(កៀវ)៖ ប្រទេសអ៊ុយក្រែនបានបដិសេធថា ខ្លួនមិនបានមានបំណងចង់លេបត្របាក់តំបន់ គ្រីមា (Crimea) ត្រឡប់មកវិញ ដូចពាក្យចោទប្រកាន់របស់សេវាកម្មសន្តិសុខសហព័ន្ធរុស្ស៊ី (FSB) កាលពីថ្ងៃពុធ កន្លងទៅនេះឡើយ។ នេះបើតាមការចេញផ្សាយនៅមុននេះបន្តិច ដោយទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១១ ខែសីហា ឆ្នាំ២០១៦។
ក្រសួងការពារជាតិអ៊ុយក្រែន បានចេញសេចក្តីថ្លែងការណ៍ដើម្បីបញ្ជាក់ជុំវិញការចោទប្រកាន់នោះថា «សេចក្តី ថ្លែងការណ៍របស់ FSB មិនបានបង្ហាញពីភាពពិតអ្វីសោះឡើយ។ ការចោទប្រកាន់របស់រុស្ស៊ី ខាងលើនេះគ្រាន់តែ ជាចេតនាចង់ធ្វើឲ្យការដាក់ពង្រាយយោធា និងសព្វាវុធនៅតំបន់គ្រីមា មើលទៅដូចជាត្រឹមត្រូវតែប៉ុណ្ណោះ»។
គួរបញ្ជាក់តាមសេចក្តីថ្លែងការណ៍របស់ FSB ថាកាលពីថ្ងៃព្រឹកថ្ងៃពុធ ម្សិលមិញនេះថា ប្រទេសរុស្ស៊ីបានរកឃើញនូវ ភស្តុតាងមួយចំនួន ដែលបានបង្ហាញថា មានកងកម្លាំងប្រដាប់អាវុធដែលមកពី ក្រុមចារកម្មសម្ងាត់របស់ ក្រសួងការពារជាតិអ៊ុយក្រែន បានរៀបចំគំរោងចង់ធ្វើការលុកលុយចូលតំបន់គ្រីមា ដែលកំពុងគ្រប់គ្រងដោយ ប្រទេសរុស្ស៊ី។ FSB បានបញ្ជាក់ថាក៏មានមន្ត្រីរបស់ខ្លួន បានស្លាប់នៅក្នុងការប៉ះទង្គិចគ្នាកាលពីចុងសប្តាហ៍័មុនដែរ។
ប្រទេសរុស្ស៊ី បានធ្វើការចោទប្រកាន់អ៊ុយក្រែននោះ ដោយយោងទៅលើភាពស្របច្បាប់ របស់ខ្លួនដែលធ្វើការគ្រប់គ្រង លើតំបន់គ្រីមា តាមរយៈការបោះឆ្នោតធ្វើប្រជាមតិកាលពីឆ្នាំ ២០១៤ ហើយដែលកាលណោះ គឺប្រជាជននៅគ្រីមា ជាង ៩០ភាគរយបានគាំទ្រការដឹកនាំរបស់រុស្ស៊ី។ FSB បានបញ្ជាក់ថាសហព័ន្ធរុស្ស៊ីមានសិទ្ធិគ្រប់គ្រងនិងការពារ សន្តិសុខសង្គម នយោបាយ និង ហេដ្ឋរចនាសម្ព័ន្ធនៅតំបន់គ្រីមា៕