(ភ្នំពេញ)៖ លោក វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្រ្តី បានលើកឡើងថា វចនានុក្រមខ្មែរថ្មីមួយ គឺជាសក្ខីកម្ម និងជាប្រវត្តិសាស្រ្តរបស់ប្រជាជនខ្មែរទាំងអស់គ្នានាសម័យថ្មីនេះ។

ឧបនាយករដ្ឋមន្ត្រី វង្សី វិស្សុត ក៏បានអំពាវនាវសូមប្រជាជនខ្មែរទាំងអស់ នាំគ្នាប្រើប្រាស់ និងចេះរិះគន់ដើម្បីការស្ថាបនាធ្វើយ៉ាងណាឱ្យភាសាជាតិមានការរីកចម្រើន ឆ្លើយតបទៅនឹងការវិវត្តរបស់សង្គមជាតិ និងសកលភាវូបនីយកម្ម នៃពិភពលោកទាំងមូល។

ការលើកឡើងបែបនេះរបស់ឧបនាយករដ្ឋមន្ត្រី វង្សី វិស្សុត បានធ្វើឡើងនៅព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣នេះ នៅក្នុងកម្មវីធីសម្ពោធដាក់ឱ្យប្រើប្រាស់ «វចនានុក្រមខ្មែរ» ថ្មី នៃរាជបណ្ឌិត្យសភាកម្ពុជា។

នាឱកាសនោះដែរ ឧបនាយករដ្ឋមន្ត្រី វង្សី វិស្សុត ក៏បានលើកទឹកចិត្តប្រជាជនខ្មែរទាំងអស់ នាំគ្នាប្រើប្រាស់វចនានុក្រមខ្មែរថ្មី ឱ្យបានគ្រប់ៗគ្នា និងឱ្យអស់ពីលទ្ធភាពទៅក្រសួង-ស្ថាប័ន អង្គភាព និងការងារផ្សេងៗទៀត។

ក្រៅពីនេះ ឧបនាយរដ្ឋមន្រ្តី វង្សី វិស្សុត បានបន្តទៀតថា ភាសាគឺជាយាន សម្រាប់ទំនាក់ទំនង ទៅលើកិច្ចការ នយោបាយ សេដ្ឋកិច្ច សង្គម សាសនានានា ហើយការចងក្រមវចនានុក្រមថ្មីនេះ ពិតជាមានសារៈសំខាន់យ៉ាងក្រៃលែង ក្នុងការជួយចងក្រង កត់ត្រា អភិរក្ស និងអភិវឌ្ឍ ភាសា និងអក្សរខ្មែរ ឱ្យបានគង់វង្សប្រកបដោយសុកតភាព របស់ប្រជាជាតិខ្មែរទាំងមូល។

លោកបណ្ឌិត សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានថ្លែងថា ក្រុមប្រឹក្សាជាតិភាសាខ្មែរ បានបោះពុម្ពផ្សាយសន្ទានុក្រមមួយចំនួន៖ សន្ទានុក្រមភូមិវិទ្យា ប្រវត្តិវិទ្យា, សន្ទានុក្រមសេដ្ឋកិច្ច, សន្ទានុក្រុមវេជ្ជសាស្ត្រ, សន្ទានុក្រមទស្សនវិទ្យា, សន្ទានុក្រមអក្សរសិល្ប, សន្ទានុក្រមគីមីវិទ្យា រូបវិទ្យា, សន្ទានុក្រមភាសាវិទ្យា, សន្ទានុក្រមកសិកម្ម វិទ្យាសាស្ត្រនយោបាយ និងការទូត។

បើតាមលោកបណ្ឌិត ហ៊ាន សុខុម ប្រធានក្រុមប្រឹក្សាជាតិភាសាខ្មែរ បានលើកឡើងថា ក្រុមប្រឹក្សាជាតិភាសាខ្មែរ ចំណាយពេល ៥ឆ្នាំ តាំងពីឆ្នាំ២០១៨ ដល់ឆ្នាំ២០២២ ក្នុងការរៀបរៀងវចនានុក្រមឆ្នាំ២០២២ និងមានសមាសភាពគណៈកម្មការចំនួន ៦៥អង្គ/នាក់ចូលរួម ហើយក៏មានភាពលំបាកមួយចំនួនដែរ។ គណៈកម្មការចំនួន ៦៥អង្គ/នាក់ ដែលចូលរួមធ្វើបច្ចុប្បន្នកម្មវចនានុក្រមខ្មែរនេះ មានដូចជាបញ្ញវន្តគ្រប់វ័យ ព្រឹទ្ធាចារ្យ និងព្រះសង្ឃ ដែលមានជំនាញភាសាវិទ្យា អក្សរសាស្ត្រ ប្រវត្តិសាស្ត្រ សេដ្ឋកិច្ចជាដើម។ វចនានុក្រមនេះ មានបោះពុម្ពជាសៀវភៅដែលមានពាក្យសរុប ៤៤,៦៩៧ពាក្យ និងមេពាក្យចំនួន ៣១,០៧៣ពាក្យ បើប្រៀបធៀបនឹងវចនានុក្រមចាស់ មានតែងជាង ២ម៉ឺនពាក្យប៉ុណ្ណោះ។

ប្រធានក្រុមប្រឹក្សាជាតិភាសាខ្មែររូបនេះ បានបញ្ជាក់ថា ក្នុងការរៀបរៀងវចនានុក្រមថ្មី គឺយកតាមវចនានុក្រមសម្តេចព្រះសង្ឃរាជ ជួន ណាត ជាគោល ដោយកែតម្រូវពាក្យមួយចំនួន និងបន្ថែមនូវពាក្យថ្មីមួយចំនួនដែលគ្មាននៅក្នុងវចនានុក្រមចាស់ និងដាក់សូរអានគ្រប់ពាក្យ និងកែសម្រួលថ្នាក់ពាក្យមួយចំនួន។ មុននឹងប្រកាសដាក់ឱ្យប្រើប្រាស់នេះ ក្រុមការងារក៏បានបង្កើតជា Software វចនានុក្រម ដើម្បីដាក់ឱ្យអ្នកប្រើប្រាស់ភាសាខ្មែរមានមតិយោបល់សម្រាប់កែតម្រូវរយៈពេល ៦ខែផងដែរ។

សូមជម្រាបជូនថា «វចនានុក្រមខ្មែរថ្មី» គឺជាសមទ្ធិផលថ្មីមួយ ដែលកើតចេញពីការស្រាវជ្រាវចងក្រងរបស់ក្រុមប្រឹក្សាជាតិភាសាខ្មែរ ហៅកាត់ថា (ក.ជ.ភ.ខ.) ដោយរក្សាពាក្យពេចន៍ទាំងស្រុង នៃវចនានុក្រមខ្មែរចាស់របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត និងបូកបញ្ចូលពាក្យថ្មី ដែលចេញពីការស្រាវជ្រាវរបស់ក្រុមប្រឹក្សាជាតិភាសាខ្មែរ នៃរាជបណ្ឌិតសភាកម្ពុជា៕