(កំពង់ចាម)៖ នាថ្ងៃសៅរ៍ ទី២៣ ខែកញ្ញា ឆ្នាំ២០២៣ លោក ហ៊ុន ម៉ានិត អគ្គនាយក អគ្គនាយកដ្ឋានស្រាវជ្រាវចារកិច្ច និងជាមេបញ្ជាការរង បញ្ជាការដ្ឋានកងទ័ពជើងគោក អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការសមិទ្ធផលនានា នៅវិទ្យាល័យ ហ៊ុន សែន ផ្តៅជុំ ក្នុងឃុំផ្តៅជុំ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសប្បុរសជននានា។

លោក ហ៊ុន ម៉ានិត បានពាំនាំការសួរសុខទុក្ខ និងការនឹករលឹកពី សម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជូនចំពោះលោកគ្រូអ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋទាំងអស់ ដែលមានវត្តមានក្នុងពិធីនេះ។

លោក ហ៊ុន ម៉ានិត ក៏បានលើកទឹកចិត្តឱ្យក្មួយសិស្សានុសិស្សប្រឹងប្រែងក្នុងការសិក្សា ដើម្បីក្លាយខ្លួនជាធនធានមនុស្សដ៏ល្អក្នុងសង្គម និងអាចមានលទ្ធភាពចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់ការងារកសាងមូលធនមនុស្សឱ្យកាន់តែមានប្រសិទ្ធភាព និងសក្ដានុពល ដើម្បីចូលរួមកសាង និងអភិវឌ្ឍប្រទេសជាតិឲ្យកាន់រីកចម្រើន រុងរឿង និងសម្បូរសប្បាយ។

សមិទ្ធផលទាំងឡាយដែលត្រូវបានសម្ភោធដាក់ឲ្យប្រើប្រាស់នាពេលនេះ រួមមាន៖
១.អាគារសិក្សាមួយខ្នងមាន ៥បន្ទប់
២.ឡដុតសម្រាមមួយ
៣.អាគារធនធានមួយខ្នងមាន ៥បន្ទប់
៤.បន្ទប់កុំព្យូទ័រ ២បន្ទប់ បំពាក់កុំព្យូទ័រ ៣២គ្រឿង LCD Projector ២គ្រឿង ម៉ាស៊ីនត្រូជាក់ ២គ្រឿង និងម៉ាស៊ីនព្រីន ២គ្រឿង
៥.បន្ទប់ពិសោធន៍ចំនួន ២បន្ទប់ពិសោធន៍ មួយសម្រាប់មុខវិជ្ជារូបវិទ្យា-ផែនដី និងមួយទៀត សម្រាប់មុខវិជ្ជាជីវវិទ្យា-គីមី
៦.សាលប្រជុំមួយ បំពាក់ម៉ាស៊ីនត្រជាក់ ចំនួន៤គ្រឿង អាចដាក់សិស្សបានចំនួន ៨០នាក់
៧.បណ្ណាល័យសតវត្យន៍២១ ចំនួន១ បំពាក់គ្រឿងសង្ហារឹម សៀវភៅជាង ៣.០០០ក្បាល បន្ទប់សម្លេង១ បន្ទប់អាហារសម្រន់១ ទទួលសិស្សបាន ៥០នាក់ និងបន្ទប់ដែលសល់ ប្រើសម្រាប់ការងាររដ្ឋបាល
៨.ផ្ទះសម្រាប់គ្រូស្នាក់នៅ ១ខ្នងមាន៣បន្ទប់
៩. តារាងបាល់បោះ១កន្លែង
១០.បង្គន់អនាម័យ ១ខ្នង៥បន្ទប់
១១.អណ្តូងស្នប់ និងធុងស្តុកទឹកចំនួនមួយ
១២.បណ្ណាល័យ១ខ្នង
១៣.របងខាងមុខសាលា ប្រវែង១០០ម៉ែត្រ កម្ពស់២ម៉ែត្រ
១៤.ផ្លូវបេតុង២ខ្សែ ទំហំ៧០០ម៉ែត្រការ៉េ
១៥.កញ្ចុះចំនួន២
១៦.ក្លោងទ្វារសាលា។

នៅក្នុងឱកាសនេះដែរ លោក ហ៊ុន ម៉ានិត ក៏បាននាំយកអំណោយរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ប្រគល់ជូនវិទ្យាល័យ ហ៊ុន សែន ផ្តៅជុំ លោកគ្រូអ្នកគ្រួ និងសិស្សានុសិស្ស រួមមាន៖ លោកគ្រូអ្នកគ្រូ ចំនួន៨៦នាក់ ម្នាក់ៗទទួលបានសៀវភៅសរសេរ១ក្បាល ប៊ិច៤ដើម និងខ្មៅដៃចុច៣ដើម, សិស្សានុសិស្ស ៥៣៣នាក់ ម្នាក់ៗទទួលបានសៀវភៅសរសេរ១ក្បាល ក្រដាសឈុតសំបុត្រ១ដុំ ប៊ិច២ដើម ខ្មៅដៃចុច២ដើម និងបណ្តូលខ្មៅដៃ៤ប្រអប់, និងជូនវិទ្យាល័យសម្រាប់ប្រើប្រាស់ក្នុងបណ្ណាល័យ រួមមាន វចនានុក្រមចំរុះ៥៩ក្បាល សៀវភៅពុម្ពមេរៀនអាន៦១ក្បាល សៀវភៅបង្រៀនអំពីសត្វព្រៃជាភាសាបរទេស៦១ក្បាល សៀវភៅបង្រៀនអំពីសត្វស្រុកជាភាសាបរទេស៦៣ក្បាល សៀវភៅអានជាភាសាបរទេស១០៣ក្បាល និងសៀវភៅរៀនសរសេរភាសាបរទេស និងគូរគំនូរ ៩៨ក្បាល។

ក្រុមហ៊ុន ជីបម៉ុងហ្គ្រូប ក៏បានចូលរួម ឧបត្ថម្ភភេសជ្ជៈ ចំនួន ២.៣០០កេស សម្រាប់ចែកជូន លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋ ដែលចូលរួមក្នុងពិធីនេះ ផងដែរ ដែលម្នាក់ៗទទួលបានមួយកេស៕