(ព្រៃវែង)៖ យ៉ាងហោចណាស់មនុស្ស៤នាក់ បានស្លាប់ ៥នាក់ទៀតរងរបួស និងបាត់ខ្លួនម្នាក់ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបង្កឡើងដោយអ្នកបើកបររថយន្តសាំយ៉ុងមានការធ្វេសប្រហែស កាលពីវេលាម៉ោង ២០៖៣០នាទីយប់ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៣ នៅចំណុចភូមិក្រាំង ឃុំធាយ ស្រុកបាភ្នំ ខេត្តព្រៃវែង។

កងរាជអាវុធហត្ថស្រុកបាភ្នំ បានឲ្យដឹងថា អ្នកបើកបររថយន្តសាំយ៉ុងមានឈ្មោះ យ៉ង់ យ៉ន អាយុ៣៩ឆ្នាំ រស់នៅភូមិក្ដីដូង ឃុំរោងដំរី ស្រុកបាភ្នំ បានបើកពីទិសខាងកើត ទៅខាងលិច មកដល់ចំណុចកើតហេតុ ផ្លូវកោង ក៏បណ្ដាលឲ្យរថយន្ដ ជ្រុលធ្លាក់ចូលប្រឡាយទឹក ដោយមានមនុស្សនៅក្នុងរថយន្ត មានគ្នា ១០នាក់(ស្លាប់ចំនួន ៤នាក់  របួស០៥នាក់ និងបាត់ខ្លួនចំនួន១នាក់)។

បច្ចុប្បន្ន ជនរងគ្រោះ បានបញ្ជូនទៅមន្ទីរពេទ្យបង្អែកស្រុកបាភ្នំ សពបានប្រគល់ទៅក្រុមគ្រួសារយកទៅធ្វើបុណ្យ តាមប្រពៃណី និងរថយន្តយកមករក្សាទុកនៅប៉ុស្ដិ៍រដ្ឋបាលឃុំធាយ។

សូមបញ្ជាក់ថា បើតាមសាច់ញាតិជនរងគ្រោះបានឲ្យដឹងថា ជនរងគ្រោះបានជិះរថយន្តសាំយ៉ុងនេះ មកពីការបងប្អូននៅភូមិពោន ឃុំទឹកថ្លា ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង លុះមកចំណុចកើតហេតុ បានធ្លាក់ប្រឡាយទឹកបណ្ដាលឱ្យ មានស្លាប់ និងរបួសបែបនេះតែម្ដង៕