(ត្បូងឃ្មុំ)៖ លោក ឆាយ វណ្ណា លេខាធិការគណ:កម្មការកិច្ចការបរទេសសហប្រតិបតិការអន្តរជាតិ ឃោសនាការ និងព៌ត៍មាន និងជាលេខាធិការក្រុម សមាជិកព្រឹទ្ធសភាភូមិភាគ២នៃព្រឹទ្ធសភា នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៣នេះ បានចុះជួបសំណេះសំណាល និងសួរសុខទុក្ខក្រុមប្រឹក្សាឃុំជីរោទិ៍២ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។
ស្ថិតក្នុងឱកាសនេះ លោកបានថ្លែងកោតសរសើរ និងលើកទឹកចិត្ត ព្រមទាំងបានថ្លែងអំណរគុណចំពោះការផ្តល់សេវាសាធារណ:ជូនប្រជាពលរដ្ឋនិងជួយដោះស្រាយសំណូមពរប្រជាពលរដ្ឋបានយ៉ាងល្អ និងខិតខំបន្តដោះស្រាយបញ្ហាដែលនៅសេសសល់តាមសំណូមពររបស់ប្រជាពលរដ្ឋ។
ជាមួយគ្នានេះដែរ លោកក៍បានជំរុញការអនុវត្តគោលនយោបាយភូមិ ឃុំមានសុវត្ថិភាពទាំង៧ចំណុចឲ្យកាន់តែល្អប្រសើរថែមមួយកម្រិតទៀត ដើម្បីប្រជាពលរដ្ឋរស់នៅប្រកបដោយសេចក្តីសុខក្សេមក្សាន្ត។
ទន្ទឹមនោះចំពោះការបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភានីតិកាលទី៥ដែលនឹងប្រព្រឹត្តិទៅថ្ងៃ២៥ខែកុម្ភ: ឆ្នាំ២០២៤ខាងមុខនេះ,លោក ឆាយ វណ្ណា បានលើកឡើងឱ្យសមាជិកក្រុមប្រឹក្សាឃុំជីរោទ៍២ទាំងអស់ត្រូវត្រៀមលក្ខណ:ដើម្បីអញ្ជើញទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នា ដើម្បីបន្តរក្សាសន្តិភាព សមិទ្ធផល និងការអភិវឌ្ឍ។
មិនត្រឹមតែជួបសំណេះសំណាលប៉ុណ្ណោះទេ លោក ឆាយ វណ្ណា ក៏បាននំាយកអំណោយចែកជូនក្រុមប្រឹក្សាឃុំទាំងអស់ក្នុងម្នាក់ៗទទួលបាន សារុ៉ង១ និងថវិកាចំនួន ២០,០០០រៀលផងដែរ៕