(ភ្នំពេញ)៖ លោក វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្រ្តី និងលោកបណ្ឌិត សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា ប្រធានក្រុមប្រឹក្សាជាតិភាសាខ្មែរ បានអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការវចនានុក្រមខ្មែរ ឆ្នាំ២០២២ ដោយបោះពុម្ពជាសៀវភៅ និងទម្រង់ឌីជិថល នៅព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣នេះ។

ពិធីនេះមានអញ្ជើញចូលរួមជាពីថ្នាក់ដឹកនាំ និងភាគីពាក់ព័ន្ធជាច្រើន នៅរាជបណ្ឌិត្យសភាកម្ពុជា។

នៅក្នុងវចនានុក្រមថ្មីនេះ មានការបូកបញ្ចូលនូវពាក្យថ្មីៗជាច្រើន ស្របតាមការប្រើប្រាស់របស់ប្រជាជនកម្ពុជាបច្ចុប្បន្ន ក្នុងនោះមានពាក្យសរុប ៤៤,៦៩៦ពាក្យ និងមេពាក្យចំនួន ៣១,០៧៣ពាក្យ។ មិនត្រឹមតែបោះពុម្ពជា សៀវភៅប៉ុណ្ណោះទេ វចនានុក្រមនេះក៏មានដាក់ឱ្យប្រើប្រាស់រតាមប្រព័ន្ធឌីជីថល អាចទាញយកបាននៅលើទូរសព្ទ និងកុំព្យូទ័រផងដែរ។ វចនានុក្រមនេះបានបូកបញ្ចូលពាក្យបច្ចេកទេស និងពាក្យថ្មីៗជាច្រើនស្របតាម តម្រូវការបច្ចុប្បន្ន។

វចនានុក្រមខ្មែរឆ្នាំ២០២២ ត្រូវបានរៀបរៀងដោយក្រុមប្រឹក្សាជាតិភាសាខ្មែរ ដោយមានការចូលរួមពីអ្នកជំនាញ និងភាគីពាក់ព័ន្ធផ្សេងទៀត ដើម្បីឱ្យការបង្កើតពាក្យនីមួយៗត្រឹមត្រូវ ស្របតាមស្តង់ដាដែលអាចឱ្យប្រជាជនខ្មែរ យកទៅប្រើប្រាស់បាន។

ប្រធានក្រុមប្រឹក្សាជាតិភាសាខ្មែរ លោក ហ៊ាន សុខុម បានឱ្យដឹងថា ដំណើរការធ្វើបច្ចុប្បន្នភាពវចនានុក្រមនេះ គឺយកវចនានុក្រមខ្មែរ របស់សម្តេចព្រះសង្ឃរាជ ជួន ណាត ជាគោល ហើយយកពាក្យទាំងអស់ដាក់បញ្ចូលមកវិញ ដោយមិនបោះបង់ពាក្យណាឡើយ គ្រាន់តែកែពាក្យមួយចំនួន និងបន្ថែមពាក្យថ្មីមួយចំនួន។

ទោះបីជាមានបញ្ហាកូវីដ១៩ វាយលុកកម្ពុជា និងសកលលោកយ៉ាងណាក្តី ក៏ក្រុមប្រឹក្សាជាតិភាសាខ្មែរ នៅតែបន្តធ្វើបច្ចុប្បន្នភាពវចនានុក្រមខ្មែរបាន តាមរយៈ Zoom Meeting ឬ Google Meet ដោយអនុវត្តតាមគោលការក្រសួងសុខាភិបាល «៣កុំ ៣ការពារ»៕