(ភ្នំពេញ)៖ លោកស្រី ហ៊ុន ម៉ាណា ប្រធានមូលនិធិបាយ័ន និងជាតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជា បាន ប្រគល់ជូន«ផ្ទះទេវតា» ដែលទើបសាងសង់ហើយ ជូនលោកតា ពុត សឿន ជនចាស់ជរាធាក់ស៊ីក្លូអាយុ៨៩ឆ្នាំ និងត្រូវជាឱពុកធម៌ របស់សម្តេចតេជោ រួចរាល់ហើយ នៅ ព្រឹកថ្ងៃទី១១ ខែសីហា។ នេះបើយោងតាម Facebook Page របស់សម្តេចតេជោ ហ៊ុន សែន បានបង្ហោះឲ្យដឹងនៅមុននេះបន្តិច។
នេះគឺជាបំណងប្រាថ្នា របស់ លោកតា ពុត សឿន ដែលចង់បានផ្ទះមួយសមរម្យសម្រាប់រស់នៅ ដើម្បីបំពេញជិវិតរបស់លោកតា ដែលនៅសេសសល់ ឥលូវនេះ បំណងប្រាថ្នា របស់លោកតា បានសម្រេចហើយដោយ មានការជួយពី សម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ឋបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន។
យោងតាម Facebook Page របស់សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឲ្យដឹងថា «បំណងប្រាថ្នាលោកតា៨៩ឆ្នាំបានសម្រេច! នៅព្រឹក ថ្ងៃទី១១ ខែសីហានេះ លោកតា ពុត សឿន ដែលបងប្អូនប្រជាពលរដ្ឋធ្លាប់បានតាមនដានជីវិតជា “ជនចាស់ជរាធាក់ស៊ីក្លូអាយុ៨៩ឆ្នាំ” នៅទីក្រុងភ្នំពេញ ដែលត្រូវបានសម្តេចតេជោ ហ៊ុន សែន បំពេញបំណងប្រាថ្នារបស់លោកតា គឺថ្ងៃនេះបានទទួលអំណោយផ្ទះដ៏ស្រស់ ស្អាតហើយ ដែលបានប្រគល់ជូនដោយ លោកជំទាវ ហ៊ុន ម៉ាណា ប្រធានមូលនិធិបាយ័ន និងជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចតេជោ។ ផ្ទះនេះប្រសិទ្ឋនាមថា “ផ្ទះទេវតា” ដែលជាអំណោយដ៏ថ្លៃថ្លាររបស់ សម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ឋបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន»។
Facebook Page របស់សម្តេចតេជោ បានជូនពរ លោកតា ពុត សឿន រស់នៅ សុខសប្បាយចាប់ពីពេលនេះតទៅ និងសូមអោយ វប្បធម៌នៃការចែករំលែក និងចេះជួយគ្នាកើតមានដល់ប្រជាពលរដ្ឋនៅទូទាំងប្រទេសផងដែរ៕