ជាប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុដោយខ្លួនឯងកាលណាមក មានរឿងអាស្រូវមិនប្រក្រតី ក្នុងការដឹកនាំការងារជាញឹកញាប់ ជាពិសេសពាក់ព័ន្ធរឿងពុករលួយតែម្ដង រហូតដល់ខាងសវនកម្ម ចុះទៅធ្វើការត្រួតពិនិត្យ ជាច្រើនលើកច្រើនសារ។
មិនតែប៉ុណ្ណោះបច្ចុប្បន្ននេះ ទោះបីជារាជរដ្ឋាភិបាលបាន ខិតខំធ្វើការរិតបន្តឹងនិងអង្គភាពប្រឆាំង អំពើពុករលួយធ្វើការបង្ក្រាបមន្ត្រីពុករលួយបញ្ជូន ទៅតុលាការជាបន្តបន្ទាប់ក៏ដោយ តែអំពើពុករលួយ នៅក្នុងមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុនៅតែកើតមាន ជាពិសេសពាក់ព័ន្ធ ជាមួយលោកប្រធានមន្ទីរតែម្ដង រហូតថ្មីៗនេះ មានលេចឮនូវព័ត៏មានថា លោកប្រធានមន្ទីរ ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយ កោះហៅទៅបំភ្លឺ ចំនួន ១០ចំណុច និងតម្រូវអោយបិទផ្សាយ តាមមន្ទីរជាសាធារណៈទៀតផង។
រឿងអាស្រូវដែលគេទំលាយ ចេញអោយដឹងនោះគឺពាក់ព័ន្ធនឹងរឿង កាត់ភាគរយពីថវិកាលទ្ ធកម្មរបស់មន្ទីរនានាជុំវិញខេត្ត និងក្រុមហ៊ុនដែលដេញថ្លៃ គំរោងលទ្ធកម្មបានតែម្ដង ដោយការទារភាគរយនេះត្រូវបាន គេអះអាងថាមានចាប់ពី ២ភាគរយទៅ១០ភាគរយ ទៅតាមអង្គភាពនិងក្រុមហ៊ុន ណាដែលអាចទារបាន ធ្វើអោយអង្គភាពខ្លះ ពេលសុំថវិកាចាយម្ដងៗ ត្រូវបានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុទារកាត់ទឹក ពេលបើកថវិកាយកទៅ ចាយខ្វះមុខខ្វះក្រោយហើយ ក្រុមហ៊ុនដែលដេញថ្លៃបាន ជាដើមក៏ធ្វើការផ្គត់ផ្គង់មិនត្រឹមត្រូវ ទៅតាមគម្រោងដេញថ្លៃផ្គត់ផ្គង់ នោះដែរនិយាយរួមគម្រោងចំណាយ ដែលត្រូវឆ្លងកាត់មន្ទីរហិរញ្ញវត្ថុ ហើយគេមិនអាចទារកាត់ភាគរយ បានមានតែគម្រោងចំណាយ លើថ្លៃទឹក ថ្លៃភ្លើង និងបើកប្រាក់ខែមន្ត្រីរាជការប៉ុណ្ណោះ។
រឿងអាស្រូវរបស់ លោកប្រធានមន្ទីរ សុខ សុផល នៅមានច្រើនទៀត ដូចជា ការយករថយន្តរបស់អង្គភាព ពាក់ស្លាកលេខរាជការ និងអ្នកបើកបរ ទៅប្រើផ្ដាច់មុខតែឯង មន្ត្រីផ្សេងៗ ទៀតគ្មានសិទ្ធិប្រើ ពេលលោកឈប់សំរាក អ្នកបើកបរ ដែលជាមន្ត្រីដែលនោះ ក៏ឈប់សំរាកដូចលោកដែរ ដែលករណីនេះវាផ្ទុយទៅនឹង សេចក្ដីណែនាំរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុលេខ ០០៩ សហវ.ប ចុះថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៦ ស្ដីពីការចុះបេសកកម្មជាដើម។
ពាក់ព័ន្ធទៅនឹងការចោទប្រកាន់ របស់មន្ត្រីចំណុះអោយ មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកំពង់ធំខាងលើ សូមថ្នាក់លើ ជាពិសេសរដ្ឋមន្ត្រីអូន ព័ន្ធមុនីរ័ត្ន មេត្តាជួយចាត់តាំងមន្ត្រី ចុះធ្វើការស្រាវជ្រាវ ផងថាតើពិតមែនឬអត់? ថាតើលោកប្រធានមន្ទីរ ពិតជាខុសឬអ្នកសរសេរលិខិត រិះគន់ជាអ្នកខូច៕