(សៀមរាប)៖ ថ្នាក់ដឹកនាំ និងបុគ្គលិកមន្ទីរសុខាភិបាល ខេត្តសៀមរាប នៅថ្ងៃទី១១ ខែសីហានេះ បានប្រកាសគាំទ្រយ៉ាងពេញទំហឹង នូវលិខិតចំហ របស់ក្រសួងសុខាភិបាល ដែលចេញប្រតិកម្មភ្លាមៗ ទៅលើលិខិតមិត្តអ្នកអានមួយ ដែលមានចំណងជើងថា៖ «ក្រសួងខ្លះភ្ញាក់រឮក ខណៈសុខាភិបាលដេកសម្ងំ» ចេញផ្សាយដោយការសែតភ្នំពេញប៉ុស្តិ៍ កាលពីថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៦។
ការចេញផ្សាយរបស់ការសែតភ្នំពេញប៉ុស្តិ៍នេះ មន្ទីរសុខាភិបាលខេត្តសៀមរាប មិនទទួលយកជាដាច់ខាត ចំពោះពាក្យថា «សុខាភិបាលសម្ងំដេក» ព្រោះសព្វថ្ងៃថ្នាក់ដឹកនាំ និងបុគ្គលិកដែលជាមន្ត្រីរាជការសុខាភិបាលទាំងអស់ រួមមាន វេជ្ជបណ្ឌិតឯកទេស វេជ្ជបណ្ឌិត គ្រូពេទ្យ ឱសថការី ទន្តបណ្ឌិត ទន្តពេទ្យ គិលានុបដ្ឋាក គិលានុបដ្ឋាកយិកា ឆ្មប បាននិងកំពុងខិតខំ ប្រឹងប្រែងបំពេញភារកិច្ច តាមតួនាទីរៀងៗខ្លួនយ៉ាងសកម្ម ដោយយកចិត្តទុកដាក់បំផុត ដើម្បីផ្តល់សេវាជូនប្រជាពលរដ្ឋ ប្រកបដោយគុណភាព និងគោរពក្រមសីលធម៌វិជ្ជាជីវៈ ហើយការផ្តល់សេវានេះ ២៤ម៉ោងលើ២៤ម៉ោង គ្មានថ្ងៃសម្រាក គ្មានថ្ងៃបុណ្យ គ្មានថ្ងៃលំហែកាយទេ។
មន្ទីរសុខាភិបាល ដែលមានហេដ្ឋារចនាសម្ព័ន្ធកំពុង មានការរីកចំរើន និងការងារគ្រប់គ្រងយ៉ាងច្បាស់លាស់ រួមមាន៖ បុគ្គលិកសរុបចំនួន៨៩៨នាក់ ការិយាល័យសុខាភិបាលស្រុកប្រតិបត្តិចំនួន៤ មន្ទីរពេទ្យខេត្តចំនួន១ មន្ទីរពេទ្យស្រុកចំនួន៤ មណ្ឌលសុខភាពចំនួន៩១ និងប៉ុស្តិ៍សុខភាពចំនួន៣ ដែលកំពុងតែផ្តល់សេវា ជូនប្រជាពលរដ្ឋទូទាំងខេត្តសៀមរាប ដែលមានប្រជាជនគ្របដណ្តប់ ប្រហែលមួយលាននាក់ ជាពិសេសនៅខេត្តសៀមរាប មានមន្ទីរពេទ្យគន្ធបុប្ផា និងមន្ទីរពេទ្យកុមារអង្គរ ដែលផ្តល់សេវាដល់កុមារ និងស្រ្តីនៅក្នុងខេត្ត និងខេត្តជាប់ព្រំប្រទល់។
មន្ទីរសុខាភិបាលខេត្តសៀមរាប សូមថ្កោលទោសនូវជនអគតិមួយចំនួន ដែលបានរិះគន់ វាយប្រហារ ឬប្រើប្រាស់សម្តីណាមិនសមរម្យ មកលើវិស័យសុខាភិបាល ជាពិសេសលើការផ្តល់សេវា របស់បុគ្គលិកសុខាភិបាលដែលបាលខិតខំ បំពេញការងារលះបង់ទាំងកំលាំងកាយចិត្ត ជាពិសេសពេលវេលា គ្មានថ្ងៃ គ្មានយប់ គ្មានថ្ងៃសម្រាក គ្មានថ្ងៃបុណ្យទេ។ ដូច្នោះសូមជនអគតិទាំងឡាយ សូមមើលឃើញនូវអំពើល្អ ការលះបង់ និងឆន្ទៈ របស់គ្រូពេទ្យផង៕