(ភ្នំពេញ)៖ មហាឧបាសិកាពុទ្ធសាសនូបត្ថម្ហក៍ លឹម សៀក, លោកបណ្ឌិត រុន រ័ត្នវាសនា និងលោកស្រី ជា សុវណ្ណនី ព្រមទាំងបុត្រ, លោក ហ៊ុយ ហ៊ឺន និងលោកស្រី ស្រី វណ្ណា ព្រមទាំងបុត្រ បានប្រារព្ធពិធីបុណ្យបំបួសកុលបុត្រ ក្នុងព្រះពុទ្ធសាសនា (បំបួសនាគ) សាងភ្នួសកុលបុត្រចំនួនពីររូប ក្នុងនោះរួមមាន លោក ហ៊ុយ ច័ន្ទពិសិដ្ឋ និងលោក ហ៊ុយ វាសនា ដើម្បីសងគុណដល់មាតាបិតា និងបម្រើដល់ព្រះពុទ្ធសាសនា។

ពិធីនេះប្រារព្ធធ្វើនៅថ្ងៃសៅរ៍ ទី២៣ ខែកញ្ញា ឆ្នាំ២០២៣នេះ នៅវត្តឱណ្ណាលោម ស្ថិតនៅក្នុងសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ពិធីបំបួសនាគមានន័យថា ជាការបំបួសកុលបុត្រមិនថាក្មេង ឬចាស់ឡើយ ឱ្យតែបុគ្គលនោះមានសទ្ធាចង់ក្លាយជាព្រះសង្ឃ។ ចំពោះការបំបួសប្រសិនបើបុគ្គលនោះ ចង់បួសត្រឹមតែជាសាមណេរ គឺមិនប្រកាន់អាយុឡើយ តែបើចង់បួសជាភិក្ខុទាល់តែមានអាយុចាប់ពី២០ឆ្នាំឡើងទៅ ទើបអាចបួសបាន។ ចំណែកឯបុគ្គលដែលហៅថានាគ គឺជាអ្នកដែលត្រូវបួស ស្ថិតនៅក្នុងពេលរៀបចំបំបួសនេះ។ លុះពេលបំបួសរួចបុគ្គលនោះនិងក្លាយជាព្រះសង្ឃ លែងជានាគទៀតហើយ។

ការបួសជាព្រះសង្ឃមានន័យថា ព្រះសង្ឃរូបនោះ ចង់បំពេញបុណ្យកុសលក្នុងព្រះពុទ្ធសាសនា និងចង់បំពេញភារកិច្ចជាកូនប្រុសសងគុណមាតាបិតា និងម្យ៉ាងវិញទៀត គឺចង់បម្រើដល់ព្រះពុទ្ធសាសនានេះតែម្តង។ ជាមួយគ្នានោះ លក្ខខណ្ឌនៃការបួសព្រះសង្ឃបានកំណត់ថា ចំពោះបុគ្គលដែលចង់បួស ទី១៖ បុគ្គលខ្លួនអែងត្រូវមានកាយសម្បទាគ្រប់គ្រាន់ ទី៖ ២ ត្រូវតែមានការអនុញ្ញាតពីមាតាបិតា ទី៣៖ ត្រូវតែជាអ្នកមិនជាប់បំណុលគេ និងទី៤ បុគ្គលនោះមិនជាអ្នកជាប់ទោស។ បើបុគ្គលនោះមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ហើយមានសទ្ធាចង់បួសទៀត បុគ្គលនោះអែង អាចបួសពេលណាក៏បាន ព្រោះពិធីបំបួសនាគ អាចធ្វើបានពេញមួយឆ្នាំ មិនមានការកំណត់ឡើយ ប៉ុន្តែបើបំបួសនៅថ្ងៃ១៤កើត(ថ្ងៃកោរ)ខែអាសាឍ មុនចូលព្រះវស្សា២ថ្ងៃ គឺល្មមពេលគ្នា នឹងព្រះសង្ឃគង់ចាំព្រះវស្សារយៈពេល៣ខែ តាមព័ទ្ធសីមារបស់ព្រះសម្មាសម្ពុទ្ធ ហើយអ្នកបួសថ្មីយកពេលគង់ចាំព្រះវស្សានេះ សិក្សាគម្ពីរធម៌ រៀនសូត្រធម្មវិន័យផ្សេងៗបានតាមការគួរ។

សូមបញ្ជាក់ផងដែរថា នៅក្នុងពិធីបំបួសនាគ គេត្រូវរៀបចំធ្វើតាមប្រពៃណីបុរាណ ដូចជា ពិធីកោរសក់ ពិធីជូនត្រ័យចំពោះលោកអ្នកមានគុណ ពិធីក្រុងពាលី ពិធីបង្វិលពពិល ពិធីធ្វើធ្មេញនាគ ពិធីកួចចំណងដៃនាគ ពិធីលាបប្រេងម្សៅ ពិធីចម្រើនព្រះបរិត្តនាគពិធីហែនាគ ៣ជុំព្រះវិហារ ពិធីចូលព្រះវិហារ ពិធីនាគវន្ទាចំពោះព្រះពុទ្ធរូប ពិធីនាគវន្ទាព្រះឧបជ្ឈាយ៍ ពិធីសុំនិស្ស័យបំបួសនាគ ព្រះឧបជ្ឈាយ៍ ព្រះសង្ឃហត្ថាបាស ចម្រើនពុទ្ធជ័យមង្គល ពិធីពហុទេវាសាមណេរវន្ទា លាញោមប្រុស-ស្រី លោកតា លោកយាយ ដើម្បីសាងផ្នួស និងពិធីកប់សក់ដើម្បីសុំសេចក្ដីសុខ ផងដែរ៕