(កំពង់ស្ពឺ)៖ កាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣ លោកស្រី ថោង សុខខេង ត្រូវបានកម្លាំងអាវុធហត្ថចាប់ខ្លួនតាមដីការបញ្ជាររបស់ព្រះរាជអាជ្ញា នៅតាមផ្លូវខណៈលោកស្រីព្យាយាមគេចខ្លួនចេញ ពីវីឡា បុរី K01 សង្កាត់ស្នោរ ខណ្ឌកំបូល ចូលក្នុងទីក្រុងភ្នំពេញ។ បច្ចុប្បន្ន លោកស្រី ត្រូវបានចៅក្រមស៊ើបសួរ សម្រេចឃុំខ្លួនបណ្តោះអាសន្ន នៅមណ្ឌលអប់រំកែប្រែ ម២ ។

ចំណែកឯបក្ខពួកផ្សេងទៀតរួមមានលោក អ៊ុន សុផល រស់នៅខេត្តកំពង់ស្ពឺ និងលោកឧត្តមសេនីយ៍ទោ ប៉ែន សេរីមុន្នី ធ្វើការនៅការិយាល័យបណ្តុះបណ្តាល នៃនាយកដ្ឋានបុគ្គលិកក្រសួងការពារជាតិ កំពុងរត់គេចខ្លួន។

យោងតាមឯកសារនានាដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន ចាប់ពីខែមិថុនា ឆ្នាំ២០២៣ បានបញ្ជាក់ថា កាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១២កន្លងទៅ អ្នកវិនិយោគជនជាតិជប៉ុន បានទិញដីចំនួន ៣២៨ហិកតា មានតម្លៃសរុប ៩៥១ ២០០ដុល្លារសហរដ្ឋអាមេរិក ស្ថិតនៅភូមិអញ្ញាសេះ និងភូមិត្រពាំងខ្លុង ឃុំទ័ពមាន ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ពីលោកស្រី ថោង សុខខេង តាមរយៈការដឹកនាំបញ្ចុះបញ្ចូលដោយលោក ប៉ែន សេរីមុន្នី ជាមន្រ្តីយោធា។

ដោយមានការទួលស្គាល់ពីអាជ្ញាធរ ភូមិ ឃុំ និងស្រុក ព្រមទាំងមានមេធាវី និងសាក្សីដឹងឮលើលិខិតផ្ទេសិទ្ធិកាន់កាប់ដី៣ច្បាប់ និងបានប្រគល់ប្រាក់គ្រប់ចំនួនទៅឲ្យលោកស្រី ថោង សុខខេង ទៅតាមដំណាក់កាលនៃកិច្ចសន្យាយ៉ាងពិតប្រាកដ។

បើតាមការស្រាយបំភ្លឺ ពីជនរងគ្រោះ និងជាដើមបណ្ដឹងជនជាតិជប៉ុន បានបកស្រាយថា លោកស្រី ថោង សុខខេង និងបក្ខពួកដែលបានរត់គេចខ្លួនខាងលើ រួមទាំង បុលគ្គលពាក់ព័ន្ធផ្សេងទៀត បានធ្វើការរារាំង និងរំខានគ្រប់រូបភាព លើគំរោង វិនិយោគរបស់លោក ធ្វើយ៉ាងណាឲ្យតែបានផលប្រយោជន៍នៅចំពោះមុខរបស់ខ្លួនរយៈពេលខ្លី។

លោកបានបន្តថា លោកមានការខាតបង់ពេលវេលា ប្រាក់កាស យ៉ាងច្រើនមហិមា និងខូចបង់កិត្តិយសយ៉ាងសម្បើម ក្នុងនាមជាអ្នកវិនិយោគ ព្រោះតែមានការឆបោក ពីក្រុមខាងលើ មិនអាចឲ្យលោកធ្វើការអនុវត្តន៍ គម្រោងបណ្តាក់ទុនរកស៊ីធំៗ នៅកម្ពុជាមានច្រើនមុខ ដូចជា៖

១៖ ដីចំនួន ៣២៨ ហិកតា ដែលបានទិញ ពីលោកស្រី ថោង សុខខេង លោកមានគម្រោងអភិវឌ្ឍន៍ជាការដាំដុះ ដំណាំ កសិឧស្សហកម្ម និង កសិទេសចរណ៍។

២៖ ការបើកកសិដ្ឋានចិញ្ចឹមសត្វ មាន់ ជ្រួក ស្ថិតក្នុងស្រុកថ្ពង មានផ្ទៃដីសរុប ១១៧ហិកតាបានបើកដំណើរការចាប់ពីឆ្នា២០១២មក។

៣៖ ការដាំដុះដំណាំ ពោតនៅខេត្ត កំពត ដើម្បី ផ្គត់ផ្គង់និង ផលិតជាចំណីសត្វ នៅឆ្នាំ២០១៤។

៤៖ ការទាក់ទាញ ក្រុមហ៊ុនជប៉ុនដែលមានទីស្នាក់ការ នៅប្រទេសម៉ាឡេស៊ី លើជំនាញ ផ្គត់ផ្គង់គ្រាប់ពួជស្មៅ ស៊ូព័រ ស៊ុលហ្គាំ សម្រាប់ផលិតចំណីសត្វ ឆ្នាំ២០១៥។

៥៖ ការបង្កើតសាលាអប់រំបណ្តុះបណ្តាលកុមារ ថ្នាក់មត្តេយ្យដល់កុមារដោយមិនគិតថ្លៃ នៅខណ្ឌទូលគោក រាជធានីភ្នំពេញ ចាប់ពីឆ្នាំ២០១៤។

៦៖ ការបង្កើតកម្មវិធី ផ្សេងៗដើម្បីផ្លាស់ប្តូរ វប្បធ៌មរវាង ប្រទេសទាំ២ កម្ពុជាជប៉ុនឲ្យកាន់តែមានភាពជិតស្និទ្ធ រវាងប្រជាជនប្រទេស កម្ពុជា និង ប្រទេសជប៉ុន លើវិស័យ អប់រំ កីឡា និង ការធ្វើទំនាក់ទំនងពាណិជ្ចកម្មជាដើម ដែលមានគម្រោងទឹកប្រាក់រាប់លានដុល្លារសហរដ្ឋអាមេរិក។

អ្នកវិនិយោគខាងលើ បានប្រាប់ថា ពីដើមលោកមកលេងប្រទេសកម្ពុជា ក៏បានមើលឃើញពីសក្តានុពលទៅថ្ងៃអនាគត នៃការអភិវឌ្ឍរបស់ប្រទេសកម្ពុជា និង គោលនយោបាយគាំទ្រអ្នកវិនិយោគ រួមទាំងភាពចម្រើនយ៉ាងឆាប់រហ័ស ក្រោមការដឹកនាំរបស់អតីតនាយករដ្ឋមន្ត្រី សម្តេចតេជោ តាំងពីឆ្នាំ២០១២ លោកក៏សម្រេចចិត្តដាក់ទុនរកស៊ីលើមុខរបរជាច្រើន។

ជាអកុសល បន្ទាប់ពីបានទិញដី និងជួលដីទៅឲ្យលោកស្រី ថោង សុខខេង វិញដើម្បី ធ្វើចំការដាំដុះអំពៅជាលក្ខណៈឧស្សាហកម្ម រយៈពេល៥ឆ្នាំគិតចាប់ពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៤ ដល់ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៩ លោកស្រី ថោង សុខខេង និងបក្ខពួកមិនព្រមប្រគល់ដីមកឲ្យលោកវិញទេ ទើបលោកបានដាក់ពាក្យរក្សាការពារ ដីខាងលើតែមិនបានសម្រេចចំនួន២លើក ។ ជាហេតុលោកបានសម្រេចចិត្តដាក់ពាក្យបណ្តឹង ទៅកាន់នគរបាលយុត្តិធ៌មរហូតឈានដល់ការ ចាប់ខ្លួនតាមដីការបញ្ជាររបស់ព្រះរាជអាជ្ញា និងត្រូវបានចៅក្រមស៊ើបសួរ សម្រេចឲ្យឃុំខ្លួន បណ្តោះអាសន្ន នៅមណ្ឌលអប់រំកែប្រែ «ម២» នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៣។

ឆ្លៀតក្នុងឧកាសនេះ លោកក៏បានបន្ថែមប្រាប់ សារព៌តមាន Fresh News ថា កសិដ្ឋានចិញ្ចឹមសត្វរបស់លោក ដែលមានប័ណ្ណកម្មសិទ្ធិកាន់កាប់ស្របច្បាប់ ទំហំសរុប ១១៧ហិចតាស្ថិតនៅភូមិ អូរស្នួល ឃុំទ័ពមាន និងភូមិស្យា ឃុំយាអង្គ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ក៏ត្រូវបានរំលោភបំពានចូលកាន់កាប់ស្ទើរអស់មួយចំនួន ដែលខ្លះជាមន្ត្រីយោធាផងដែរ។

នៅឆ្នាំ២០២០ ក្រុមការងារ លោកបានដាក់ពាក្យស្នើសុំទៅមន្ទីរសុរិយោដី ដើម្បីស្វែងរកបង្គោលព្រំដី ឡើងវិញ និងបានជីកដាំបង្គោលរបង ការពារទ្រព្យសម្បត្តិរបស់ខ្លួន ស្រាប់តែមានមន្រ្តីយោធាម្នាក់ បានបញ្ជាឲ្យកូនឈ្នួលខ្លួន ចេញមករារាំង ប្រើប្រាស់ពាក្យសំដី ជេរប្រមាថ លើមន្ត្រី សុរិយោដី មន្ត្រីចូលរួមថ្នាក់ស្រុក ខេត្ត និងម្ចាស់ដីគ្រប់ពេល ហើយថែមទាំងបានយកគ្រឿងចក្រ មកកាយផ្លូវចេញ ចូលឡាន បង្ឃាំងដំណើរ របស់ក្រុមម្ចាស់ដី និងគំរាមថា នឹងមានគ្រោះថ្នាក់បើសិនជាហ៊ានឈានជើងចូលដីនោះម្តងទៀតជាដើម។

មិនអស់ចិត្តក្រុមមន្រ្តីយោធាទាំងនោះ និងបក្ខពួកខាងលើបានបំភ្លៃ ប្តឹងបទព្រហ្មទណ្ឌសំណុំរឿង លេខ ១៣៧១ ចុះថ្ងៃទី២៦ខែ វិច្ឆិការឆ្នាំ ២០២០ នៅសាលាដំបូងខេត្តកំពង់ស្ពឺ មកលើក្រុម ម្ចាស់ដីដែលមានលោក គ្រួច សុភារិទ្ធិជា តំណាងទៀតផង។

បច្ចុប្បន្នអ្នកវិនិយោគជនជាតិ ជប៉ុន (សញ្ជាតិខ្មែរ) បាននិងកំពុងរងភាពអយុត្តិធ៌មពីការឆបោក ដីចំនួន ៣២៨ហិចតា ពីលោកស្រី ថោង សុខខេង និងបក្ខពួកមួយករណី ពីការរំលោភបំពានកាន់កាប់ដី ដោយហិង្សាលើដីចំនួន១១៧ហិចតា ពីសំណាក់ក្រុមខាងលើមួយករណីរងគ្រោះដោយ បណ្តឹងព្រហ្មទណ្ឌសំណុំរឿង លេខ ១៣៧១ ចុះថ្ងៃទី២៦ខែ វិច្ឆិការឆ្នាំ ២០២០ នៅសាលាដំបូងខេត្តកំពង់ស្ពឺ មកលើអ្នកទទួលសិទ្ធិកាន់កាប់ដី របស់លោកមួយករណី។

ក្រៅពីនេះលោកបាន ខាតបង់ពេលវេលា ដើមទុន និងឱកាសវិនិយោគ យ៉ាងច្រើនសន្ធឹកលើវិស័យ កសិឧស្សាហកម្ម សេវាកម្ម វិស័យអប់រំ និងបាត់ឧកាសក្នុងការទាក់ទាញ វិនិយោគិនជនជាតិជប៉ុនផ្សេងទៀត មកបណ្តាក់ទុនរកស៊ី នៅកម្ពុជាទៀតផង។

ជាចុងក្រោយ លោក ហ្កូតូ ជូអេ និងអ្នកតំណាង លោកគ្រួច សុភារិទ្ធិ សំណូមពរគោរពជូនសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដ៏ខ្ពង់ខ្ពស់ពិសេសសាលាដំបូងរាជធានីភ្នំពេញ និងសាលាដំបូងខេត្តកំពង់ស្ពឺ មេត្តាជួយផ្តល់យុត្តិធ៌មដល់រូបលោក ដើម្បីរូបលោកមានឧកាសចូលរួមចំណែកអភិវឌ្ឍន៍ ជាមួយរាជរដ្ឋាភិបាលកម្ពុជា តាមរយៈវិស័យឯកជនជាបន្តទៀត៕

លោក ប៉ែន សេរីមុន្នី

លោក អ៊ុន សុផល ហៅ ទូច

ដីការ បង្គាប់ របស់ចៅក្រម ស៊ើប សួរ

លោកស្រី ថោង សុខេង