(ភ្នំពេញ)៖ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន ហៅកាត់ថា (JICA) សហការជាមួយវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC) បានរៀបចំសន្និសីទថ្នាក់តំបន់លើកទី១៤ និងសន្និសីទថ្នាក់អន្តរជាតិលើកទី២ ក្រោមប្រធានបទរួម៖ «វិស្វកម្មធនធានរ៉ែ និងភូគព្ភសាស្ត្រ សម្រាប់ផែនដីប្រកបដោយនិរន្តរភាព»

ពិធីនេះបានធ្វើឡើងក្រោមវត្តមានលោកបណ្ឌិត អ៊ុម រម្យណី រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញជាអធិបតីក្នុងសន្និសីទថ្នាក់តំបន់លើកទី១៤ និងសន្និសីទថ្នាក់អន្តរជាតិលើកទី២ ក្រោមប្រធានបទរួម៖ «វិស្វកម្មធនធានរ៉ែ និងភូគព្ភសាស្ត្រ សម្រាប់ផែនដីប្រកបដោយនិរន្តរភាព»។ ពិធីនេះបានធ្វើឡើងថ្មីៗនេះ។

លោកសាស្រ្តាចារ្យ ប៉ូ គឹមថូ នាយកវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា បានធ្វើរបាយការណ៍ និងថ្លែងអំណរគុណដល់ក្រសួងអប់រំ យុវជន និងកីឡា អង្គការ JICA ក៏ដូចជាភ្ញៀវជាតិ និងអន្តរជាតិ ទាំងអស់ដែលតែងតែគាំទ្រ និងចូលរួមយ៉ាងសកម្មក្នងការអភិវឌ្ឃនិងស្រាវជ្រាវផ្នែកវិស្វកម្មធនធានរ៉ែ និងភូគព្ភសាស្ត្រ។

លោកបានបញ្ជាក់បន្ថែមថា៖ «ជាមួយនឹងការផ្តួចផ្តើមគំនិតពី JICA, ITC, ក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ភូគព្ភឧទ្យាន (geopark) ដំបូងគេក្នុងប្រទេសកម្ពុជានាពេលអនាគត អាចនឹងត្រូវរៀបចំបង្កើតឡើងនៅក្នុងខេត្តសៀមរាប។

លោក អ៊ុម រម្យណី បានឱ្យដឹងថា៖ «ដោយទទួលស្គាល់ពីតម្លៃនៃសកម្មភាពស្រាវជ្រាវផ្នែកធនធានរ៉ែ និងភូគព្ភសាស្ត្រ ជាមួយនឹងភាពជឿនលឿនផ្នែកបច្ចេកវិទ្យានិងវិស្វកម្ម ក្រសួងអប់រំ យុវជន និងកីឡា វាយតម្តែខ្ពស់ និងផ្តល់ការគាំទ្រដល់កិច្ចការទាំងនេះ និងសង្ឃឹមថាលទ្ធផលនៃសកម្មភាពស្រាវជ្រាវទាំងនេះពិតជានឹងបម្រើជាយោជន៍ដ៏មានតម្លៃសម្រាប់ការប្រើប្រាស់នាពេលអនាគត របស់រាជរដ្ឋាភិបាល និង វិស័យឯកជន»

មហាវិទ្យាល័យរ៉ែ និងភូគព្ភសាស្រ្តនៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា គឺជាអ្នករៀបចំសន្និសីទនេះ ក្នុងគោលបំណង៖ បង្កើតជាកន្លែងសម្រាប់ផ្តល់ឱកាសឱ្យអ្នកស្រាវជ្រាវ និងនិស្សិតវិស្វកម្មកម្ពុជា ជាពិសេសវិស្វកម្មធនធានរ៉ែ និងភូគព្ភសាស្រ្ត បានចូលរួម និងចែករំលែកលទ្ធផលស្រាវជ្រាវថ្មីៗ ជាមួយសាស្រ្តាចារ្យ អ្នកស្រាវជ្រាវ និស្សិតជាតិ និងអន្តរជាតិ និងជាមួយស្ថាប័នសិក្សា ក្រសួង និងក្រុមហ៊ុននានា។

ជាមួយគ្នានេះដែរ អ្នកចូរួមទាំងអស់ក៏មានឱកាសរៀន ទទួលបទពិសោធន៍ពីគ្នាទៅវិញទៅមក និងឱកាសបង្កើតនិងបង្កើនការទំនាក់ទំនង។ ក្នុងឆ្នាំនេះវិទ្យាស្ថានបានរៀបចំសន្និសីទនេះ ដោយទទួលបានជោគជ័យគួរជាទៅមោទនៈ ដែលមានការចូរួមធ្វើបទបង្ហាញចំនួន ១១៥ប្រធានបទ ពីសំណាក់សាស្រ្តាចារ្យ អ្នកស្រាវ និស្សិតជាតិ និងអន្តរជាតិ អ្នកជំនាញពីក្រសួង និងក្រុមហ៊ុនដូចជា វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ក្រសួងរ៉ែ និងថាមពល ក្លឹបស្តែមកម្ពុជា Kyushu University, The University of Tokyo, Waseda University នៃប្រទេសជប៉ុន University of the Philippines Diliman, Caraga State University Chulalongkorn University, Chiangmai University, Thammasat University, Songkla University នៃប្រទេសថៃ, Universiti Sains Malaysia (USM) នៃប្រទេសម៉ាឡេស៊ី, Universitas Indonesia Depok,នៃប្រទេសឥណ្ឌូនេស៊ី Yangon University, University of Magway នៃប្រទេសមីយ៉ាន់ម៉ា និងក្រុមហ៊ុន NIPPON KOEI CO., LTD, Renaissance Minerals (Cambodia) Limited, MERNAD Cambodia, Geo Pro Co., Ltd។

គួររំលឹកផងដែរថានេះជាលើកទី២ហើយ ដែលមហាវិទ្យាល័យរ៉ែ និងភូគព្ភសាស្រ្ត នៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា បានរៀបចំសន្និសីទថ្នាក់តំបន់ RCGeoE ជាលើកទី២ និងលើកទី១បានធ្វើឡើងក្នុងឆ្នាំ២០១៧។ ហើយក៏ជាលើកទីពីរដែរ ដែលមហាវិទ្យាល័យរ៉ែ និងភូគព្ភសាស្រ្តបានបង្កើតសិន្និសីទអន្តរជាតិផ្ទាល់ខ្លួនដែលហៅកាត់ថា EraGET និងបានរៀបចំលើកទី១ ដោយជោគជ័យក្នុងខែកុម្ភៈ ឆ្នាំ២០២២ ដោយមានការចូលរួមពី១៤ សាកលវិទ្យាល័យ និងស្ថាប័នជាតិ និងអន្តរជាតិ។

សន្និសីទនាឆ្នាំនេះក៏ទទួលបានការឧបត្ថម្ភពីក្រុមហ៊ុន៖ MGS Soil Improvement Co., Ltd, Renaissance Minerals (Cambodia) Limited, Dynamic Scientific, Laber Scientific, N.V.C Corporation Co., Ltd (Vital Premium Water)៕