(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានស្នើឱ្យពន្លឿនកិច្ចចរចាសន្ធិសញ្ញាអាជីវកម្ម និងវិនិយោគ (BIT) រវាងកម្ពុជា និងឥណ្ឌា ដើម្បីឈានទៅការចុះកិច្ចព្រមព្រៀងជាមួយគ្នាឱ្យបានឆាប់ៗនាពេលខាងមុខនេះ។
សំណើរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត បានធ្វើឡើងនៅក្នុងជំនួបជាមួយលោក ស៊ូប្រាម៉ានីញ៉ាម ចៃសានកា (Subrahmanyam Jaishankar) រដ្ឋមន្ត្រីការបរទេសឥណ្ឌា នៅឯទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក កាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៣កន្លងទៅ។
សន្ធិសញ្ញាអាជីវកម្ម និងវិនិយោគ គឺជាគំនិតផ្តួចផ្តើមមួយ ក្នុងបំណងជំរុញការធ្វើពាណិជ្ជកម្ម និងវិនិយោគរវាងកម្ពុជា ជាមួយឥណ្ឌាឱ្យកាន់តែទូលំទូលាយថែមទៀត។ បើតាមសម្តេចធិបតី បានឱ្យដឹងថា សន្ធិសញ្ញានេះក្រុមការងារកម្ពុជា និងឥណ្ឌា បាននិងកំពុងចរចាហើយ។ ប៉ុន្តែសម្តេចធិបតី ចង់ឱ្យពន្លឿនការចរចា និងឈានដល់ការបិទបញ្ចប់នាពេលឆាប់ៗខាងមុខ។
ក្រៅតែលើកឡើងពីបញ្ហាខាងលើនេះ ក្នុងជំនួបនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងដែរថា ប្រទេសទាំងពីរបន្តការប្តេជ្ញាចិត្តពង្រឹងទំនាក់ទំនង និងខិតខំបំពេញការងារជាមួយគ្នា ឱ្យសម្រេចបានជាផ្លែផ្កាចំពោះកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខារួច ព្រមទាំងស្វែងរកវិស័យសក្ដានុពលសម្រាប់កិច្ចព្រមព្រៀងថ្មីៗទៀត។
ក្នុងជំនួបសម្តេចធិបតី និងរដ្ឋមន្ត្រីការបរទេសឥណ្ឌា បានជជែកលើបញ្ហាសន្តិសុខ និងយោធាផងដែរ។ ភាគីទាំងពីរបានយល់ស្របថា គួរត្រូវពង្រឹងសហប្រតិបត្តិការ តាមរយៈការរៀបចំវគ្គបណ្ដុះបណ្ដាលកងទ័ព និងការរៀបចំការជួបជុំគ្នា សម្រាប់ធ្វើការផ្លាស់ប្តូរជាទស្សនវិស័យ និងបទពិសោធន៍ ឱ្យបានទៀងទាត់ និងញឹកញាប់។
ចំពោះវិស័យទេសចរណ៍ និងវប្បធម៌វិញ រដ្ឋមន្ត្រីការបរទេសឥណ្ឌា យល់ឃើញថា គម្រោងស្តីពីនវានុវត្តន៍ និងអភិរក្ស គួរត្រូវបានរៀបចំឡើង ខណៈដែលប្រទេសទាំងពីរ បានទំនាក់ទំនងជាប្រវត្តិសាស្ត្រជាមួយគ្នារាប់ពាន់ឆ្នាំមកហើយ។
ក្នុងជំនួបនោះសម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បានថ្លែងអំណរគុណ និងបានវាយតម្លៃខ្ពស់ ចំពោះគំនិតផ្ដួចផ្ដើមនៃការលុបបំបាត់ចោលគ្រាប់មីន ដែលកំពុងមានវឌ្ឍនភាពល្អ ហើយអាចចូលរួមចំណែកដល់កម្ពុជា នៅក្នុងយុទ្ធនាការនៃការលុបបំបាត់ចោលគ្រាប់មីនទាំងស្រុង នៅឆ្នាំ២០២៥៕