(ភ្នំពេញ)៖ ភាគីកម្ពុជា និងភាគីឥណ្ឌាបានលើកឡើងនូវគំនិតផ្តួចផ្តើមឱ្យបង្កើតកញ្ចប់ទេសចរណ៍បែបជំនឿនិងសាសនា ព្រមទាំងឯកភាពក្នុងការជំរុញឱ្យមានជើងហោះហើរត្រង់ភ្នំពេញ-ញូវដែលី ដើម្បីទាក់ទាញភ្ញៀវទេសចរឱ្យកាន់តែច្រើន។

ការឯកភាពនេះធ្វើឡើងក្នុងជំនួបពិភាក្សាការងាររវាងលោក សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោកស្រី ទេវ្យានីឧត្តម ខូប្រាគតិ (Devyani Khobragade) ឯកអគ្គរដ្ឋឥណ្ឌាប្រចាំកម្ពុជា នៅទីស្ដីការក្រសួងទេសចរណ៍, នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងទេសចរណ៍ក្នុងសប្ដាហ៍នេះ។ ភាគីទាំងពីរបានពិភាក្សាអំពីកាលានុវត្តភាព និងសក្តានុពលនានាសម្រាប់កិច្ចសហប្រតិបត្តិការក្នុងការលើកកម្ពស់ និងអភិវឌ្ឍន៍វិស័យទេសចរណ៍នៃប្រទេសទាំងពីរ ក្នុងគោលដៅជំរុញរំហូរទេសចរទៅវិញទៅមកឱ្យកាន់តែប្រសើរឡើង។

សេចក្ដីប្រកាសព័ត៌មានបានបន្តថា «លោករដ្ឋមន្ត្រី និងលោកស្រីអគ្គរដ្ឋទូតក៏បានពិភាក្សាគ្នាលើគំនិតផ្តួចផ្តើមឱ្យបង្កើតកញ្ចប់ទេសចរណ៍បែបជំនឿនិងសាសនា ព្រមទាំងបានឯកភាពគ្នាក្នុងការជំរុញឱ្យមានជើងហោះហើរត្រង់ភ្នំពេញ-ញូដែលី តាមរយៈក្រុមហ៊ុន Cambodia Angkor Air ដើម្បីទាក់ទាញភ្ញៀវទេសចររវាងប្រទេសទាំងពីរឱ្យកាន់តែច្រើន»

លើសពីនេះ លោករដ្ឋមន្ត្រី សុខ សូកេន និងលោកស្រីឯកអគ្គរដ្ឋទូតបានប្តេជ្ញាចិត្តរួមគ្នាលើកកម្ពស់កិច្ចសហប្រតិបត្តិការទេសចរណ៍បន្ថែមទៀត តាមរយៈការលើកកម្ពស់ទំនាក់ទំនងសង្គម វប្បធម៌ សេដ្ឋកិច្ច និងការកសាងទំនាក់ទំនងរវាងប្រជាជននិងប្រជាជន។ ភាគីទាំងពីរក៏បានផ្លាស់ប្ដូរយោបល់គ្នាក្នុងការជំរុញវិនិយោគរបស់ឥណ្ឌាលើឧស្សាហកម្មទេសចរណ៍កម្ពុជា។

គួរជម្រាបថា បច្ចុប្បន្ន កម្ពុជា-ឥណ្ឌាក៏បានគម្រោងអភិវឌ្ឍន៍ទេសចរណ៍រួមគ្នាមួយចំនួន ដូចជាគម្រោងអភិវឌ្ឍន៍ដែលមានផលរហ័ស (Quick Impact Projects - QIP) ចំនួន៣ រួមមាន៖ ទី១-ការអភិវឌ្ឍកម្មវិធីទូរស័ព្ទ ដើម្បីផ្សព្វផ្សាយសហគមន៍ និងអេកូទេសចរណ៍ ទី២-ការលើកកម្ពស់សកម្មភាពអេកូទេសចរណ៍នៅក្នុងសហគមន៍អេកូទេសចរណ៍ផាត់សណ្តាយ នៅខេត្តកំពង់ធំ និងទី៣-ការលើកកម្ពស់ការអភិវឌ្ឍសហគមន៍អេកូទេសចរណ៍បឹងស្នេហ៍ នៅខេត្តព្រៃវែង៕