(ប៉េកាំង)៖ ព្រឹកថ្ងៃទី ២៣ ខែកញ្ញា នៅសណ្ឋាគារភ្ញៀវជាតិ Xihu ក្រុង Hangzhou (ហាងចូវ) លោក Xi Jinping ប្រធានរដ្ឋចិនបានជួបសន្ទនាជាមួយព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ដែលយាងមកក្រុងហាងចូវ ដើម្បីយាងចូលរួមពិធីសម្ពោធបើក ការប្រកួតកីឡាអាស៊ីលើកទី១៩។

លោក Xi Jinping បានថ្លែងថា រីករាយខ្លាំងណាស់ដែលបានជួបនឹងព្រះមហាក្សតម្តងទៀត។ ឆ្នាំ២០២៣នេះជាខួបលើកទី ៦៥ឆ្នាំ នៃការបង្កើតទំនាក់ទំនងការទូតចិននិងកម្ពុជា និងឆ្នាំមិត្តភាពចិនកម្ពុជា។ ឆ្នាំនេះក៏ជាខួប ១០ ឆ្នាំដែលខ្ញុំលើកឡើងនូវគំនិត ដែលស្និតស្នាល ស្មោះត្រង់ ផ្តល់ផលប្រយោជន៍ និងបរិយាប័ន្នជាមួយប្រទេសជិតខាង។ ខ្ញុំសម្គាល់ថា ទំនាក់ទំនងចិន-កម្ពុជាបានបង្ហាញជាក់លាក់ចំពោះគំនិតនេះ និងគោលការណ៍ការទូតរបស់ចិនដែលគោរព ប្រទេសជិតខាងនិងរាប់អានដៃគូ ដែលជាប្រទេសជិតខាង។ ជឿថា ក្រោមការខិតខំរួមរបស់ភាគីទាំងពីរ ការកសាងសហគមន៍រួមវាសនាចិននិងកម្ពុជា នឹងបន្តស៊ីជម្រៅកាន់តែជាក់ស្តែង។

លោក Xi Jinping បានបន្តថា ភាគីចិនយកចិត្តទុកដាក់ចំពោះចំណងមិត្តភាពពិសេសជាមួយព្រះរាជវង្សានុវង្សកម្ពុជា ហើយយកចិត្តទុកដាក់កម្រិតខ្ពស់ចំពោះការអភិវឌ្ឍទំនាក់ទំនងចិន-កម្ពុជា គាំទ្រភាគីកម្ពុជាដើរតាមមាគ៌ាអភិវឌ្ឍន៍ ដែលសមស្របនឹងសភាពការណ៍ជាតិរបស់ខ្លួន នឹងបន្តខិតខំពេញទំហឹង ដើម្បីគាំទ្រកម្ពុជាសម្រេចបាននូវស្ថិរភាពនិងការអភិវឌ្ឍ ក៏ដូចជាគាំទ្រកម្ពុជាដើរតួនាទីកាន់តែសំខាន់ក្នុងឆាកអន្តរជាតិនិងក្នុងតំបន់។

ជាការឆ្លើយតប ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានមានព្រះបន្ទូលថា ខ្ញុំមានកិត្តិយសណាស់ដោយបានដឹកនាំគណៈប្រតិភូ មកដល់ទីក្រុងហាងចូវដ៏ស្រស់ស្អាត ដើម្បីចូលរួមពិធីសម្ពោធបើកការប្រកួតកីឡាអាស៊ីលើកទី ១៩។ ប្រទេសចិនបានរៀបចំការប្រកួតកីឡាអាស៊ីចំនួន២លើក ដោយជោគជ័យរួចមកហើយ ខ្ញុំជឿថា ក្រោមការដឹកនាំដ៏រឹងមាំរបស់លោកប្រធាន Xi Jinping ប្រទេសចិនមុខជាអាចផ្តល់ជូនព្រឹត្តិការណ៍កីឡាដ៏អស្ចារ្យម្តងទៀតចំពោះពិភពលោកជាមិនខាន ក៏នឹងរួមចំណែកដ៏ថ្មីដល់ការជំរុញសាមគ្គីភាព និងមិត្តភាពនៃមហាក្រុមគ្រួសារទ្វីបអាស៊ី។

ប្រជាជនកម្ពុជាចងចាំជានិច្ច នូវចំណងមិត្តភាពដូចជាបងប្អូនដែលព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ បានរឹតភ្ជាប់ជាមួយមេដឹកនាំចិន នឹងថែរក្សាមេត្រីភាពដែកដែបដែលបង្កើតឡើងដោយប្រទេសទាំងពីរកម្ពុជាចិន ឯកភាពទាំងស្រុងចំពោះទស្សនៈគំនិត ការទូតដ៏ស្និតស្នាល ស្មោះត្រង់ ផ្តល់ផលប្រយោជន៍ និងបរិយាបន្នជាមួយប្រទេសជិតខាង ដែលលោកប្រធានបានលើកឡើង។កម្ពុជាប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់នូវគោលការណ៍ចិនតែមួយ មានឆន្ទៈចាប់ដៃជាមួយចិន ដើម្បីរួមគ្នាកសាង “ខ្សែក្រវាត់និងផ្លូវ” បង្កើតសហគមន៍រួមវាសនាកម្ពុជាចិន។ សូមជូនពរមិត្តភាពកម្ពុជាចិនស្ថិតស្ថេរគង់វង្សជាអមតៈ!

អត្ថបទ និងរូបភាពដោយវិទ្យុមិត្តភាពកម្ពុជាចិន