(ភ្នំពេញ)៖ ភ្លាមៗបន្ទាប់ពីបានអញ្ជើញមកដល់មាតុភូមិកម្ពុជា ដោយសុវត្ថិភាព ក្រោយអញ្ជើញចូលរួម «មហាសន្និបាត UN លើកទី៧៨» នាទីក្រុងញូវយ៉ក នៅថ្ងៃទី២៥ ខែកញ្ញានេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបង្ហោះសារគោរពអរព្រះគុណ ប្រគេនព្រះសង្ឃគ្រប់ព្រះអង្គ និងអរគុណចំពោះ បងប្អូនប្រជាពលរដ្ឋខ្មែរប្រមាណជាង ២ ៥០០នាក់ ដែលបានអញ្ជើញមកពីតាមបណ្តារដ្ឋ និងខេត្តនានា នៃសហរដ្ឋអាមេរិក និងប្រទេសកាណាដា ដើម្បីចូលរួមក្នុងពិធីជួបជុំគ្នា សំណេះសំណាលនៅទីក្រុងញូវយ៉ក។
សម្តេចធិបតីបានបង្ហោះសារមានខ្លឹមសារទាំងស្រុងដូច្នេះថា «ខ្ញុំព្រះករុណាខ្ញុំ សូមថ្វាយការអរព្រះគុណប្រគេនព្រះសង្ឃគ្រប់ព្រះអង្គ និងអរគុណចំពោះ អ៊ុំពូមីង បងប្អូនប្រជាពលរដ្ឋខ្មែរចំនួនប្រមាណជាង ២.៥០០នាក់ ដែលបានអញ្ជើញមកពីតាមបណ្តារដ្ឋ និងខេត្តនានា ក្នុងសហរដ្ឋអាមេរិក និងប្រទេសកាណាដា ដើម្បីជួបជុំគ្នានៅទីក្រុងញូវយ៉ក។ ការណ៍នេះគឺជាការបង្ហាញនូវភាពកក់ក្តៅ ប្រកបដោយស្មារតីរួបរួម គាំទ្រជាមហាគ្រួសារតែមួយ ជូនចំពោះប្រជាជន និងរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជារូបខ្ញុំព្រះករុណាខ្ញុំផ្ទាល់។
ជាមួយគ្នានេះ ខ្ញុំក៏សូមថ្លែងអំណរគុណ ដល់ក្រុមការងារយុវជន និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដែលបានជួយរៀបចំកម្មវិធីជួបជុំដ៏មានអត្ថន័យ ក្នុងធ្លុងសាមគ្គីភាពនៃមហាគ្រួសារខ្មែរ ប្រកបដោយភាពសប្បាយរីករាយ និងស្និទ្ធស្នាលបំផុត»។
សូមជម្រាបថា ក្នុងឱកាសអញ្ជើញទៅចូលរួម មហាសន្និបាត UN លើកទី៧៨» នៅទីក្រុងញូវយ៉ក, កាលពីល្ងាចម៉ោង៥៖០០នាទី ថ្ងៃទី២៣ ខែកញ្ញា ២០២៣ ត្រូវនឹងថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង ៤៖០០នាទីព្រឹកនៅកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានអញ្ជើញជួបសំណេះសំណាលជាមួយ «បងប្អូនសហគមន៍ខ្មែរ នៅសហរដ្ឋអាមេរិក និងកាណាដា» នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក។
ក្នុងពិធីសំណេះសំណាល ក្រៅតែពីការបង្ហាញនូវក្តីនឹករលឹក និងសួរសុខទុក្ខហើយនោះ សម្តេចធិបតី ក៏បានជម្រាបពីលទ្ធផលការងាររបស់រាជរដ្ឋាភិបាលថ្មីក្នុងរយៈពេលមួយខែ ព្រមទាំងបង្ហាញគោលបំណងនៃដំណើរទស្សនកិច្ចក្រៅប្រទេស និងលទ្ធផលទទួលបាន។ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានបង្ហាញពីគោលនយោបាយរបស់រាជរដ្ឋាភិបាល នីតិកាលថ្មីពាក់ព័ន្ធនឹងវិស័យការងារ និងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋផងដែរ។
វត្តមានរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ទទួលបានការគាំទ្រ និងការគោរពស្រឡាញ់យ៉ាងជ្រាលជ្រៅបំផុត ពីប្រជាពលរដ្ឋខ្មែរនៅអាមេរិក និងកាណាដាដែលចូលរួមក្នុងពិធី។ ពួកគាត់បានប្រកាសគាំទ្រការដឹកនាំ និងគោលនយោបាយទាំងឡាយ ដែលដាក់ចេញដោយរាជរដ្ឋាភិបាលដឹកនាំ ដោយសម្តេចធិបតី ហ៊ុន ម៉ាណែត៕