(កណ្ដាល)៖ លោក ហេង សុភារិទ្ធិ នាយខណ្ឌរដ្ឋបាលជលផលកណ្តាល បានស្នើសុំកងកម្លាំងមានសមត្ថកិច្ច អាជ្ញាធរពាក់ព័ន្ធ ពិសេសប្រជាពលរដ្ឋ នៅក្នុងស្រុកល្វាឯម សូមធ្វើការសហការរាយការណ៍បទល្មើសនេសាទទាំងអស់ ដែលកើតមានឡើងនៅភូមិសាស្ត្ររបស់ខ្លួន ដើម្បីរួមគ្នាបង្ក្រាប និងទប់ស្កាត់ឱ្យទាន់ពេលវេលា ដើម្បីធានានូវធនធានជលផលស្តុកក្នុង បឹង ទន្លេធម្មជាតិឲ្យបានល្អ ដើម្បីជាផលប្រយោជន៍របស់បងប្អូនក្នុងស្រុកល្វាឯមឡើងវិញ។

លោក ហេង សុភារិទ្ធិ បានស្នើសុំបែបនេះ ក្នុងឱកាសលោកអញ្ជើញចូលរួមក្នុងកិច្ចប្រជុំផ្សព្វផ្សាយពីច្បាប់ស្តីពី ជលផល ប្រភេទឧបករណ៍នេសាទដែលត្រូវហាមឃាត និងយុទ្ធនាការប្រគល់ឧបករណ៍នេសាទខុសច្បាប់ នៅស្រុកល្វាឯមកាលពីចុងសប្ដាហ៍កន្លងទៅនេះ នៅសាលាស្រុកល្វាឯម។

លោកនាយខណ្ឌរដ្ឋបាលជលផលកណ្តាល បន្តថា ដោយអនុវត្តតាមបទបញ្ជាយ៉ាងមើលម៉ាត់របស់លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានណែនាំដល់ខណ្ឌរដ្ឋបាលជលផលកណ្តាល រួមសហការគ្នាជាមួយអាជ្ញាធរ គ្រប់លំដាប់ថ្នាក់ ធ្វើការបង្ក្រាបរាល់បទល្មើសនេសាទ នៅក្នុងភូមិសាស្ត្រខេត្តកណ្ដាលឱ្យមានប្រសិទ្ធភាពខ្ពស់ ពិសេសក្នុងរដូវបិទនេសាទ មិនត្រូវឱ្យមានឧបករណ៍ហាមឃាត់នេសាទក្នុងភូមិសាស្ត្រខេត្តកណ្ដាលឡើយ។ ទន្ទឹមនឹងនោះ មិនត្រូវអត់ឱនឱ្យអ្នកប្រព្រឹត្តបទល្មើសនេសាទ ដោយប្រើឧបករណ៍នេសាទឆក់ត្រជាក់ និងក្តៅ ដែលបានប្រព្រឹត្តបទល្មើសនៅក្នុងភូមិសាស្ត្រខេត្តកណ្ដាលឡើយ។

គួរជម្រាបថា ភូមិសាស្ត្រខេត្តកណ្ដាលមានស្រុក-ក្រុងចំនួន១៣ ក្នុងនោះមានតែ២ស្រុកទេដែលមិនជាប់ទន្លេ ហើយក្រៅពីនោះជាប់ទន្លេទាំងអស់ និងធ្លាប់កើតមានបទល្មើសនេសាទបំផ្លាញមច្ឆាជាតិខ្ទេចខ្ទីនាពេលកន្លងទៅ៕