(កំពង់ចាម)៖ អភិបាលខេត្តកំពង់ចាមលោក អ៊ុន ចាន់ដា រួមជាមួយលោក កែវ អូម៉ាលីស្ស ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុករដ្ឋបាលព្រៃឈើ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំមន្ត្រីរាជការ សិស្សានុសិស្ស ប្រជាពលរដ្ឋ ដាំដើមឈើជាង ២,០០០ដើម នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣ នៅភូមិរលួស ឃុំត្រពាំងព្រះ ស្រុកព្រៃឈរ ខេត្តកំពង់ចាម។

លោក កែវ អូម៉ាលីស្ស បានថ្លែងកោតសរសើរអាជ្ញាធរខេត្តកំពង់ចាម ក៏ដូចជាមន្ត្រីជំនាញ ពិតជាធ្វើបានច្រើនក្នុងការចូលរួម ក្នុងសកម្មភាពដាំដើមឈើ នាពេលកន្លងមក ដូចៗជាការដាំដើមឈើតាមបណ្ដោយផ្លូវធំ ផ្លូវតូច តាមវត្តអារាម និងសាលារៀនជាដើម ដែលជាការងារមួយយ៉ាងសំខាន់ ដើម្បីបំផុសចលនា ឱ្យប្រជាពលរដ្ឋយើងចូលរួម ដាំដើមឈើ ចេះស្រឡាញ់ និងចេះថែរក្សា ការពារផងដែរ។

ជាមួយគ្នានេះ លោក កែវ អូម៉ាលីស្ស សន្យានឹងជួយសហការផ្តល់ដើមឈើបន្ថែមទៀត និងជំរុញក្នុងការដាំដើមឈើនៅតំបន់ភូមិសាស្ត្រភូមិរលួស ឃុំត្រពាំងព្រះនេះ ឲ្យក្លាយជាតំបន់មានគម្របបៃតងនាពេលអនាគត។

ក្នុងឱកាសនោះអភិបាលខេត្តកំពង់ចាម បានផ្ដាំផ្ញើដល់ប្រជាពលរដ្ឋ ក៏ដូចជាភាគីពាក់ព័ន្ធ សូមជួយថែរក្សានៅដើមឈើដែលបានដាំ លើផ្ទៃដី ៣ហិចតា លើផ្ទៃដីដែលមានទំហំ៥ ហិចតានេះ។

លោកអភិបាលខេត្ត បានបញ្ជាក់ថា ដើមឈើបានផ្ដល់អត្ថប្រយោជន៍ជាច្រើនដល់ប្រជាពលរដ្ឋយើង ពោលតាំងពីពេលកើត រហូតដល់ពេលស្លាប់ គឺត្រូវការការប្រើប្រាស់ឈើទាំងអស់។ ដូច្នេះប្រជាពលរដ្ឋយើង ត្រូវរួមគ្នាដាំដើមឈើ និងចេះស្រឡាញ់ ថែរក្សា ដើមឈើទាំងអស់គ្នា៕